ផ្កាស្រពោន - ភាគទី ១២


ក្រោយដែលបានទទួលសំបុត្ររាយការណ៍ ពីមេឃុំកំពង់ព្រះ អធិប្បាយពីដំណើរចោរប្លន់អ្នកដើររនាម និងពីដំណើរអ្នកដើររនាមបានតស៊ូ ហើយកាប់ចោរពីរនាក់មក ក្រុមអយ្យិកាអមសាលាដំបូងបាត់ដំបង បានកោះហៅអ្នកដែលបានដើរព្រៃក្នុងគ្រានោះទាំងប៉ុន្មាន ដើម្បីយកមកស៊ើបសួរជាពន្លឺ។

នៅល្ងាចដែលបានឲ្យការ ចំពោះមុខលោកព្រះរាជអជ្ញារួចហើយ ប៊ុន-ធឿន មានអផ្សុកក្នុងចិត្តពេក ក៏ជិះរ៉ឺម៉កឆ្លងស្ពានដែកបកត្រើយខាងកើត។ លុះមកដល់មុខវត្តកណ្ដាលបានលឺសូរភ្លេងទាមមីង និងឃើញទង់ក្រពើធ្វើពីទេសឯកដោតឲ្យយោលតាមខ្យល់ ប៊ុនធឿន ក៏កើតស្រយង់ចំឡែកក្នុងបេះដូង។

នៅក្រុងបាត់ដំបង គេនិយមដំកល់សពនីមួយៗនៅលើគ្រឿងតាំងព្រមទាំងគ្រឿងសក្ការបូជា បាន៣ថ្ងៃ ៥ថ្ងៃ ៧ថ្ងៃ តាមថ្នាក់ធនធាននៃគ្រួសារ ទើបគេរំលាយជាការស្រេច។

ប៊ុនធឿន នឹកឆ្ងល់ក៏ជញ្ជឹងតែក្នុងចិត្តថា អ្នកណាស្លាប់ហ្ន៎ បានជាធ្វើឲ្យខ្ញុំថប់ព្រួយក្នុងទ្រូងដូច្នេះ?

ដើម្បីជំរះអោយអស់ពិភាល់ ប៊ុនធឿន ក៏ដើរទាំងក្រៀមក្រំចូលទៅក្នុងទីអារាមតាមផ្លូវក្រាលឥដ្ឋក្រហម ដែលបោសស្អាតរលីង ឆ្ពោះត្រង់ទៅមេរុដែលមានទេសឯកទំលាក់រំសាយពីពិដានមកព័ទ្ធជុំវិញជាមរណសញ្ញា។

នៅបាត់ដំបង គេរាប់អានតាំងរូបថតជនដែលទទួលមរណភាពមួយសន្លឹក ត្រង់មុខក្ដារមឈូស។

ប៊ុនធឿន កាលបើចូលដល់មេរុនោះហើយ ក៏ងើបសម្លឹងទៅមើលរូបថត ហើយស្រាប់តែញាប់ញ័រចំប្រប់ ទឹកភ្នែកហូរសស្រាក់។ ជនកំលោះនេះ ខំត្រដរទៅផ្អែកទប់ខ្លួននឹងសសរមួយ មានទឹកមុខស្លឹតស្លាំង។ បើប្រសិនណាជាមិនមានទឹកភ្នែកជោរជល់មកទេ ម៉្លេះសមអ្នកផងគេនឹកស្មានថា មានខ្យល់គមកបៀតបៀនពុំខាន។

នៅចំពីមុខក្ដារមឈូស ដែលមានលំអដោយក្បាច់លាបទឹកមាសភ្លឺច្រាលឆ្អៅ រូបថតនាងវិធាវីញញឹមប៉ប្រៃ សំឡឹងមកអ្នកមើលបុណ្យដែលដើរហូរហែ។

ឱពុទ្ធោអើយ អូនវិធាវី! នាងមិនគួរមកក្ស័យជន្មអ្វីទាំងក្មេង! ប៊ុនធឿន សំឡឹងមើលរូបថតហើយមើលទៀត មិនចេះអស់ចិត្ត នឹកពិភាល់ក្រែងលោច្រលំមិនមែន។

ឱអ្នកណាអើយ មកមានគំនិតយករូបថតនាងមកតាំងដូច្នេះ! នាងញញឹម. ញញឹមតែក្នុងរូបថតទេ តែកាលដែលនាងរស់នៅ នាងស្គាល់តែទឹកភ្នែក!។

ប៊ុនធឿន កំពុងតែខ្សឹកខ្សួល ភ្លេចភ្លាំងស្មារតីយ៉ាងនេះ ស្រាប់តែមានដៃត្រជាក់ៗមួយមកអង្រួនចាប់ស្មា។ កំលោះនេះភ្ញារខ្លួន ហើយងាកមើលទៅស្គាល់ជាម៉ែផៃ ដែលមានសក់កោរថ្មីៗ ហើយស្លៀកពាក់សតាមធម្មតាអ្នកកាន់ទុក្ខ ក៏ញញឹមស្ងួតទៅរកស្ត្រីចាស់ ហើយនិយាយម៉ែផៃអើយ ខ្ញុំបែកទ្រូងស្លាប់ឥឡូវហ្នឹង យាយផៃគាត់នៅស្ងៀមមួយសន្ទុះ ទើបឆ្លើយ:
- លោកក្មួយអញ្ជើញមកតាមខ្ញុំ។ អ្នកនួនគាត់ទន្ទឹងផ្លូវលោកក្មួយជាយូរថ្ងៃហើយ។
- ម៉ែផៃអើយ ខ្ញុំគ្មានការអ្វីទាក់ទងនឹងមីងនួនទៀតទេ

ជនទាំងពីរនេះដកដង្ហើមធំ ហើយនៅស្ងៀមមួយស្របក់ទើបម៉ែផៃគាត់ថ្លែង:
- លោកក្មួយអញ្ជើញតាមខ្ញុំមក ព្រោះខ្ញុំលឺគេថា នាងតូចបានសរសេរសំបុត្រមួយទុកជូនលោកក្មួយ។

លឺហើយ ប៊ុនធឿន ក៏ដើរដូចមនុស្សមមើតាមម៉ែផៃផ្ពោះទៅរោងចុងភៅ។

បន្តិចក្រោយមក ប៊ុនធឿន ក៏បានដើរដល់ ហើយបានសង្កេតឃើញស្ត្រីម្នាក់ស្បែកទ្រុឌទ្រោម ថ្គាមខូង ភ្នែករូង ដេកវៀនជិតកញ្ជើអីវ៉ាន់ម្ហូបអាហារ លូនចូលជិតស្ត្រីនោះ ហើយនិយាយសំដីយ៉ាងទន់:
- អ្នក! អ្នក! ក្មួយប៊ុនធឿនមកហើយ។

យាយនួនគាត់បើកភ្នែកដែលមានទឹកនេត្រាហូររហាមហើយសួរ:
- អ្នកណាហ្ន៎?
- ចា៎ះអ្នក ក្មួយប៊ុនធឿន មកដល់ហើយ

ប៊ុនធឿន ដែលកាលពីដើមមានចិត្តគ្នាន់គ្នាញ់ នឹកស្អប់យាយនួនដោយបានពង្រាត់បំរាស់គូសង្សារ លុះមកឃើ្ស្ត្រីនេះ មានរូបស្គមស្លឹតស្លាំងដូច្នេះ សេចក្ដីគុំកួនទាំងប៉ុន្មាន ក៏រសាយអស់មួយរំពេច ហើយសេចក្តីអាណិតអាសូរក៏បែរមកជ្រួតជ្រាប ក្នុងដួងចិត្តចៅមាណពវិញ។

យាយនួនគាត់ក្រោកអង្គុយ ហើយនិយាយខ្សាវៗ:
- ប៊ុនធឿន ឯងចូលជិតមក។

កំលោះក៏ប្រតិបត្តិតាមសំដីនេះដោយស្ងប់ស្ងៀម។ មួយសន្ទុះទើបសំឡេងដោយនួននិយាយតទៅទៀត៖
- ប៊ុនធឿន មីងបានជាខុសគំនិតទៅហើយ មីងមិនបាននឹកស្មានថាសចក្តីស្នេហាមានកម្លាំងអ្វីម្ល៉េះ។ អាវី ថាតែឈ្មោះនេះហើយទឹកភ្នែកគាត់ហូរច្រោកៗ។ គាត់ខំអត់មួយស្របក់ ទើបនិយាយទាំងអាក់អួលតទៅទៀត អាវាមិនភ្លេចក្មួយឯងទេ។ មុននឹងដាច់ខ្យល់ទៅ វាបានប្រគល់សំបុត្រមួយច្បាប់ និងចិញ្ជៀនមួយវង់ទុកឲ្យឯង។

ថាហើយ យាយនួន ក៏ស្រវាទាញកូនវ៉ាលីសស្បែកមួយមកបើក ហើយយកវត្ថុទាំងពីរមកប្រគល់ឲ្យប៊ុន ធឿន។ គឺចិញ្ជៀនត្បូងទទឹមមួយវង់ និងសំបុត្រដែលមានស្រោមបិទជិតមួយច្បាប់។

ប៊ុនធឿន ទទួលយករបស់ទាំងពីរនេះមកទុកក្នុងហោប៉ៅអាវ ហើយក៏លើកហត្ថសំពះលាភ្លាម
- ទៅចុះក្មួយ។

ប៊ុនធឿន ដើរចេញមកដល់គ្រឿងតាំង ក៏ងាកមើលរូបថតសង្សារកំសត់ម្ដងទៀត។ ឱ! អូនវិធាវីថ្លៃជីវិត មិនប៉ុន្មានថ្ងៃទៀតទេ គេនឹងរំលាយសព អូនទៅជាធូលីហើយ

បងសំឡាញ់

នៅពេលដែលបងអានសំបុត្រនេះ ខ្ញុំនឹងចូលមរណភាពបាត់រូបទៅហើយ ឱបងអើយ.. ខ្ញុំចាំទន្ទឹងមើលផ្លូវបងពីថ្ងៃមួយទៅថ្ងៃមួយ។ មុននឹងស្លាប់ មិនបានអ្វីគ្រាន់តែជួបមុខបងមួយភ្លែតក៏សុខចិត្តដែរ។ តែឥឡូវ យូរថ្ងៃណាស់ទៅហើយ បាត់ដំណឹងបងសូន្យឈឹងតែម្ដង។ ឯរោគសោតក៏ធ្វើឲ្យខ្ញុំឈឺសព្វអស់អង្គកាយ មិនស្រយាលឡើយ។ ហេតុនេះហើយ បានជាខ្ញុំស៊ូព្យាយាម ត្រដរសរសេរម្ដង់បន្ដិចៗ តែងជាសំបុត្រនេះ ទុកជាសេចក្ដីលារបស់ខ្ញុំ។ បងអើយ អូនលាហើយ! ធ្វើម្ដេចជាតិនេះ កម្មក្រាស់ឈ្នានីសមិនឲ្យខ្ញុំ និងបងបានជួបគ្នា។ ខ្ញុំសូមចិត្តបងកុំឲ្យកើតទុក្ខនឹងខ្ញុំច្រើនហួសប្រមាណ។

ជំពូកមួយទៀត។ ខ្ញុំសូមចិត្តបងកុំនឹកប្រកាន់ខឹងនឹងអ្នកម្ដាយអូនខ្លាំងពេក។ ធ្វើម៉េចគាត់ជាមនុស្សចាស់ គាត់តែងកាន់គំនិតចាស់។ គាត់មិនមែនចង់ធ្វើបាបយើងទេ គាត់គ្រាន់តែយល់ខុសប៉ុណ្ណឹងទេ។

បង បើបងស្រឡាញ់អូនដោយស្មោះត្រង់ ចូរបងធ្វើតាមបណ្ដាំខ្ញុំ នេះកុំខាន។ ចូរបងត្រឡប់ទៅកាន់វិទ្យាល័យ ហើយខំរៀនសូត្រឲ្យបានចំណេះខ្ពង់ខ្ពស់។ រួចហើយបងសំឡឹងមើលនារីណាមួយ ដែលអាចនាំសេចក្តីក្សេមក្សាន្តជូនបងបាន សូមបងដណ្ដឹងយកធ្វើជាភរិយាទៅ។ ឯចិញ្ជៀនត្បូងទទឹមដែលជាវត្ថុមួយគាប់ចិត្តរបស់ខ្ញុំលើសលប់ជាងវត្ថុឯទៀត ខ្ញុំសូមឲ្យបងទុកដាក់ដៃជាទីរលឹកផង ខ្ញុំជូនយុវតីនោះតទៅ…

បងអើយកុំទុក្ខពេក។ ធ្វើម្ដេចវាសនារបស់មនុស្សតែងតែប្រកបដោយសេចក្ដីមិនទៀង មិនឋិតថេរដូច្នេះ។ អូនសុំលាបងហើយបង!

នៅពេលយប់ស្ងាត់ ប៊ុនធឿន បានអុជចង្កៀងមើលសំបុត្រនាងវិធាវីដោយមានទឹកនេត្រាហូរហែងមិនដាច់។

នៅខាងក្រៅផ្ទះ ខ្យល់បក់លឺហ៊ូៗ ហើយយូរៗ គេលឺសូរសំឡេងរលកខ្មោចយំម្ដងៗ។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩