ស្រមោល៖ លើកថ្ងៃប្រលង


នេះជាថ្ងៃ​ប្រលង​បញ្ចប់ថ្នាក់ទី​១១ ត្រៀម​ចូល​ថ្នាក់ទី១២ របស់​វិទ្យាល័យ​ម៉ូរ៉ា។ សិស្សទាំងឡាយប្រញាប់​ប្រញាល់រត់​ចូល​សាលា​រៀន ព្រោះជិត​ដល់ម៉ោង​ប្រឡងហើយ។ សាលារៀននេះ ​មាន​ទីធ្លាធំ និងដើម​ឈើធំៗ ផ្តល់ម្លប់​ត្រជាក់ ហើយ​​​មាន​អាគារ​សិក្សា​​៣ខ្នង យ៉ាងស្អាត។

បើក្រឡេក​មើល​ទៅក្នុងថ្នាក់ នៅជាន់ទី២ នៃអាគារកណ្តាលមួយនោះវិញ យើង​ឃើញមាន​សិស្សទាំងអស់​ ស្លៀកពាក់ឯកសណ្ឋានយ៉ាង​ត្រឹមត្រូវ អង្គុយ​តាមជួរ តាម​​លេខរៀងយ៉ាង​មានសណ្តា​ប់ធ្នាប់​ ដើម្បី​ត្រៀម​ប្រលងរួច​ជាស្រេច។

បន្ទាប់ពី​ចាប់ផ្តើម​ប្រលង​បាន​ ១៥ នាទី...
"​ឯង​មិនមើលមេរៀន​មុនពេល​ប្រលង អីសោះតែម្តងឬ?" លោកគ្រូ​ រហ័ស​នាម "កំពូលតឹងប្រចាំ​សាលា​" ឈ្មោះពិតហៅ "ដូ"​ ​បាន​ចាប់​ប្រ៊ីយ៉ុង​របស់សិស្សប្រុសម្នាក់
"សុំទោស​លោកគ្រូ" សិស្ស​នោះ​ឆ្លើយ​ដោយ​បែកញើស​សស្រាក់ ព្រោះភ័យ​ខ្លាំង
"មិនបាច់សុំទោសទេ ចេញទៅ" លោកគ្រូ​ ដូ ធ្វើមុខ​ធម្មតា រួច​បាន​យក​ប៊ិច​ក្រហម គូស​លើក្រដាស​ប្រលងរបស់​សិស្សនោះ ដាក់ថា "F"
"បាទ" សិស្ស​ប្រុស​នោះ​ដើរចេញទាំង​មុខ​ស្រងូតស្រងាត់ ព្រោះដឹង​ថា​ខ្លួននឹងត្រូវ​ធ្លាក់​ហើយ​

សកម្មភាពចាប់ប្រ៊ីយ៉ុងនេះ បាន​ឆក់យក​ការ​យកចិត្តទុកដាក់​ក្នុងការ​ប្រលង របស់សិស្សជាច្រើន​បានបន្តិច។ ក្នុងនោះ ក៏​មាន​អ្នកខ្លះដែលរៀប​នឹង​ដកប្រ៊ីយ៉ុង​មើល​ ដូរ​ការគិត ហើយ​លាក់ប្រ៊ីយ៉ុង ឬ​គប់​ប្រ៊ីយ៉ុង​ខ្លួន​ចោល​អស់ទៅ។

តែសិស្សស្រីម្នាក់ ឈ្មោះ លីម ដែលអង្គុយ​តុ​ក្បែរ​បង្អួច នៅជួរ​មុខគេ នោះ​ ដូចជា​មិន​ភ្ញាក់ផ្អើលអ្វីសោះ។ វាមិនប្លែកទេ ព្រោះ​នាង​ជាងជាសិស្សពូកែក្នុងថ្នាក់ស្រាប់ហើយ នាង​មិន​ដែលខ្វល់ និង​ចាប់អារម្មណ៍លើ​រឿង​មិនបានការដូចនេះទេ។ បូកផ្សំនឹងគ្មាន​មិត្តភក្តិ​ជិតស្និទ្ធិផង នាង​ត្រូវតែ​ជាមនុស្សនឹងនរ ឯករាជ្យ​ដូច្នេះហើយ។ នាងគិតតែអោន​សរសេរៗ។

នៅពេល​កំពុងតែយកចិត្តទុកដាក់​ លើ​ក្រដាស​របស់នាង​ វា​ហាក់ដូច​ជាមាន​ចំណាំងផ្លាត​ពន្លឺមកលើក្រដាស។​ នាងព្រិចភ្នែកទប់នឹង​ពន្លឺនោះ។ នៅពេលបើកភ្នែក​មកវិញ នាង​មើល​ក្រដាស​ប្រលង​មិនច្បាស់សោះ ព្រោះ​មាន​ស្រមោលបាំងពន្លឺ​មក​លើក្រដាស​ប្រលង​នោះ។ នាងងើយមើល ហើយ​ធ្វើ​ឱ្យនាង​ឈប់សរសេរអ្វីទាំងអស់។ នាងអង្គុយធ្មឹង ដូច​ជាមនុស្សខ្មោចចូលអ៊ីចឹង។ បន្តិច​ក្រោយមក នាង​ស្រាប់​តែ​យកដៃស្តាំ ចាប់ប៊ិច​ខៀវ ដែលនៅលើតុ យ៉ាងណែត ហើយចាក់ពោះខ្លួនឯងម្តងហើយ ម្តងទៀត។

ឈាម​លីមបាន​ខ្ទៀត​មកលើក្រដាស់​ប្រលង​របស់សិស្សស្រីម្នាក់ទៀតដែល​នៅ​ក្បែរនោះ។ សិស្សស្រីនេះ ឈ្មោះ លីកា។ នាង​ជាមនុស្សដំបូងដែល​បានងាកមើលទៅលីម ហើយ​ ស្អែកយ៉ាងខ្លាំង ហើយ​ធ្វើឱ្យអ្នកគ្រប់គ្នា ព្រមទាំងលោកគ្រូ ដូ​ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លីកា​ រន្ធត់យ៉ាងខ្លាំង នាងស្រែកហើយក៏បាត់មាត់រហូត។ ឯលីម ត្រូវ​បញ្ជូនទៅមន្ទីរពេទ្យ តែ​ជាអកុសល នាង​បាន​បាត់បង់ជីវិតទៅហើយ។​

បន្ទាប់ពីហេតុការណ៍​នេះ វិទ្យាល័យ​ម៉ូរ៉ា ប្រកាស​ផ្អាកការប្រលងថ្នាក់ទី ១១ និង​លើកការ​ប្រលងនេះទៅ​ខែក្រោយ។


Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩