ផ្កាស្រពោន - ភាគទី ៩

សៀមរាបជាកូនក្រុងមួយ ស្អាតញញឹម លំអរដោយថ្នល់ដែលមានរុក្ខជាតិចោលម្លប់ទៅ​លើ​ត្រឈឹងត្រឈៃ និងដោយកូនស្ទឹងតូចមួយ ដែល​មានទឹកថ្លាហ្វង់ ហូរមក​បង្វិល​រហាត់ធ្វើឱ្យ​លឺសំឡេងថ្ងូរយ៉ាង​ស្រងេះស្រងោច។ អ្នកដំណើរណាក៏តែង​ប្រតិព័ទ្ធ​ស្រលាញ់​​ទី​ប្រជុំជននេះ។​

នៅ​សាយណ្ហកាល រថយន្តបើកចូល​ក្នុងក្រុងសៀមរាប​ ហើយទៅ​ឈប់ចតនៅ​ត្រង់ផ្សារវិល។ អ្នកដំណើរ​ទាំងពួង​ក៏ប្រញិប​ប្រញាប់​ចុះពី​លើឡាន ម្នីម្នារកអីវ៉ាន់​រៀង​ខ្លួន។ យាយ​នួន​គាត់​ឈរ​នៅ​ចិញ្ចើម​ថ្នល់ ហើយ​រំពៃ​រកមើលឆ្វេងស្ដាំ។ ខណៈនោះ មាន​បុរសម្នាក់​ ជា​កណ្ដាល​មនុស្សពាក់​អាវ​ទេស​ឯកស ស្លៀកខោឡាញ់ខ្មៅ ដើរចូល​មកជិតគាត់ហើយលើកដាំសំពះ៖

- ខ្ញុំជំរាបសួចែ។
យាយនួន​គាត់ដាក់ភ្នែកមកចំ៖
- ឱ! បេងជុនទេនេះ ឯងខំសំឡឹងរកមើល...
- ចែ! ឯណាអីវ៉ាន់ចែខ្លះ? ខ្ញុំនឹង​អាលឱ្យគេ​ជញ្ជូន​ដាក់រ៉ឹម៉កទៅ
- ​បេងជុន​អើយ ខ្ញុំគ្មានអីទេព្រោះបន្ទាន់ណាស់ រកស្អីៗ គ្រាន់ជាបញ្ញើក៏មិនបានផង។
- ចាំផ្ញើធ្វើអីចែន៎ុះ តែអញ្ជើញ​មកលេងខ្ញុំ ក៏អរ​ទៅ​ហើយ។
- យីអាវី ឯងសំពះសួរមា។ កញ្ញានេះលឺហើយ ក៏លើកដៃសំពះ ជំរាបសួរ​ទៅលោក​បេងជុន។

លុះ​អ្នកធាក់រ៉ឺម៉ក បានជញ្ជូន​វ៉ាលីសទាំង​ពីរដាក់ស្រេច​បាច់ហើយ យាយនួន នាងវិធាវី ព្រមទាំង​ម៉ែផៃ នាំគ្នាឡើងជិះក្នុងយាន។ ឯឈ្មោះ​បេងជុន ក៏ឡើងជិះ​ប៊ីស៊ី​ក្លេតអមរ៉ឺម៉ក ហើយនិយាយ​សួរ​សុខទុក្ខ​តាមធម្មតាទៅ។​

ឈ្មោះបេងជុននេះ ជាអ្នកមានធនធាន​មួយ​ គ្រាន់បើ​នៅ​ក្នុងខេត្តសៀមរាប។​ គាត់ធ្លាប់នៅ​ធ្វើជំនួញ​ស្រូវ​ឯបាត់ដំបង ហើយតែង​មាន​ពឹងពាក់គ្នាទៅមក នឹង​ខ្មោចឪពុកនាង​វិធាវី។ ឯមេត្រី​ភាព ក៏​កើត​ឡើង​រវាងគ្រួសារ​ទាំងពីរ​នាំឱ្យ​រាប់អានគ្នាទៅវិញ​ទៅមក​យ៉ាងស្និទ្ធ។​

ហេតុដែល​បណ្ដាលឱ្យយាយនួន គាត់ដាច់ស្រេច​នាំកូន​គាត់មកកំសាន្ត​អង្គរ​នេះ ពីព្រោះ​តែគិតឃើញដល់ប៉េងជុន​ប៉ុណ្ណោះ​ឯង។ មុនពេលដែលគាត់ចេញដំណើរ​មួយថ្ងៃនោះ គាត់បានពឹង​អ្នកជិត​ខាងឲ្យ​វាយខ្សែលួស​មក​ប្រាប់ឈ្មោះប៉េងជុន ដើម្បី​កំណត់​ពីថ្ងៃ និងពេលដែលគាត់ចេញ​ពី​បាត់ដំបងមកសៀមរាប។​

ផ្ទះប៉េងជុន​សង់នៅត្រើយខាងឆ្វេង ដែលមានដើមចំប៉ាធំៗ​ដុះនៅបាំងពីមុខ។ ក្នុងរបង​ដែល​ធ្វើអំពី​ឥដ្ឋ​នៅ​ប្រប​ថ្នល់នោះ មានចោះជា​ក្លោងទ្វារធំមួយវិចិត្រ​ ទៅដោយផ្កា​កុលាប​ដែល​រីក​ស្រស់បំព្រង។ នៅ​ប្របផ្ទះ​ធំ រថយន្តជិះ​លេងមួយ​ជ្រក​ក្នុងរោងដែល​មានជញ្ជាំងថ្ម ដំបូល​ប្រក់ក្បឿង។ នៅ​មាត់​កំពង់​ចំ​មុខ​លានផ្ទះ កង់រហាត់មួយ​វិលគ្មានស្រាកស្រាន ហើយចាក់ទឹកពីបំពង់ទៅក្នុងទីមួយ ដែល​សម្រាប់​បង្ហូរ​ទៅ​ស្រោច​រុក្ខជាតិ​ក្នុង​ភូមិ​ឋាន។

នាង​វិធាវី កាលបើ​ដល់គេហដ្ឋាន​នេះហើយ ក៏​ហាក់ដូចជាមានអាកាសត្រជាក់​ មករុំ​ស្រោប​កាយនាង​ ព្រោះ​ផ្ទះនេះ​ស្រឡះល្វឹង​ល្វើយ ហើយ​មានតុ ទូ​ធ្វើសុទ្ធតែបេង​ចាស់ មានរបៀប​សមរឥត​មាន​ទាស់ភ្នែក​ នៅ​លើក្ដារ កំរាល​ធ្វើពី​ក្រកោះ​រលីង​ថ្លាដូចកញ្ចក់។​

នាង​សុចិត្រា​ ភរិយានៃបេងជុន ជាស្ត្រីមួយ​មានអាយុជាងសាមសិបឆ្នាំ​ហើយ តែដោយនាងមិន​ដែល​មាន​បុត្រ​នោះ រូបនាងក៏នៅ​ស្រស់​ចំប្រប់​ដូច​ព្រហ្មចារី​សិទ្ធវិស័យ។ កាល​បើឃើញ​អ្នក​ដំណើរ​ទៅដល់​ហើយ នាង​ក៏ស្ទុះ​មក​ទទួល​ដោយសាទរ ហើយ​នាំនាង​វិធាវី និង​យាយ​នួន​​​ទៅ​បង្ហាញ​បន្ទប់​ដែល​បំរុងទុកជូន ដើម្បីឲ្យ​យាយផៃគាត់យកឥវ៉ាន់ទៅទុកដាក់។ រួច​ហើយ​ នាងសុចិត្រា ក៏អញ្ជើញ​អ្នកដំណើរ​ទាំងពីរ​ទៅងូតទឹក ក្នុងបន្ទប់ជំរះកាយ។

ទឹក​ត្រជាក់​ដែល​ហូរ​ស្រប់​រាងកាយ​នាង​វិធាវី បានធ្វើឲ្យ​នាង​មានកំលាំង​ព្រម​ទាំង​យក​សេចក្តី​រំហើយ ក្នុងចិត្តមករំលុប​មន្ទិលសៅហ្មង​បានជា​ច្រើន​ភាគផង។ ដូច្នេះហើយ នាង​ក៏ទទួលដោយ​ញញឹម​ញញែម​ សេចក្តី​អញ្ជើញ​នាំស្ត្រី​ម្ចាស់​ផ្ទះ​ ឲ្យ​ទៅ​ដើរលេង​ក្នុងសួនច្បារ។ នាង​សុចិត្រា កាលបើ​បានគយគន់​ រូបរាង​និង​កិរិយា​ស្រគត់ស្រគំ​នៃ​នាង​វិធាវីហើយ ក៏​មានចិន្ដា​ចាប់​ស្រឡាញ់ ហាក់ដូចជា​ប្អូន​រួម​ផ្ទៃ​តែមួយ​។ នារីទាំងពីរ​នេះ ត្រាច់​កំសាន្ដ​តាមប្រឡោះគុម្ព​ផ្កា ហើយ​សំដី​ដែល​និយាយ​រកគ្នារទូៗ អណ្ដែត​រសាត់​ទៅ​ច្រឡូក​ច្រឡំ និងសត្វនៃ​ភូមិរី​ ដែល​ហើយ​ត្រិប​សុគន្ធមាលា។ នាង​ចរចា... ចរចា ដើរតាមផ្លូវ​ខ្សាច់ ដែល​មានស្មៅ​បៃតង​និង​ផ្កា​គ្រប់ពណ៌អមសងខាង។ នារី​នាងលីលា... លីលាទឹកមុខញញឹម​ប៉ប្រៃ​កណ្ដាល​ទេសភាព​មួយ​ល្អឥតខ្ចោះ។ ជួនប្រទះ​នឹង​ជើង​ម៉ាវែង​ ដែល​ជ្រកក្រោម​ម្លប់ចំប៉ា​មួយធំ ស្រ្តី​ទាំងពីរ​ក៏​នាំគ្នា​អង្គុយ​ព្រលឹងអណ្ដែត​អណ្ដូងទៅឆ្ងាយ ឯ​នេត្រា​គយ​គន់​មើល​រហាត់ទឹក ដែល​វិល​រញើបៗ ហើយ​ថ្ងូរ​ពំនោល​មិនចេះខ្ជិលឡើយ។ វិញ្ញាណ​នាង​វិធាវី ក៏ភ្លឹកស្លុងទៅ​ក្នុងសកលមួយថ្មី ឯ​សេចក្តី​អួលក្ដៅ​ទាំងប៉ុន្មាន​ ក៏ផាត់​ច្រានបានឆ្ងាយមួយ​គ្រាដែរ។​

ប៉ុន្ដែ​ដោយហេតុតែសេចក្តី​សុខសំរាន្ដ​នៃ​មនុស្សលោក មិនដែល​ឋិតថេរ​នៅ​យូរ​បាន សំឡេង​បេងជុន​ដែល​និយាយថា ចែ ខ្ញុំស្ដាយណាស់ កុំតែឡាន​ខ្ញុំវាខូច កុំអី​បើក​ជូន​ចែ​មើល​ប្រាសាទ​លេងសប្បាយ ដូច្នេះ​ក៏​មកកាត់ចិញ្ច្រាំ​ការភ្លាំង​ភ្លេចស្មារតី នៃនារី​នោះអស់ទៅ។ នាង​វិធាវី​ដោះពី​យល់​សប្តិ​ទាំង​ភ្នែក​បើកនេះហើយ ក៏សំឡឹង​មើលទៅ​ឃើញ​ យាយ​នួន​និង​បុរសម្ចាស់ផ្ទះដើរ​ត្រង់​មក។​

យាយនួន​គាត់តប​ទៅ​បេងជុនវិញ៖
- មិនអីទេ​ ជួលតែរទះ​សេះមួយ​ បានហើយ
- ​មិនស្រួលសោះ ចែ! ណ្ហើយ​ស្អែកនេះ ចែអញ្ជើញ​រទេះសេះ​មើលង់តូច​សិនចុះ។ ចំណែកខ្ញុំ ខ្ញុំនឹង​នៅ​ខំ​ធ្វើ​ឡាន​ឲ្យ​រួច​ទាន់ខានស្អែកនេះ ដើម្បីជូន​ចែ​មើលវង់ធំ មើលបន្ទាយ​ស្រី​ ហើយ​ប្រសិន​ជា​មានពេលយើងទៅដល់ភ្នំគូលែនម្ដង។​

នៅ​ក្នុង​ព្រៃដែល​ដុះព័ទ្ធ​បុរាណ​ប្រាសាទនានា មាន​របស់​ពីរយ៉ាង​ដែល​នាំ​បង្កើត​ដួង​ចិត្តទេសចរ​ ឲ្យ​រឹង​រឹត​តែ​ស្រងេះ​ស្រងោច​ខ្លោចផ្សារ ដោយសេចក្តី​ស្តាយ​អាល័យ​ដល់​កេរ្តិ៍​ស្នាដៃ​នៃ​បុព្វបុរសខ្មែរ។​ វត្ថុនោះហាក់ដូចជា​ខ្យល់ព្រលឹង និងសំឡេង​នៃ​ប្រវត្តិ​មាតុភូមិយើង។​

ពេលរសៀល! វេលាដែល​ព្រះ​សុរិយាកំពុងដុត​ចំហុយអស់​ទាំង​ធម្មជាតិ​រៃ​កណ្ដឹង​យំទំលាក់​សំឡេង​ពី​ចុង​ស្រឡៅ ឬ​ចុង​ឈើ​ទាល​ដែល​ខ្ពស់​ត្រដែត​ក្នុងអាកាស។​ សព្ទ​តូរ្យ​តន្ត្រី​ចំឡែកនេះ ​ជ្រាប​ចូល​សព្វ​ពា៌ង្គ​កាយ ហើយ​មករុំស្រោប​បេះដូង នាំឲ្យ​អ្ន​កដំណើរ​ទាំងពួង​យន់​ចិត្ត​អាសូរ​ដល់​ស្រុកកំណើត​ដែលធ្លាប់​ថ្កុំ​ថ្កើង។​

នៅ​ខែ​ចេត្រ​ និងពិសាខ តាមផ្លូវពីក្រុង​សៀមរាប​ទៅអង្គរ​ ផ្ការំដួល​បញ្ចេញ​រំភើយ​ពិដោរក្រអូប​ឈ្ងុយ។​ បើ​ជួន​ជា​មាន​វាយោបក់​បន្តិចៗផង អ្នកដែល​ដើរយកអាកាស​ពេល​ល្ងាច​តាមថ្នល់នេះ នឹង​មាន​ចិត្ត​រសាប់​រសាយ​អណ្ដែត​អណ្ដូង​ប្រហែល​ជា​នឹង​លាន់មាត់ថា ​ទោះ​ជា​ឋាន​តុសិត​ ក៏​មិន​សប្បាយ​ជាជាង​នេះ​មើលទៅ។

ឱ​ក្លិនរំដួល! ឱ​សំឡេងរៃ! កំឡាំង​អ្នក​ដូចជា​ទិព្វ​ឱសថ​ ដែល​អាច​ចូល​មក​រំសាយ​សេចក្តី​សោកសង្រេង​មួយ​ពេល​បាន​។

នៅ​ពេល​រសៀល រទេះ​សេះ​មួយ​បរចូល​តាមក្លោង​ទ្វារ​ខាងកើត​មកក្នុងកំពែង​នគរធំ។ ត្រចៀក​ប្រុង​ស្ដាប់​ភ្នែក​ប្រុង​មើល នាង​វិធាវី​អង្គុយ​អែប​នឹង​មាតាដែល​និយាយ​ចេកចាច នឹង​នាង​សុចិត្រា​គ្មានឈប់​មាត់​ឡើយ។ នាងស្រីក្រមុំ គិត​ក្នុងចិត្តថា៖ "ឱពី​បុរាណកាល​ ម្ល៉េះ​សមមានមនុស្ស​អ៊ូអរ​កុះកុម​ ម្តេច​ឡើយឥឡូវ ក៏វិល​ទៅជាព្រៃស្វា​អស់រលីង​ មុខគួរ​ស្រណោះពេក"។ នៅក្នុង​ពេល​ដែល​ចិត្ត​នាង​កំពុង​តែ​លន្លោច​ទៅ​ក្នុងអតី​ត​សម័យ​នៃ​មាតុភូមិ​ដូច្នោះ ស្រាប់តែ​រទេះសេះ​ឈប់ង៉ក់​ ហើយ​លឺ​នាង​សុចិត្រា​និយាយមកកាន់នាង​ថា "មកក្មួយ យើងចុះ​មើលប្រាសាទ​បាយ័ន​សិន"។ នាង​វិធាវី​ រៀប​ខ្លួន​នឹង​ចុះ​ ទទួល​ងាក​មុខមើលទៅ​ម្ខាង​ថ្នល់​ ឃើញ​អង្គ​ពុទ្ធ​បដិមាមួយ​យ៉ាង​ធំ​បិឹក​បាន ទ​មាស ច្រាល​ឆ្អៅ​គង់​នៅ​ក្នុងរោង​ប្រក់​ក្បឿង​មួយ​។ ឃើញ​ដូច្នេះ​ហើយ នាង​ថ្លែង​ថា ទេមីង​ខ្ញុំចង់​ថ្វាយ​បង្គំ​ព្រះអង្គ​នេះសិន សឹម​យើង​ទៅ​មើល​ប្រាសាទជា​ក្រោយ។​

សេចក្តី​ប្រាថ្នានេះ អ្នក​សហចរ​បាន​យល់ព្រម​ផង​ហើយ​នារីនាង ក៏ទាញ​យក​ទៀន​១ ធូប​៣សរសៃពី​សំណុំ​ ហើយ​ក៏​លីលាទៅកាន់​សំណាក់​ព្រះពុទ្ធរូបអង្គនោះ​។ លំដាប់​ក្រោយ​ដែល​បានអុជ​គ្រឿង​សក្ការបូជារួច នាង​ក៏តាំង​សូត្រ​នមស្ការ​យ៉ាង​ផ្ចិតផ្ចង់។​​ លុះ​ចប់​ហើយ នាង​ក៏​តាំង​នឹក​ប្រាថ្នា​សុំ​តែក្នុង​ចិត្តថា​ ឱ​ព្រះ​អង្គ​ដែល​ធ្លាប់​ស្រោច​ស្រង់​សត្វ​លង់​ទឹក​បាន​ សូម​ព្រះ​អង្គទ្រង់ សន្ដោស​ខ្ញុំ​ព្រះ​ករុណា​ឲ្យ​បាន​ ផុត​រណ្ដៅ​ពីគ្រោះធំ។ ខ្ញុំ​ព្រះ​ករុណា​តាំងពី​ឃើញ​រស្មី​ព្រះអាទិត្យ​មកដល់សព្វថ្ងៃនេះ ខ្ញុំ​ព្រះ​ករុណា​ ឥត​បាន​ធ្វើ​បានជនណា សត្វ​ណាមួយ​ឡើយ។ ខ្ញុំ​ព្រះករុណា​បាន​កាន់​សីល​ប្រាំខ្ជាប់​​មិន​រសាយ បាន​ធ្វើបុណ្យ​បំពេញ​ទានតាម​កំឡាំង​ទ្រព្យ​នៃ​យុវជន​ ហើយ​បាន​ស្គាល់​ព្រះ​ធម៌​ទាំង​ពួង​ផង។ ហេតុនេះ សូម​ព្រះអង្គ​សន្ដោ​សជួយខ្ញុំ​ព្រះករុណា​ ឲ្យ​បាន​រួច​ពីក្រញ៉ាំ​ ចៅណៃស៊ត​កំណាច​ចេញ ហើយ​ឲ្យ​ខ្ញុំ​ព្រះ​ករុណា​ជួប​តែបងប៊ុន ធឿន​ ដែល​ជា​គូព្រេង​កំសត់​រៀងទៅ.. ។ នាង​វិធាវី​កំពុង​តែ​ផ្ចិតផ្ចង់​បន់​យ៉ាង​នេះ ស្រាប់​តែ​មានរថយន្ដ​មួយ​ បើក​មកឈប់​ប្រប​រទេះសេះ។ នាង​ដាក់ភ្នែក​ មើលទៅ​ឃើញ​នាង ថូ និងចៅ​ណៃស៊ត ដើរមក​ចំរោង នាងក៏​លើក​នេត្រា​សំឡឹង ទៅចំព្រះ​ភក្រ្ត​ព្រះពុទ្ធរូប ដែល​នៅតែញញឹមស្ងួត​ដូច​ពីមុខ។ ទឹកភ្នែកក៏ហូរ មកស្រប់មុខនាង។ នាង​នឹក​ក្នុងចិត្ត​ថា៖ "ឱ​ព្រះអង្គអើយ! មារជ្រែក​មកដល់ហើយ"។



ឯ​យាយនួន​ដែលអង្គុយ​រង់ចាំពីក្រោយ​ខ្នងកូនគាត់នោះ​ កាល​បើ​បានឃើញ​ដន្លង​គាត់​មកដល់ ក៏ស្ទុះ​ទៅសាកសួរ​សុខទុក្ខ​ដោយ​រាក់ទាក់។ ក្រោយ​ដែល​បាន​លើកដៃសំពះ​សួរគ្នាទៅវិញទៅមក ជាមួយ​នាងសុចិត្រា​រួច​ហើយ នាង​ថូ ក៏​និយាយ​ទៅ​កាន់​យាយនួន៖

- ចែអើយចែ កាល​ដែល​ខ្ញុំ​ប្រទះ​ចែ​នៅ​ផ្សារ​ស្វាយ​ប៉ោ រួច​ខ្ញុំ​ត្រឡប់​ទៅផ្ទះវិញ​នោះ ខ្ញុំ​បាន​ប្រាប់​ណៃស៊ត​ថា ចែអញ្ជើញ​ទៅលេងអង្គរ​ ន៎ុះ​ណៃស៊ត​ ក៏ចេះ​តែកន្ទក់កន្ទេញ​ឲ្យ​ខ្ញុំ​នាំវាមក ដើម្បី​យក​ឡាន​មកជូន​ចែ​ដើរលេង។​

យាយនួន​គាត់លឺសំដីនេះហើយ គាត់ក៏​ងាក​ទៅមើលមុខ​ចៅ​ណៃស៊ត ហើយ​ទឹក​មុខគាត់​រីកថ្លា ដោយ​សេចក្តី​ប្រតិព័ទ្ធ​យ៉ាង​ជ្រាល​ជ្រៅ។ ឯ​ចៅណៃស៊ត​ដែលឈរ​ដាច់​ពីខាង​ក្រោយ​ស្ត្រី​ទាំងពីរ​នោះ​ មាន​រវល់តែ​នឹង​បែរ​បៀង​នាយអាយ ញញឹម​រំពៃទៅ​រក​នាង​វិធាវី ធ្វើ​ឲ្យ​យុវតី​នេះ​ក្ដៅ​រំខាន​ពន់​ប្រមាណ។ នាង​ខំ​ទប់​មិនឈ្នះ​ ក៏​បបួល​ម្ដាយឲ្យ​ទៅ​ឡើង​ជិះ​រទេះសេះ​ត្រលប់ទៅសៀម​រាប​វិញ។​នាង​ថូលឺដូច្នោះ​ហើយ ក៏​ខំ​និយាយ​អង្វរ​លួង​លោម​នាង​វិធាវី ឲ្យ​ជិះ​ឡាន​ជាមួយ​ខ្លួន។ បុត្រី​យាយ​នួន​ដែល​ភ្លើង​ទោសៈ​កំពុង​ដុត​រោង​ដើ​មទ្រូងនោះ ក៏ខំ​សង្គត់​ចិត្ត​ឆ្លើយ​ដោយ​ស្រួល​វិញ៖

- ខ្ញុំ​សូម​អរគុណ​មីង​ចុះ តែខ្ញុំ​ឥឡូវ​ជិះ​ឡាន​មិនបាន​ទេ ព្រោះ​បើ​ជិះ​កាល​ណា​ហើយ ខ្ញុំ​ចេះតែវិល​មុខ។​

ថាហើយ​នាង​ក៏ទាញ​ដៃ​សុចិត្រា​ឡើង​រទេះសេះ។ ឯ​យាយ​នួន​ដែល​ស្មារតី​ នៅតែ​នឹង​ឡាន​នាង​ថូ ក៏​ធ្វើ​មុខ​ជូរ​ហើយ​ដើរ​តាម​កូន​គាត់​ទៅ​ដោយ​ទាល់​គំនិត...។

កាល​ដែល​យាន​ នៃស្ត្រី​ទាំង​បី​នាក់​ចរ​បាន​បន្ដិចទៅ​មេឃ​ខែចេត្រ​ ដែល​ថ្លា​ត្រចះ​ជាច្រើន​ថ្ងៃ​មក​ហើយ​ ក៏​ប្រែជាងងឹត​មាន​ពពក​ខ្មៅ​តាន់​តាប់​មក​បាំង​ពន្លឺ​ព្រះអាទិត្យភ្លាម ព្រមទាំង​មាន​ព្យុះ​បក់​ធូលី​ និង​ស្លឹក​ឈើ​ហុយដង្គោលផង។ ហើយ​មិន​យូរ​ប៉ុន្មាន ក៏​មានភ្លៀង​បង្អុល​ធ្លាក់​មកដោយគ្រាប់ធំៗ ជះ​សាច​ទទឹកស្ត្រី​ដំណើរ​ទាំងបី​ញ័រ​ខ្លួន​ចំប្រប់។ ទទួល​ពេលនោះ រទះ​បរ​ដល់​ភូមិ​មុខនាគ ដែល​នៅ​ត្រង់​មុខ​ប្រាសាទអង្គរ​វត្ត​ នាង​សុចិត្រា​និង​យាយនួន ក៏​បបួល​នាង​វិធាវី​ឲ្យ​ជ្រកភ្លៀង​នៅទីនោះសិន។ ប៉ុន្តែ​យុវតីនេះ ដែល​នឹក​ក្នាញ់​មមៃ​ក្នុង​ចិត្ត​ចង់​ឲ្យ​បាន​ដល់​ទីលំនៅ​ឆាប់ៗ ព្រោះ​នឹក​ក្រែង​ចៅ​ណៃស៊ត​មកទាន់ទៀត ក៏​និយាយ​អង្វរ​ឲ្យ​រទ​ខំ​ស្រូត​តំរង់​ទៅ​សៀម​រាប​តែម្ដង។​

នៅ​ពេល​ល្ងាច​នោះ នាង​វិធាវី​កើត​ក្ដៅ​រោល​ក្នុងខ្លួន ហើយ​បណ្ដាល​ឲ្យ​នាង​ទៅ​ជាគ្រុននិទ្រា​ដណ្ដប់​ផួយ​ ឥត​បាន​ទទួល​ម្ហូបអាហារអ្វីឡើយ។​

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)