ខណ្ឌសញ្ញា
ខណ្ឌសញ្ញា គឺជាសញ្ញាមានរូបភាពប្លែកៗ សម្រាប់ប្រើក្នុងការសរសេរអត្ថបទផ្សេងៗ ដើម្បីសម្គាល់លក្ខណៈ ទម្រង់បែបបទ ដែលជាលំនាំឲ្យងាយយល់ ឲ្យអានបានត្រឹមត្រូវ ។
ក្បៀស ( , ) ឬកណ្ដកសញ្ញា (La virgule)
សញ្ញានេះ ប្រើសម្រាប់ញែកពាក្យក្នុងប្រយោគឲ្យដាច់ពីគ្នា ទោះពាក្យរៀបរាប់នោះ ជានាមក្តី ជាគុណនាមក្តី ជាកិរិយាស័ព្ទក្តី ។ គួរកត់សម្គាល់ថា ការប្រើក្បៀសក្នុងការសរសេររបស់ខ្មែរយើង ក៏ប្រហាក់ប្រហែលនឹងការប្រើក្បៀសរបស់លោកខាងលិចដែរ ។- ក/ ការប្រើក្បៀសក្នុងការពិពណ៌នា រៀបរាប់ជំពូកនាម
- ខ/ ការពិពណ៌នារៀបរាប់អសាធារណនាម
- គ/ ការពិពណ៌នារៀបរាប់គុណនាម
- ឃ/ ការពិពណ៌នារៀបរាប់កិរិយាស័ព្ទ
អត្ថបទខ្មែរយើងពីបុរាណ ដែលចារនៅលើក្រាំងក្ដី សាស្ត្រាស្លឹករឹតក្ដី នៅក្នុងឃ្លាប្រយោគទាំងអស់នោះ ពុំដែលមានប្រើក្បៀសទាល់តែសោះ ។ យើងកត់សម្គាល់ឃើញថា ចាប់តាំងពីប្រទេសយើង ឋិតក្រោមរបបអាណានិគមបារាំងមក ប្រហែលដោយសារបានទទួលឥទ្ធិពល ពីរបៀបរបបសរសេរបែបបារាំង យើងក៏ចាប់ផ្ដើមប្រើក្បៀសជារៀងរហូតមក ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី យើងសង្កេតឃើញមានទំនោរពីរគឺ ៖
- ក/-ប្រភេទជនដែលបានរៀនសូត្រចេះដឹងជ្រៅជ្រះភាសាបារាំង ច្រើនសរសេរប្រើក្បៀស ។
- ខ/-ប្រភេទជនដែលចេះតែភាសាខ្មែរ ក៏ទទួលយកទម្លាប់មត៌កពីបុព្វបុរសជាន់ដើម ហើយសរសេរឥតប្រើក្បៀសទេ ។
ទ្វិពិន្ទុលេខ ឬ ចំណុចពីរគូស (៖)
សញ្ញាដែលមានគំនូសផ្តេកនៅខណ្ឌចន្លោះសូន្យពីរ លើមួយក្រោមមួយនេះ គេប្រើសម្រាប់ ៖- ក/ ដាក់នៅចុងបញ្ចប់នៃប្រយោគ ក្នុងន័យកត់ត្រាសម្តីរបស់បុគ្គលណាមួយ ដែលគេស្រង់យកមកដាក់ក្នុងសញ្ញាអញ្ញប្រកាស(“ ”) គេកត់សម្គាល់ឃើញថា សញ្ញាបែបនេះ ច្រើនតែប្រើក្នុងទម្រង់រចនាបថប្រយោគពណ៌នាក្នុងរឿងព្រេង, រឿងនិទាន, ការនិយាយប្រាប់គ្នាពីហេតុការណ៍អតីតកាល ។ល។
- ខ⁄ សម្រាប់ដាក់នៅចុងប្រយោគណា ដែលត្រូវបន្តទៅដល់ការរៀបរាប់ ដោយចាត់ជាពួក, ជាផ្នែក ។
ប៉ុន្តែគេអាចប្រើយុគលពិន្ទុបាន នៅក្នុងទម្រង់លិខិតខ្លះៗដូចជា កម្មវត្ថុ[11] ៖ ស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនយោងៈ លិខិតលេខ... ចុះថ្ងៃទី....
កំណត់សម្គាល់អំពីការប្រើ ឬមិនប្រើយុគលពិន្ទុនៅពីមុខពាក្យ “ថា” ៖
- ក/ មិនប្រើយុគលពិន្ទុ ចំពោះតែពាក្យ “ថា” ណាដែលជានិបាតស័ព្ទ ដែលអាចប្រៀបនឹងភាសាបារាំងថា “Que” បានដល់ពាក្យដែលត្រូវកត់ត្រាសម្តីមិនផ្ទាល់របស់តួអង្គ មាននិយាយក្នុង“ Style indirect ” របស់ភាសាបារាំង ដូចជាពាក្យ ៖ ពោលថា, និយាយថា, ទំនាយទាយថា, តិះដៀលថា, ជេរថា, ប្រាប់ថា... ពាក្យទាំងនេះ គេមិនត្រូវប្រើដាក់យុគលពិន្ទុ (ៈ) ពីមុខទេ ។
- ខ/ ត្រូវប្រើយុគលពិន្ទុ គេប្រើសញ្ញាយុគលពិន្ទុ (ៈ) ក្នុងករណីកត់ត្រាពាក្យសម្តីផ្ទាល់របស់អ្នកនិពន្ធ ត្រូវគ្នានឹងទម្រង់របស់ភាសាបារាំងថា (Style direct) ។
បុច្ឆនសញ្ញា (?) (Point d'interrogation)
ជាសញ្ញាប្រើសម្រាប់ដាក់ពីខាងក្រោយពាក្យ, ឃ្លា, ល្បះ ចោទសួរជានិច្ច ។ នៅក្នុងពាក្យ, ល្បះ, ឃ្លា, ប្រយោគដែលចោទសួរ គេតែងប្រើជាចាំបាច់នូវពាក្យ ឬរូបមន្តផ្សេងមានជាអាទិ៍៖ តើ, ព្រោះអ្វី, ហេតុអ្វី, ដូចម្តេច, (ក៏, ឬ, បានជា...) យ៉ាងម៉េចក៏..., អ្វីទៅ, ស្អីគេ, អង្កាល់, កាលណា, ... ។ល។ ពាក្យសម្រាប់សួរអាចនៅដើមឃ្លា ឬ នៅចុងឃ្លាក៏បាន ។ ជួនកាលគេមិនចាំបាច់ ប្រើពាក្យសួរ គេគ្រាន់តែដាក់បុច្ឆនសញ្ញាទៅក៏បានដែរ ។- ល្បះ, ឃ្លា, ពាក្យសំណួរខ្លីៗ ៖ ឃ្លានអ្វី? ម៉េចក៏យំ? ទៅសាលា? ដើរ? ជិះកង់ ?
- គប្បីកត់សម្គាល់ថា សំណួរដដែលគ្រាន់តែផ្លាស់ប្តូរដាក់ពាក្យណាមុន ពាក្យណាក្រោយ ក៏ឲ្យន័យ ឬ រំលេចន័យខុសគ្នាដែរ ។
មានបុច្ឆនសញ្ញមួយបែបទៀត ដែលច្រើនឃើញប្រើនៅក្នុងរូបគំនូរកំប្លែង (Caricature) ។
ឧទានសញ្ញា (!) (Point d'exclamation)
សញ្ញាបង្គោលបញ្ឈរដែលមានចំណុច (!) មួយនៅពីក្រោមនេះ គេប្រើសម្រាប់ដាក់នៅពីក្រោយ ពាក្យ ឃ្លា ល្បះ ភ្ញាក់ផ្អើលតក់ស្លុត ស្ងើច ភ័យ អាសន្ន ខ្លាច បញ្ជាដាច់ខាត បែបន់ អធិដ្ឋាន សម្រែកជយឃោស គំរាមកំហែង ។ ជួនកាលគេក៏ប្រើឧទានសញ្ញាជាមួយនឹងឃ្លា កំហឹង បន្ទោស ឬ ជេរផងដែរ ។អញ្ញប្រកាស( “...” )
គឺជាសញ្ញាឃ្នាបម្យ៉ាង ដែលនៅខាងដើមមានរាងកោងខ្វឹកកួចពីរឡើងទៅលើ ឯខាងចុងជាសញ្ញាខ្វឹកពីររាងកោង កួចទម្លាក់ចុះក្រោម ។ គេប្រើសញ្ញានេះសម្រាប់៖- ក/ គាប ឬកត់ត្រាដកស្រង់សេចក្តីសំខាន់របស់ជនណាម្នាក់ ទុកជាសេចក្តីពិសេសដោយឡែក ជាការរំលេច ឬបញ្ជាក់ឲ្យប្លែកពីន័យរបស់បរិបទ ។
- ខ/ ដកស្រង់គំនិត, សម្តីរបស់តួអង្គណាមួយក្នុងរឿង ។
- គ/ ដកស្រង់តួអង្គណាមួយ ដែលមានកិត្តិស័ព្ទល្បីល្បាញ
- ឃ/ ដកស្រង់សេចក្តីឬអត្ថន័យមានលក្ខណៈលេចធ្លោ ។
អព្ភន្តរសញ្ញា(‘...’)
សញ្ញានេះ ខុសប្លែកពីអញ្ញប្រកាស ដោយប្រើតែខ្វឹកសញ្ញាមួយនៅខាងដើម និងក្បៀសសញ្ញាមួយនៅខាងចុង ។ របៀបប្រើនសអព្ភន្តរសញ្ញាខុសគ្នាបន្តិច ពីសញ្ញាអញ្ញប្រកាស ដោយប្រើអព្ភន្តរសញ្ញាជាឃ្នាបពាក្យឋិតនៅក្នុងរង្វង់ផែនពាក្យ ដែលដាក់ឃ្នាបដោយសញ្ញាអញ្ញប្រកាស ។សូមអនុញ្ញាតជម្រាបថា៖ នៅក្នុងសៀវភៅឯកសារជាទូទៅ គេកម្រឃើញអ្នកនិពន្ធប្រើសញ្ញានេះណាស់ ។ ជួនកាលគេប្រើអព្ភន្តរសញ្ញា ឬអញ្ញប្រកាស ក្នុងគោលដៅតែមួយដូចគ្នា ។ នៅក្នុងសៀវភៅវេយ្យាករណ៍របស់លោក ពូវ អ៊ុម លោកចាត់ទុកអព្ភន្តរសញ្ញាថា ជាសញ្ញាអញ្ញប្រកាស ( សៀវភៅវេយ្យាករណ៍ ពូវ អ៊ុម ទំព័រ ៨ ) ចំណែកនៅក្នុងវចនានុក្រមសម្តេចជួនណាត ទំព័រ ១៦៥៦-៥៧ វិញ ក៏បង្ហាញអព្ភន្តរសញ្ញា “ ....” មានរូបសណ្ឋានយ៉ាងនេះដែរ ។ លោកបានពន្យល់ពាក្យអព្ភន្តរសញ្ញាយ៉ាងនេះថា ៖ ពាក្យសន្មតហៅវណ្ណយុត្តិ ដែលពួកវេយ្យាករណ៍បណ្ឌិតក្នុងប្រទេសអឺរ៉ុប បង្កើតឡើងសម្រាប់ប្រើរាំងពាក្យ ឬសេចក្តីមានរូបសណ្ឋានពីរបែបគឺ (“...”) ឬ («...»)[16] ។
ដូច្នេះ ដោយយល់ឃើញថា កិច្ចការសរសេរតែងនិពន្ធនាពេលបច្ចុប្បន្ននេះ មានសភាពល្អិតល្អន់ស៊ីជម្រៅ និងហ្មត់ចត់ យើងគួរតែបញ្ចូលអព្ភន្តរសញ្ញា ដែលមានរូបសណ្ឋានបែបនេះ ( ‘... ’ ) មកប្រើបន្ថែមទៀត ដោយបំបែកចេញពីអញ្ញប្រកាស ( “...” ) ។
មច្ឆណ្ឌសញ្ញា ឬ ពងត្រី (...) (point de Suspension)
ជួនកាលគេហៅថា (ចំណុចរាយ) ផងក៏មាន ។ សញ្ញាដែលមានចំណុចបីបន្តបន្ទាប់ជាប់គ្នានេះ សម្រាប់សម្គាល់ប្រយោគណាមួយ ដែលនៅមានសេចក្តីបន្តទៀត ប៉ុន្តែអ្នកសរសេរបានផ្អាកបញ្ឈប់លែងពណ៌នា ដោយដាក់សញ្ញាពងត្រីនេះ ប្រាប់ជាដំណឹង ។ របៀបប្រើពងត្រីមានបែបផែនប្លែកៗដូចតទៅ ៖- ក/ ជាសញ្ញាកាត់ពាក្យសម្តីគូសន្ទនាម្នាក់ ដែលកំពុងនិយាយឲ្យដាច់កណ្តាលឃ្លា ។
- ខ/ ជាសញ្ញាសម្រាប់ផ្អាកពាក្យសម្តី មិនចង់និយាយបន្តដោយទុកឲ្យគូសន្ទនាយល់ ឬ ក៏បង្កប់ទុកនូវពាក្យគំរាមកំហែង ពាក្យបណ្តាសា... ។
- គ/ ផ្អាកសេចក្តីត្រឹមប៉ុណ្ណឹងសិន ឬស្លេះទុក ដោយមិនចង់ឲ្យសេចក្តីមានន័យដូចគ្នានេះ វែងអន្លាយពេក ។
- ឃ/ សម្រាប់ប្រាប់អំពីពាក្យឃ្លា ដែលបាត់រលុបមានសេចក្តីមិនច្បាស់ ដកយកចេញពីសិលាចារឹកជាដើម ។
វង់ក្រចក ឬនខសញ្ញា ( )
បានជាគេឲ្យឈ្មោះដូច្នេះ ព្រោះវាមានសណ្ឋានរាងកោងដូចវង់ក្រចកយើងពិតៗ ។ គេប្រើសញ្ញាវង់ក្រចកសម្រាប់ ៖- ក/ គាបពាក្យ ឬសេចក្ដី ដែលគេចង់ពន្យល់ន័យ ។
- ខ/ គាបពាក្យដែលសរសេរជាអក្សរកាត់ ។
វង់តង្កៀប [.....]
នៅក្នុងភាសាខ្មែរគេមិនស្រូវប្រើសញ្ញាវង់តង្កៀបនេះទេព្រោះ យើងមានវណ្ណយុត្តិ និងខណ្ឌសញ្ញាយ៉ាងច្រើន សមស្របនឹងប្រើក្នុងអត្ថបទជាភាសាខ្មែរគ្រប់គ្រាន់អស់ហើយ ។ ប៉ុន្តែនៅក្នុងការគណនាលេខផ្នែកពីជគណិត(Algèbre) យើងយកមកប្រើតាមពួកអឺរ៉ុប ។រ៉ាត់ ឬឃ្នាប ( } ឬ { ....} ) (Accolade)
សញ្ញានេះ ខ្មែរខ្លះហៅថា ពុកមាត់មេអំបៅ ។- ក/ នៅក្នុងមុខវិជ្ជាពីជគណិត របៀបប្រើឃ្នាប ឬរ៉ាត់មានន័យដូចគ្នា នឹងការប្រើតង្កៀប ឬវង់ក្រចកដែរ ។ គេតែងតែប្រើរ៉ាត់មួយសម្រាប់បើក ( { ) និងរ៉ាត់មួយទៀតសម្រាប់បិទ ( } ) គឺបែបនេះ {.....} ។
- ខ/ រ៉ាត់បើក និងរ៉ាត់បិទនេះ ប្រើសម្រាប់គាបពាក្យពីរ ឬច្រើនជាការសម្គាល់ថា ពាក្យទាំងនោះមានមុខងាររួមដូចគ្នា មិនបាច់សរសេរដដែលច្រើនដងនាំខាតពេល ។
បេយ្យាលៈ ឬ លៈ (៘)
គេមិនសូវអានថា បេយ្យាលៈទេ ព្រោះវែងពេក គេអានកាត់យកតែខាងចុងត្រង់សូរថា ឡាក់, ឡៈ សរសេរថា ៖ (។ល។) ត្រូវនឹងពាក្យបារាំងថា (et cetera) សរសេរអក្សរកាត់ថា (etc.) ។ គេប្រើសម្រាប់បំព្រួញសេចក្តីឯណានីមួយ ឬការរៀបរាប់ដែលវែងឲ្យនៅខ្លី ដោយគិតថា អ្នកអានក៏ដឹងថា នៅមានពាក្យ និងសេចក្តីអ្វីខ្លះទៀត ។ខណ្ឌ ឬ ខណ្ឌសញ្ញា (។)
គេប្រើសញ្ញាខណ្ឌនេះ សម្រាប់រាំងខាំងប្រយោគ ឬសង្កាត់នៃសេចក្តីនីមួយៗ ឲ្យដាច់ស្រឡះពីគ្នា ។ កាលណាប្រយោគមួយចាប់សេចក្តីហើយ គេត្រូវដាក់សញ្ញា (។) នេះ មុននឹងបន្តទៅប្រយោគមួយទៀត ។ ខណ្ឌសញ្ញា ធ្វើឲ្យគេងាយយល់ អាចញែកសេចក្តីពីប្រយោគមួយទៅប្រយោគមួយ មិនឲ្យច្រឡំន័យ នាំច្របូកប្របល់ ។ ហើយនៅចន្លោះ ខណ្ឌសញ្ញា ការដកឃ្លា ក៏ជួយសម្រួលឲ្យអ្នកអានងាយយល់ ងាយចាប់សេចក្តីបាន ។ មានតែការប៉ិនប្រសប់របស់អ្នកសរសេរតែងនិពន្ធទេ ដែលអាចយល់ដឹងដល់ការចាំបាច់នៃការដកឃ្លា ការដាក់ខណ្ឌសញ្ញាឲ្យបានត្រឹមត្រូវទេ ទើបធ្វើឲ្យអត្ថបទមានតម្លៃ មានន័យគួរជាទីចាប់អារម្មណ៍ ។ប៉ុន្តែកាលណាគេត្រូវប្តូរគំនិតចូលទៅវគ្គ ឬកថាខណ្ឌថ្មីនោះ គេត្រូវដាក់សញ្ញាខណ្ឌទៅចុងបញ្ចប់ប្រយោគ រួចហើយត្រូវចាប់សរសេរដោយចុះទៅបន្ទាត់ថ្មី ជាមួយនឹងការចោលលំហបន្តិចដែលគេតែងនិយមហៅថា ខណ្ឌ ចុះបន្ទាត់ឬចោលបន្ទាត់ និងចាប់ដើមបន្ទាត់ (នេះជាការប្រាប់ដំណឹងរបស់អ្នកហៅសរសេរតាមសូត្រ )
ខណ្ឌចប់ ( ៕ )
ជាសញ្ញាសម្រាប់ដាក់បញ្ចប់អត្ថបទ ឬរឿងមួយតែត្រឹមនេះពុំមានតសេចក្តី ឬរឿងរ៉ាវទៅមុខទៀតឡើយ ។អាទិសង្កេត ( . )
គឺជាចំណុចមួយដែលដាក់ពីមុខអក្សរ ដែលគេសរសេរកាត់ដូចជា ស.រ.អា. (សហរដ្ឋអាមេរិក), អ.ស.ប. (អង្គការសហរប្រជាជាតិ) គ.ជ.ប. (គណៈកម្មការជាតិរៀបចំការបោះឆ្នោត) ជួនកាលគេប្រើអាទិសង្កេត ដើម្បីដាក់ពីមុខលេខរៀង មាតិកាដែលរៀបរាប់ចំណងជើងរង (Sous-titre) ដូចជា ៖- មង្គលការ អបមង្គល
- ស្វាស្អប់ចេក ក្អែកស្អប់ពងមាន់
- ចង់រត់ចេញពីសង្គម...
កុក្កុដនេត្រ ឬ ភ្នែកមាន់ (៙)
បុព្វកវីនិពន្ធខ្មែរធ្លាប់ប្រើសញ្ញានេះ សម្រាប់ចាប់ផ្តើមសរសេរអត្ថបទ ឬសេចក្តីរឿងអ្វីមួយ ដើម្បីកំណត់ទុកជាចំណុចចាប់ផ្តើម ។ តែពេលបច្ចុប្បន្ននេះ អ្នកនិពន្ធ កវីលែងប្រើសញ្ញានេះហើយ ។ ជាពិសេសនៅពេលចាប់ផ្តើមសរសេរកំណាព្យ នោះកវីបុរាណយើងច្រើនប្រើសញ្ញា (៙) ដូច្នេះ ។ បច្ចុប្បន្ននេះ មានកវីសម័យទំនើបខ្លះក៏ផ្តើមប្រើសញ្ញាផ្នែកមាន់ ដែលមានក្បៀសពីរនេះ នៅពេលចាប់ផ្តើមបើកបទកំណាព្យ ។ខណ្ឌបរិយោសាន ឬ គោមូត្រ (។៚)
គឺជាសញ្ញាយកតាមរូបសណ្ឋានដាននោមគោ ដែលនោមផងដើរផង បណ្តាលឲ្យមានរាងក្ងិក្ងក់បែបនេះ ហើយខ្មែរបុរាណក៏សន្មតយកមកធ្វើជាសញ្ញាខណ្ឌបញ្ចប់ ដែលហៅតាមពាក្យបាលីថា “គោមូត្រ” គឺនោមគោដូច្នេះទៅ ។ ចាស់បុរាណលោកប្រើខណ្ឌបរិយោសាន ឬ បរិយាន ឬគោមូត្រនេះ សម្រាប់បញ្ជាក់សេចក្តីនិយាយពីរឿងរ៉ាវអ្វីមួយឬអត្ថបទ បទបាទបាលីគាថាណាមួយ ។ សព្វថ្ងៃនេះ អ្នកនិពន្ធមួយចំនួន បានប្រើសញ្ញាពីរគឺ៖ ឬមួយ ៕ ឬមួយ ។៚ ។ ការប្រើគោមូត្រនេះ គឺចង់រក្សាសម្បត្តិវប្បធម៌ពីបុរាណឲ្យនៅគង់វង្ស ។យើងឃើញអ្នកកាសែតមួយចំនួន មានប្រើសញ្ញាគោមូត្រផងដែរ ៕៚រៀបរៀងចងក្រងដោយ លោក មៀច ប៉ុណ្ណ
Comments
Post a Comment