ផ្កាស្រពោន - ភាគទី ១១

នឹងថ្លែងពីប៊ុន-ធឿន ដែលនៅរៀន ឯវិទ្យាល័យក្រុងភ្នំពេញ។ លុះចូលមកក្នុងខែចេត្រសាលាគេបិទទ្វារ ដើម្បីឱ្យកូនសិស្ស និងគ្រូទាំងឡាយបានឈប់សំរាកក្នុងរដូវក្ដៅមួយខែ ប៊ុនធឿន ក៏បានជិះរថភ្លើង មកបាត់ដំបងជាមួយពួកម៉ាក។ ដល់ក្រុងនេះហើយ ក៏ឡើងជិះរ៉ីម៉កដំរង់ទៅកំពង់ព្រះភ្លាម ព្រោះការឃើញទីតំបន់នេះ នាំឲ្យទុក្ខទាំងប៉ុន្មានដែលក្រាបនៅក្នុងបេះដូងរៀងរាបមក កញ្ជ្រោងរោលដើមទ្រូង ហើយធ្វើឲ្យគិតទៅគូសង្សារជាពន់ពេក។ ណ្ហើយស៊ូផ្ដាច់ចិត្តកុំឲ្យគ្នាសៅហ្មងដោយសារខ្លួនឯង ឲ្យគ្នាបានសុខសាន្ដទៅចុះ។​

ប៉ុនធឿន ឋិតបានពីរបីថ្ងៃជាមួយឪពុកម្ដាយ ក៏មានដំណឹងចចាមអារ៉ាមថា បុត្រីយាយនួនជិតនឹងរៀបការហើយ ថាខាងប្រុសគេបានជញ្ជូនទាំងប្រដាប់ប្រដាបំរុងទុកសំរាប់ធ្វើរោងជាស្រេច។ ប៊ុនធឿន នឹកស្រណោះខ្លួនពេកទប់មិនបានក៏ចូលទៅក្នុងបន្ទប់ ហើយដេកទទូរផួយយំខ្សឹកខ្សួលតែម្នាក់ឯង។

នៅពេលល្ងាចថ្ងៃនោះ តាសូដែលជាមនុស្សបំរើនៃចិក ប៊ុន ថន បានចូលមកសុំទៅរកត្រីឯព្រៃរនាម ដំណើរនេះត្រូវដកផ្លូវកន្លះខែ ទើបវិលវិញ។ ប៊ុនធឿន ដែលមានប្រាថ្នាចង់ចូលទៅព្រៃសមសាន ព្រោះយល់ថា ធម្មជាតិជាកម្លាំង ជាវត្ថុព្រៃផ្សៃអាចញ៉ាំងសេចក្ដីរំលាយទុក្ខសោកឲ្យបានជានិច្ច ក៏ចូលមកសុំឪពុកម្ដាយ ទៅជាមួយតាសូផង។

គ្រានោះចិកប៊ុន ថន ដែលមើលធ្លុះក្នុងចិត្តកូនក៏ព្រមបើកឲ្យទៅភ្លាម។ ចំណែកនាង សោភ័ណជាប្អូនវិញ ដែលមានបារម្ភផ្សេងៗតាមធម្មតាស្ត្រីនោះ ក៏និយាយអង្វរបងកុំឲ្យទៅរនាមធ្វើអ្វី ព្រោះខ្លាចមានឈឺថ្កាត់ក៏មិនគាប់ មានសត្វសាហាវបៀតបៀនក៏មិនគាប់។ ប៊ុនធឿន លឺហើយ ក៏តបទៅវិញ៖

- ប្អូនឯង កុំព្រួយឲ្យសោះ ព្រោះនៅក្នុងរនាមគ្មានខ្លា គ្មានរមាសទេ មានតែដំរីប៉ុណ្ណោះ។ ឯដំរីនេះ បងមិនខ្លាចទេ បងចេះឡើងដើមឈើស្ទាត់ហើយ។

យប់នោះ វេលាមាន់រងាវមួយដង តាសូគាត់រៀបចំរទេះ ឯនាងសោភ័ណ នាងដណ្ដាំបាយដុតត្រីងៀត និងរៀបអង្ករត្រីសាច់ទុកឲ្យអ្នកដំណើរ។ ប៊ុនធឿន ភ្ញាក់បើកទ្វារចេញមកក្រៅ ហើយសំឡឹងមើលទៅលើមេឃឃើញផ្កាយប្រុះថែមទាំងមានខ្យល់រហៀកៗ ធ្វើឲ្យអ្នកដែលក្រៀមក្រំមានកម្លាំងព្រើត។ បន្ដិចក្រោយមកគេក៏លឺមាត់តាសូស្រែកហ៊ុយៗ បង្ខំដេញគោឲ្យដើរលឿនទៅមុខ ហើយលឺសូររទេះយំញ៉ែៗ ក្នុងផ្ទៃស្ងាត់នៃរាត្រី។

កាលបើផុតភូមិ ចូលដល់វាលស្រែកាលណា រទេះតាសូ និងប៊ុន ធឿន ក៏ទៅជួបនឹងរទេះអ្នកស្រុកឯទៀត ចំនួនម្ភៃប្លាយ។

នៅរដូវប្រាំង ដែលជាពេលទំនេរពីការច្រូតកាត់ អ្នកស្រុកភូមិកំពង់ព្រះ តែងនាំគ្នាទៅរកស៊ីក្នុងរនាម ខ្លះទៅរកកាប់ដើមរទាំងដឹកយកមកទុកជាឧស ខ្លះស្វែងរកទឹកឃ្មុំ និងក្រមួន ខ្លះទៀតរកត្រីតាមបឹងបួ។

ពួកអ្នក “ដើររនាម “ តែងនាំគ្នាចេញរទេះពីយប់ព្រោះចង់ជៀសមិនឲ្យសត្វពាហនៈទាំងឡាយ ត្រូវកំដៅថ្ងៃសោះឡើយ។ អ្នកស្រុកទាំងនោះមានចិត្តស្រណោះអាណិតគោ ក្របីគេជាទីបំផុត មិនចង់ឲ្យវានឿយហត់ដោយឥតផលទេ។

ហ៊ុយ! ហ៊ុយ! តាសូគាត់ដេញគោឲ្យដើរលឿន។ រទេះបុរសនេះបរទៅមុនគេបង្អស់ ព្រោះអ្នកដំណើរទាំងឡាយយល់ថា គាត់ចាស់ជាងគេនេះម្យ៉ាង ហើយម្យ៉ាងទៀតព្រោះគេនឹកអាណិត ប៊ុន ធឿន មិនចង់ឲ្យកំលោះនេះមានរំខាននឹងធូលីហុយទៅលើសោះឡើយ។ អ្នកស្រុកទាំងនោះរាប់អានស្រលាញ់់ ប៊ុន ធឿនណាស់ ដោយគេយល់ថា ជាក្មេងចេះដឹងផង គ្រួសារប៊ុន ធឿន សុទ្ធតែជាមនុស្សមានធម៌សប្បុរសទាំងអស់ផង មិនដែលរកស៊ីអារក ដូចគេឯទៀតទេ។

រវាងមួយម៉ោង ក្រោងដែលចេញពីភូមិផុតមក ក្បួនរទេះក៏បរឆ្លងអូរតាក្រៃដែលរីងខះទឹងកអស់ នៅតែដីបែកក្រហែង។ លុះផុតព្រៃដងអូរនេះ ចូលទៅក្នុងវាលដក់ពាយហើយ ប៊ុនធឿន ដែលអង្គុយសញ្ជឹងសញ្ជប់មិននចេញស្ដីថាអ្វី ក៏ងើបមុខមើលទៅទិសខាងកើត ហើយភ្ញាក់ខ្លួនព្រើត... នៅឆ្ងាយចំពីមុខមានភ្លើងប្រទីបឆេះព្រោងព្រាត។ ភ្លើងនោះរៀបរយល្អមើលណាស់ ខ្លះតំរៀបជាជួរៗ វែងៗ ដូចអគ្គិសនី ដែលបំភ្លឺថ្នល់ទាំងពួងនៃទីក្រុង ខ្លះទៀតទំនៅទាប ខ្ពស់មានលក្ខណៈ ដូចជាចង្កៀង ដែលបំភ្លឺគេហដ្ឋាន ឬទីលំនៅនានាក្នុងក្រុងនោះ។ ពន្លឺដែលនៅរាយបណ្ដោយប្រមាណពីរគីឡូនេះ មានលំអយ៉ាងត្រកាល ដោយមានយប់ខ្មៅងងឹតរុះស្រោបជុំវិញហើយស្ទួយបញ្ចេញឡើង។ ប៊ុនធឿន ដែលមិនធ្លាប់ចូលរនាមនឹងគេ ក៏នឹកក្នុងចិត្តថាប្រហែលជាទីក្រុងណាមួយ ប្រតិស្ឋកើតឡើងដោយទេពនិម្មិតក៏មិនដឹង។ ឱកន្លែងនេះ ទីនេះសមជាប្រាសាទសម្រាប់ទទួលស្ត្រីណា នារីណាដែលមានរូបល្អឯក ដែលមានសាច់ទន់ភ្លន់ ហើយដែលមានមុខញញឹមស្រស់ប្រិមប្រិយ! ឱកន្លែងត្រង់នោះមួយទៀត សមជាគេហដ្ឋានរបស់សេដ្ឋីណាមួយហើយ ព្រោះផ្ទះរនាមនោះមានអុជភ្លើងដេរដាសជុំវិញ។ ឱអូនវិធាវីអើយ បើប្រសិនជាយើងបានជួបរួបរួមវាសនាគ្នា ម្ល៉េះសមយើងនឹងជ្រើសរើសមកសំចតនៅក្នុងទីក្រុងនេះ ប្រកបដោយសុខក្សេមក្សាន្ដ។ ឥឡូវនេះ មិនប៉ុន្មានថ្ងៃទៀតទេ មុខជានាងទៅនៅជាមួយចៅណៃស៊តហើយ! ម៉្លេះសមអូនរងទុក្ខវេទនា ព្រោះបងស្គាល់ចិត្តអូនជាក់ ថានាងមិនដាច់អាល័យពីបងឡើយ។ ខ្ញុំសូមបួងសួងអស់អារក្សទេវតា ដែលឋិតនៅឋានៈនេះឲ្យជួយ តំរង់ចិត្តអូនវិធាវីឲ្យនាងភ្លេចខ្ញុំចេញចុះ ដើម្បីឲ្យនាងនិត្យនៅជាមួយប្ដីនាងជាសុខុម។ នាងមានចិត្តស្លូតត្រង់ដឹងខុសត្រូវណាស់ គួរតែរស់នៅនិងព្រួយបារម្ភ ដើម្បីជាត្រួយជាផ្កាសម្រាប់លំអមនុស្សជាតិ។

ប៊ុនធឿន កំពុងតែរវើរវាយក្នុងសន្ដានចិត្តដូច្នេះ ស្រាប់តែឃើញព្រៃក្រហមរ៉ែៗ នៅចំពីខាងកើត។ ខណៈនោះកងរទេះ បានបរផុតវាលហើយចូលក្នុងព្រៃរនាម ទើបប៊ុនធឿនអាចកាត់ប្រស្នានៃរឿងទីក្រុងដែលភ្លឺសន្ធៅក្នុងរាត្រីបាន។ នៅពេលថ្ងៃដែលកំពុងក្ដៅអស្ចារ្យ ភ្លើងដែលបណ្ដាលឡើងដោយស្នាដៃអ្នកដុតស្មៅ រកអណ្ដើកក៏ឈួលឆេះ រាលដល់វល្លិ៍ទាំងពួង ដែលដុះព័ទ្ធដើមឈើធមៗ។ លុះភ្លើងស្មៅនោះស្ងប់រំងាប់ទៅ ក៏មានភ្លើងកាត់ខ្លះនៅចុង ខ្លះនៅប្រគាប ខ្លះនៅគល់នៃរុក្ខជាតិ។ នៅពេលយប់ត្រូវមានខ្យល់បក់បន្ដិចៗផង ភ្លើងនោះក៏ឆេះមានអណ្ដាតឡើង។ បើគេមើលពីចំងាយទៅឃើញហាក់ដូចជាពន្លឺចង្កៀងទីក្រុងសុទ្ធវិស័យ ព្រោះប្រវែងមុខភ្លើងធំទូលាយណាស់។ ហេតុដែលនាំឲ្យព្រឹក្សាទាំងឡាយជាចំណីភ្លើង យ៉ាងងាយទាំងម្ល៉េះ គឺមកតែពីស្មសាននេះមានច្រើន តែដើរមរទាំង និងត្អួរដែលអ្នកផងតែងដឹងថាជាឈើឧសយ៉ាងប្រសើរ។

ប៊ុនធឿន គន់មើលព្រឹក្សា ដែលមានភ្លើងឆេះរូងដល់ខ្លឹម ដល់បណ្ដូលហើយយកមកធៀបប្រដូចនឹងខ្លួន ដែលមានភ្លើងទុក្ខឆេះរោលរាលពេញទាំងទ្រូង។ ឱ! ឈើអើយមានខ្លះភ្លើងឆេះផ្ដាច់ត្រឹមគល់ ខ្លះត្រឹមពាក់កណ្ដាលដើម ខ្លះទៀតគ្រាន់តែឆេះរោលៗចុង។ នៅលើពសុធានៃតំបន់នោះ គេឃើញតែដង្គត់ខ្មៅ ឃើញតែរងើកក្រហមរន្ទាល ឃើញតែផេះសផ្អោង! ឯជីវិតនានាដូចជាចាកចោលទីកន្លែងនេះអស់។ គ្មានសត្វហើរ គ្មានសត្វយំ ស្ងាត់សូន្យ ជ្រងំ! យូរៗម្ដង គេលឺសូរមែកឈើដែលភ្លើងកាត់ផ្ដាច់នោះធ្លាក់មកដី លឺប្រាវ។

នៅពេលថ្ងៃជិតត្រង់ កងរទេះនេះបានបរដល់តំបន់មួយ ហៅដង្កោតាងិល ដែលជាទីខ្ពស់១ ទឹករដូវវស្សាមិនដែលលិចទេ។ បានជាអ្នកផងហៅថាទួលដង្កោតាងិលដូច្នេះ ព្រោះទួលនោះ មានដើមដង្កោមួយធំខ្មៅដូចធ្យូង តែកំបុតឥតចុងដោយរន្ទះបាញ់ផ្ដាច់ ជាយូរអង្វែងមកហើយ។ រុក្ខជាតិនេះ មានស្លឹកនៅគ្រប់ប្រគាបប៉ុណ្ណោះ។ នៅភ្ជាប់នឹងដើមដង្កោនេះ មានដើមអម្ពិលមួយធំណាស់ដែរ ដែលបែកមែកសាខាហាក់ដូចជា គ្របបាំងកុំឲ្យកូនខ្ទមតូចមួយ ដែលនៅអែបនិងគល់មិនត្រូវកំដៅព្រះអាទិត្យឡើយ។ នៅក្នុងខ្ទមមានបដិមាមួយធ្វើពីថ្មខ្មៅប្រផេះ។ រូបនោះមានបបូរមាត់ធ្លាក់សំយេះ ហើយមានផ្ទាំងជាតីរុំព័ទ្ធជាក្រមា។ រូបចំលាក់នេះ ជារូបអ្នកតាដង្កោតាងិល ដែលមានរិទ្ធានុភាពខ្លាំងពូកែណាស់។ អ្នកដំណើររទេះ កាលបើបានដល់ទួលនេះហើយ តោងខ្មីឃ្មាតកាច់មែកឈើ ច្រូចស្រា សែនបាយទឹក ចំណីចំណុក ដើម្បីសូមលាភ សូមជ័យពីលោកអ្នកតា។ រួចហើយ ទើបនាំគ្នាយកគោឲ្យផឹកទឹកបឹងមួយ ដែលនៅប្របទីនោះ ហើយដែលមានទឹកថ្លាឈ្វេង ផឹកទៅត្រជាក់ដល់ថ្លើម។ ក្នុងពោះបឹងនោះស្មៅវារីជាតិដូចជាស្នោ និងព្រលិត ទាញចក្ខុវិញ្ញាណដោយលំអ ផ្ការីកភ្លឺរន្ទាស ឬសក្បុស។ ភ្នែកជនដែលត្រេកត្រអាលនឹងទេសភាពទន់ត្រជាក់នេះ មិនងាយនឹងដកចេញពីទីនោះបានទេ ព្រោះមានហ្វូងក្រសារ រនាល មាន់ទឹក ដែលរកស៊ីដោយសន្ដិភាពពេញទាំងបឹង បន្ដែមលំអ បន្ដែមមនោរម្យត្រួតទៅលើទីឋាននេះទៀត។ សារាយនេះញញឹមស្រស់ ក្រោមរស្មីត្រចះនៃព្រះអាទិត្យ និងក្រោមផ្ទៃមេឃខៀវ ដែលឆ្លុះគំនូរទៅក្នុងទឹកថ្លាយង់។ អង្គុយក្រោមដើមចារមួយប៊ុន ធឿន ក៏គយកន់រំពៃមើលពពួកបក្សីដែលដើរលបៗ ចាំឆ្មក់មច្ឆជាតិ...។

ពួកអ្នកដំណើរ កាលបើបានមុជទឹកជំរះខ្លួនរួចហើយ ក៏នាំគ្នាដំកង់អាស្រ័យបាយ ដែលអ្នកផ្ទះបានរៀបបំរុងមកឲ្យហើយ និយាយចំអន់គ្នាសើចខ្ងៀវខ្ងារ។ ប៊ុន-ធឿន មុខនៅតែស្រពោនខំត្រដរលេបបាយបានពីរ បីម៉ាត់ប៉ុណ្ណោះ។ រួចហើយ ក៏យកក្រមាមួយទៅក្រាលលើស្មៅដេកលេងក្រោមដើមចារ មើលសត្វ មើលមេឃ មើលដងព្រឹក្សព្រៃ ហើយសញ្ជឹងតែម្នាក់ឯង។

នៅវេលាសូរិយាបន្ទាបគងមាត់ព្រៃ ពួករទេះអ្នកស្រុកនៃភូមកំពង់ព្រះបានដល់ទៅកន្លែងមួយហៅវាលស្រីស្រណោះ។ វាលស្ត្រីស្រណោះ! ឈ្មោះតំបន់នេះ ចំជាសម ចំជាត្រូវព្រោះជាទីកន្លែងមួយវាលស្មើ ហើយមានស្មៅចិញ្ជៀន និងស្លាបទាដុះជិតប្រកិតគ្នា ដូចជាកំរាលមួយដែលមានពណ៌បៃតងស្រស់ ហើយមានព្រៃដងអូរព័ទ្ធជុំវិញដូចជាកំពែង។ ពេលល្ងាចវេលាថ្ងៃលិចហ្វូងបក្សីហើរ មីរដេរដាសមកចាប់ទ្រនំ តាមដើមឈើដងព្រឹក្សព្រៃ។

វាលស្រីស្រណោះ! ធម្មជាតិនៅក្នុងទីនេះ មានសភាពដូចជាទឹកមុខនារីមួយដែលមានរូបល្អ ហើយដែលស្ងួតស្ងប់ក្រៀមក្រំ ដោយមានព្រួយក្នុងចិន្ដា។

វាលស្រីស្រណោះ! ប៊ុន-ធឿន លឺតែឈ្មោះវាលនេះឡើង ក៏កើតរំជួលញាប់ញ័រអស់អង្គកាយ។ ឱ! វិធាវីត្រួយជីវិតបងស្គាល់ចិត្តនាងជាក់ណាស់ មុខតែនាងមិនភ្លេចសេចក្តីស្នេហាដើមទេ។ ឱ! ម្ល៉េះសមនាងខំទ្រាំទ្រស្វាមីនាងដែលនាងគ្មានប្រតិព័ទ្ធដល់ប៉ុនសរសៃសក់ឡើយ។

កាលបើបានដល់វាលស្រីស្រណោះហើយ ពួកអ្នករទេះក៏រហ័រដៃរហ័សជើងខ្លះទៅរកឈើព្រៃមកធ្វើជាឧសទុកដុតឲ្យសន្ធោសន្ធៅក្នុងពេលយប់ ដើម្បីកុំឲ្យហ្វូងដំរីព្រៃមកបៀតបៀន ខ្លះក៏ស្លដណ្ដាំ ខ្លះទៀតក៏កាន់ខ្វែវកាន់ពូថៅទៅឆ្កាព្រៃ យកទីកន្លែងដេកបណ្ដោះអាសន្នទំរាំធ្វើជំរកបាន។ ជនទាំងនេះធ្វើការបណ្ដើរ និយាយគ្នាសើចលាន់រំពងបណ្ដើរ។

នៅក្នុងចំណោមមនុស្សទាំងនេះ មានជនម្នាក់អាយុហាសិបឆ្នាំប្លាយមាឌក្រអាញដងខ្លួនធំដំបង សក់កាត់ខ្លីសម្បុរបាយមូសខ្លា។ បុរសនេះឈ្មោះប្រាក់ជាអ្នកខ្លាំងពូកែចេះមន្តអាគមធ្វើគ្រូហ្មបាន។ គាត់ស្គាល់ផ្លូវរនាមខ្ទេចគ្មានសល់។ ពួកក្រុមដែលដើរព្រៃជាមួយគាត់មិនដែលស្គាល់ថា ដូចម្ដេចហៅថាវង្វេងផ្លូវសោះឡើយ។ តាប្រាក់មានសតិប្រាជ្ញាវាងវៃចេះចាំរឿងរ៉ាវសាស្ត្រា ដែលមានក្នុងវត្តកំពង់ព្រះទាំងប៉ុន្មានយ៉ាងស្ទាត់។ ហេតុនេះហើយបានជាពួកដើរព្រៃតែងតាំងគាត់ជាដង្ខៅ គឺជានាយក។ បើគាត់និយាយបង្គាប់ថាដូចម្ដេច គេតោងស្ដាប់គាត់ ហើយធ្វើតាមគាត់ជានិច្ច។

នៅយប់នៃថ្ងៃដែលទៅដល់ វាយស្រីស្រណោះនោះពួកអ្នកដើរព្រៃបានស្រុះស្រួលគ្នាអង្គុយជក់បារីស្លឹកចេក នៅជុំវិញតាប្រាក់ ហើយឲ្យគាត់និយាយរឿងសាស្ត្រាកំសាន្តលេខ។ តាប្រាក់ក៏ចាប់ផ្ដើមរឿង ព្រះជិនវង្សឲ្យពួកគាត់ស្ដាប់។

យប់នោះ នៅពេលដែលអ្នកដំណើរទាំងឡាយដេកលង់លក់ ស្រមុកគគ្រឹកគ្រេងរៀងខ្លួន ខ្ញុំហ៊ានអះអាងថា មុខជាមានអ្នកខ្លះយល់សប្តិឃើញរូបនាងបទុមសុរិយា ដែលកើតពីក្នុងផ្កា ឬនាងសុវណ្ណរេខា និងអញ្ជ័នពីចិត្រដែលជាបុត្រីយក្ខ ហើយប្រហែលជាអ្នកទាំងនោះដែលខ្លួនដេកនៅផ្ទាល់ពសុធានឹកគួចស្នេហា មមើស្រវារកស្ត្រីល្អឯកទាំងនោះពុំខាន។ “ជន្លេនស្រឡាញ់ផ្កាយ”។

ឱព្រះនាងក្សត្រីទាំងឡាយដែលប្រតិស្ឋកើតឡើង ដោយប្រាជ្ញាចិត្តកវីដែលមានរូបឆោមលោមពណ៌ស្អាតល្អឥតផ្ទឹមបាន ដែលមាននាមក្រអូបឈ្ងុយដូចបុប្ឆាជាតិ ក្មេងទំទើបថ្មី គេបោះបង់ចោលអស់ហើយ! ប៉ុន្តែក្លិនពិដោរព្រះនាងនៅតែអណ្ដែតចេញពីសាស្ត្រាស្លឹករឹតមក ប្រលោមចោមបំពេជាដរាប នូវព្រលឹអ្នកស្រែដែលធ្វើការនឿយហត់។


ពួកអ្នកដើរព្រៃ កាលបើបានសង់ជំរំរួចស្រេចហើយ ក៏ចាប់បំបែកគ្នាជាបីកង។ មួយកងអ្នកដើររកឃ្មុំ យកកូនក្រមួននិងទឹក។ មួយពួកទៀតជាអ្នកស្វែងនេសាទត្រី តាមបឹងតាមត្រពាំង។ ឯផ្នែកទីបីជាពួកអ្នកនៅចាំជំរំ ថែទាំងសត្វពាហនៈ និងយកត្រីដែលចាប់បានមកធ្វើជាប្រហុក ជាងៀត ឬឆ្អើរ។

ចំណែកប៊ុនធឿន ដែលមកតាមគេប្រុងតែនឹកងរំហើយចិត្តនោះ មិនមានចូលជាពួកកងណាឲ្យប្រាកដទេ។ ជួនណាប៊ុនធឿន លីអង្រុត លីសមទៅតាមពួកនេសាទ។ បើប្រសិនជា គេប្រទះឃើញបឹងណាធំពេក ឬ ដែលមានទឹកនៅច្រើននៅឡើយ គេក៏ប្រើអង្រុត ប្រើសមទៅលុកលុយចាប់យកត្រី។ តែបើប្រសិនជាបឹងមានទឹករឹងនៅតិចល្មមវិញ គេកកាយដីលើកភ្លឺបែងបំបែកបឹងជាពីរ។ បន្ទាប់មកគេយកស្នាចធ្វើអំពីឈើ ឬ ធ្វើអំពីប៉ោតប្រេងកាតបាចបញ្ជូនទឹកពីភាគម្ខាងទៅម្ខាង ទាល់តែខះទើបគេចាប់ត្រីដាក់ត្រកតែម្ដង។ រួចហើយទើបគេបាចទឹកពីម្ខាង ដែលមានទឹកបញ្ចូលមកម្ខាងវិញ។

នៅវេលាដែលគេចាប់ត្រី តែនិយាយសើចហ៊ោកញ្ជ្រៀវខ្លះច្រៀងប្របកៃ ខ្លះហួចខ្លះទះដៃទ្រហឹងអឹងកង។ នៅក្រោមម្លប់ឈើមួយដុះនៅប្របមាត់បឹង មានខ្លះទៅរកឧសមកបង្កាត់ភ្លើងហើយតាំងរើសយកត្រីរស់ណាធំៗធាត់ៗ បិទដីឥដ្ឋហើយកប់ទៅក្នុងងងើក យកត្រីអណ្ដែងខ្នាតធំៗទៅត្បុតនឹងមែកឈើ ហើយអាំងចោលក្លិនឈ្ងុយ នាំឲ្យស្រាវទឹកមាត់គ្រប់ៗគ្នា។ ឯទឹកជ្រលក់សោតក៏គេយកមកលាយចំរុះជាមួយក្នាក្នុងចានមួយ ដោយថែមអម្ពិលពីរបីគ្រាប់ និងទឹកជាពីរ បីច្រូចប៉ុណ្ណោះ។ គេឥតប្រើជីរខ្ទឹមអ្វីសោះឡើយ។ តែម្ហូបនេះមានឱជារសឆ្ងាញ់ណាស់ ដោយមកពីធ្វើការនឿយហត់ ប៊ុនធឿនដែលខ្នះខ្នែង ក្នុងការនេសាទនោះ ក៏តែងអាស្រ័យបានឆ្ងាញ់រាល់ពេលហើយមិនប៉ុន្មានថ្ងៃ ក៏មានទឹកមុខស្រស់បស់សម្បុរឡើងក្រហមក្រម៉ៅ។

មានថ្ងៃមួយ ប៊ុន-ធឿន បានដើរចូលព្រៃធំជាមួយពួករកឃ្មុំ។ ឱកាសនេះ ធ្វើឲ្យប៊ុន-ធឿនសង្កេតឃើញថា ពួកអ្នកដើរព្រៃដើរលឿន ហើយធន់មិនងាយអស់កំលាំយ៉ាងអស្ចារ្យ។ មួយទៀតព្រៃសោតសឹងមានសភាព ដូចៗគ្នា មិនគួរគេចំណាំបានមិនឲ្យវង្វេងសោះឡើយ។ បើកាលណាគេប្រទះហ្វូងឃ្មុំយកផ្កា គេចាំមើលវា បើសិនជាវាត្រឹបរួចហើយឃ្មុំហើរទាបៗ ត្រង់ទៅទីណាមួយ គេនឹងយល់ថាឃ្មុំនោះមានសំបុកនៅឆ្ងាយមិនងាយនឹងតាមទៅរកទេ។

តែប្រសិនវាយកផ្ការួចហើយ វាហើយឡើងទៅលើត្រដែតវិញ គេត្រូវដើរទៅតាមវា មិនយូរប៉ុន្មានក៏គង់តែប្រទះនឹងសម្បុកវាពុំខាន។ កិរិយាចម្លែកនៃ ឃ្មុំនេះ តាប្រាក់គាត់បានពន្យល់ ប៊ុន-ធឿន ថាសត្វនេះចង់បញ្ឆោតមនុស្សយើង។ វាហើរខ្ពស់ ដើម្បីឲ្យគេជឿថាសំបុកវានៅឆ្ងាយ វាហើរទាបៗ ឲ្យគេជឿថាវានៅជិត។ មនុស្សកំណាចបានអារកាត់ប្រស្នានេះបានយូរមកហើយ តែសត្វទាំងនោះនៅតែមិនទាន់ភ្ញាក់ខ្លួននៅឡើយ។

នៅពេលដែលគេប្រទះនឹងសំបុកឃ្មុំនីមួយៗ គេប្រមូលមែកងាប់ស្លឹកឈើស្ងួត ចងផ្អោបធ្វើជាគប់ ហើយដុតបង្ហុញឲ្យមេឃ្មុំផ្អើល ហើយរត់ចោលអស់ ទើបគេឡើងដើមឈើ ទៅដណ្ដើមយកកូន យកទឹក យកក្រមួនវាមក។

មានថ្ងៃមួយ ពួកអ្នកដើរព្រៃ កំពុងតែដើរងើយរកមើលសំបុកឃ្មុំតាមមែកត្អួរដែលដុះស្រឡូនយ៉ាងខ្ពស់។ ស្រាប់តែឮសូរបាក់មែកឈើប្រាវៗ ហើយឮសំរែកកកិតៗផង។ តាប្រាក់ដែលបានដើរមកជាប់ជាមួយនោះ ក៏ស្រែកថា៖ “កនយើងឡើងលើដំរីដេញហើយ!”។ អ្នកផងខ្មីឃ្មាតរត់ប្រវាឡើងទៅបំពួនខ្លួនឯងលើចុងរុក្ខជាតិអស់ទៅ។ សល់តែប៊ុន-ធឿន ដែលកំពុងរវល់កេះបាយក្ដាំងជ្រលក់ទឹកឃ្មុំអាស្រ័យ។ អ្នកដែលឡើងលើចុងឈើនាំគ្នាងាកមើលទៅឃើញដំរីស្ដមួយធំស្ដើង ចេញពីដុបព្រៃ ហើយបោលតំរង់ស្លុងទៅចំប៊ុន-ធឿន។ បុរសនេះភ័យស្លុតពេកក៏រត់យក ទាំងឆ្នាំងបាយ ទាំងចានដាក់ទឹកឃ្មុំទៅជាមួយផង។ ដំរីរត់ជិតទាន់ហើយ! ១០ម៉ែត្រទៀត! ៧ម៉ែត្រទៀត ៥ម៉ែត្រទៀត!... អ្នកនៅចុងឈើទាំងប៉ុន្មាន ភ័យញ័ររន្ធត់អស់ព្រលឹង មិនដឹងគិតធ្វើដូចម្តេចមកជួយអ្នកមានអាសន្នបាន។ នៅតែ ៥ ម៉ែត្រទៀត! ដំរីដេញប្រកិតៗរកតែ ប៊ុន-ធឿន យកឱកាសឡើងដើមឈើណាមួយក៏មិនបាន! មួយសន្ទុះក្រោយមក ដែលយូរហាក់ដូចមួយសតវត្ស គេឮមាត់តាប្រាក់ស្រែកថា៖ ចោលឆ្នាំ ចោលចានទៅ! ប៊ុន-ធឿន ភ្ញាក់ខ្លួន ហើយក៏គ្រវែងវត្ថុទាងពីរនេះភ្លាម។ ឯដំរីក៏ស្ទុះទៅព្យាយាមបុកបែនចាន និងឆ្នាំង នាំឲ្យប៊ុន-ធឿន មានពេលរត់ដោះខ្លួនទៅឡើងដើមរទាំងមួយទាន់។

មានយប់មួយ នៅពេលរំលងអាធ្រាតអ្នកដើរព្រៃកំពុងដេកលក់ស្រមុកយ៉ាងក្សេមក្សាន្ត ស្រាប់តែសូរកាំភ្លើងបាញ់បីដងព្រមទាំងមាត់មនុស្សចំនួន ប្រហែលម្ភៃនាក់ស្រែកឆាកហ៊ោយកជ័យ។ យប់នោះឯងព្រះចន្ទ្ររះភ្លឺស្រឡះ។ តាប្រាក់ភ្ញាក់ឡើងដឹងថាមានចោរប្លន់ ក៏ប្រមូលពួកកងគាត់កាន់ខ្វែវ កាន់ដាវ កាន់ពូថៅ ហើយរត់ចូលព្រៃអស់។ គាត់ប្រាមប្រាប់គ្នាគាត់ថា យើងមិនត្រូវតស៊ូ នឹងពួកចោរក្នុងទីវាលនេះទេ ព្រោះពួកវាមាន “គ្រឿងប្រយោល” ត្រូវបណ្ដោយឲ្យវាយករបស់ទ្រព្យសិនចុះ។

បន្តិចក្រោយមកពួកចោរដ៏មានគ្នាប្រាំពីរនាក់ កាន់កាំភ្លើងដែលមានមាត់ត្រែចាំងភ្លែតៗ ដោយពន្លឺព្រះចន្ទ្រ ដើរចូលស្រមក។ កាលបើមកដល់ជំរំហើយ ពួកមនុស្សឧត្បាតខ្លះ ស្ទុះទៅស្រាយយកគោ ខ្លះក្រសាវយកត្រីងៀត ត្រីឆ្អើរ ក្រមួននាំគ្នាវេចស្ពាយអ៊ីអឹង។

លុះពួកខ្មាំងចេញផុតទៅ តាប្រាក់ផុសខ្លួនពីក្នុងដុបយកត្រចៀកផ្ទៀងស្ដាប់សូរជើងគោ និងជើងចោរហនេយ្យុំ ដែលអន់ថយបន្តិចម្ដងៗក្នុងរាត្រី។

តាប្រាក់និយាយប្រាប់គ្នាគាត់៖
- ពួកអានេះ ដើរធ្លាក់ទៅលើរនាមស្ទឹងចាស់ហើយ មិនអីទេគ្នាយើង យើងនឹងនាំគ្នាទៅចាំស្ទាក់ផ្លូវវានៅច្រកព្រៃឯមុខនុ៎ះ។

ថាហើយគាត់នាំគ្នាដើរតាមផ្លូវកាច់តូច ដំរង់ទៅព្រៃដងអូរមួយ។ លុះដល់កន្លែងដែលផ្លូវជើងទៅប្រសព្វ និងផ្លូវរទេះទៅរនាមស្ទឹងចាស់ហើយ តាប្រាក់ក៏បំបែកគ្នាគាត់ជាពីរកង មួយកងឲ្យប្រុងចូលលុកដណ្ដើមយកគោ មួយកងទៀតសំរាប់ចូលវាដណ្ដើមសំពាយ។

ព្រៃដងអូរយប់ស្ងាត់។ ឮចង្រិតដែកយំច្រែតៗ ឮមាត់ទីទុយដែលរកចាប់ក្ដាម ស្រែក ម្ដងៗ។ ពួកតាប្រាក់បំពួនខ្លួនក្នុងដុបកូនឈើស្ងាត់ឈឹងសូន្យ។ ព្រះពាយត្រជាក់រំភើយក្លិនផ្កាព្រំ និងផ្កាស្រឡិតក្រអូបឈួល។ ឯព្រះចន្ទ្រពេញវង់បូណ៌មី ហោះចិញ្ចែងហាក់ដូចជារត់លេងពួនជាមួយដុំពពក។

ពួកតាប្រាក់ចាំឃ្លាំ… ចាំប្រុង... តាប្រាក់ច្រឡំផ្លូវទេដឹង? ពួកចោរដើរផ្លូវផ្សេង ឬយ៉ាងម្តេច?
- ទេ តាប្រាក់មិនច្រឡំទេ។ បើពុំនោះតើគេនឹងតាំងគាត់ជាដង្ខៅដើរព្រៃឯណាបាន!
តាប្រាក់មិនច្រឡំផ្លូវទេ ព្រោះឥឡូវគេចាប់ឮសូរជើងគោដើរ ដែលរឹតតែខ្លាំងឡើងៗ គេឮមាត់មេចោរសើចហោរកញ្ជ្រៀវសប្បាយដោយយល់ឃើញថាពួកអ្នកដើររនាមនោះ សុទ្ធតែជាមនុស្សកំសាកញី ឮសូរកាំភ្លើងមិនទាន់បានអីផង ក៏នាំគ្នារត់ចូលព្រៃអស់។ មេចោរសើចសំរួលហាស់ៗ!

សើចសប្បាយ ហ៎ស! ហ៎ស!... ស្រាប់តែមានសំរែកមួយស្ទុះឡើងកនយើងបានការហើយ! ហើយពួកតាប្រាក់ក៏ស្ទុះស្រោកចូលដេញតាមកាប់ចាក់ពួកសត្រូវ។ មនុស្សយង់ឃ្នងនេះតក់ស្លុតស្មារតី មិនមានតស៊ូអ្វីដល់តូចមួយសោះ គិតតែនាំគ្នាបោះគ្រឿងសស្ត្រាវុធ បង្វេចបង្វររត់យកតែព្រះអាយុរៀងខ្លួន។

មួយសន្ទុះក្រោយមក ពួកចោររត់ខ្ចាត់ខ្ចាយបាត់អស់ ហើយគេឮលូរមាត់តាប្រាក់ មានជ័យសើចហ៊ោកញ្ជ្រៀវវិញ។

ជ័យជំនះរបស់តាប្រាក់ បានមានឡើងដោយពេញលក្ខណៈ។ របស់ទ្រព្យ និងសត្វពាហនៈ ដែលចោរប្លន់យកបានប៉ុន្មាន ក៏ដណ្ដើមយកបានវិញឥតខ្វះមួយ ថែមទាំងបានរបស់តាងផ្សេងៗ ដូចជា កាំភ្លើង កាំបិត ពូថៅ ពិល ទៃគ្រូ យ័ន។ ឯមេចោរ និងកូនចោរម្នាក់ដែលក្លាហានតស៊ូមិនរត់ ក៏ដួលដេកស្លាប់ចង្គ្រាង នៅលើផ្លូវរទេះមានរបួសត្រង់ថ្ងាស និងក្បាលជាទម្ងន់។

តាប្រាក់គាត់ឲ្យពួកគាត់ខ្លះនៅយាមសាកសពកុំឲ្យសត្វបៀតបៀន ឲ្យពីរនាក់នាំពត៌មានទៅប្ដឹងមេឃុំ ហើយនឹងឲ្យពួកខ្លះទៀតដេញគោ និងរែករបស់ទ្រព្យត្រឡប់មកជំរំវិញ។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩