ផ្កាស្រពោន - ភាគទី ៨
ព្រះសុរិយារះទន្ទែងចាំងចុងដូងលៃ ដែលមានវាយោមកបន្ទន់យោលយលទៅមក។ អ្នកផងទាំងឡាយដើរហូរហែចុះឡើងពាសពេញ។ យាយនួន និងម៉ែផៃស្លៀកពាក់ស្អាតបាត នាំនាងវិធាវីដែលមានសាច់ស្លាំង ហើយដណ្ដប់ក្រមា ដើរលុយទឹកកន្លងស្ទឹងទៅផ្សារ។
ស្ទឹងសង្កែ នៅរដូងប្រាំង តែងរីងស្រកស្ទើរអស់នៅសល់តែខ្សែទឹកតូចៗ តាមប្រឡោះកូនកោះខ្សាច់ដុះឡើងក្នុងផ្ទៃនៃផ្លូវទឹក។ ដោយសារក្រុងបាត់ដំបងមិនសូវសំបូណ៌ដោយស្ពាន និងដោយសារទឹកវារាក់ពេករកប្រើទូកដមិនកើត មហាជនតែងនាំគ្នាលាត់សំពត់លុយឆ្លងកាត់ទៅ ពីត្រើយម្ខាងទៅត្រើយម្ខាង។
គ្រានោះ មានឈ្នួលម្នាក់លីវ៉ាលីសស្បែកមួយធំលើស្មាឆ្វេង និងយួរកូនវ៉ាលីសតូចមួយនៅដៃស្តាំដើរតាម ក្រោយស្រ្តីទាំងបីប្រាណ។
នាងវិធាវីខំប្រឹងទប់ខ្លួនកុំឱ្យដួល ដោយកំឡាំងទឹកហូរច្រាន។ ដំណើរនាងក៏ធេងធោងទ្រេតទ្រោតមិនដូចជាជន ដែលលុយទឹកជាមួយនាង ហើយដែលមានអាយុច្រើនជាងនាងនោះឡើយ។ មុខស្លេកស្លាំង និងដំណើរបែបនេះ ជាហេតុចង្អុលឱ្យឃើញថា នាងមានសុខភាពមិនមាំទាំទេ។
កាលបើបានដល់ផ្សារវិលហើយ យាយនួនគាត់តំរង់ទៅចំណតឡានទៅសៀមរាប។ លុះបានតថ្លៃរួចគាត់បង្គាប់ ឱ្យកូនគាត់ និងម៉ែផៃឡើងជិះលើរថយន្តនោះ។ លុះគាត់ប្រាប់ឱ្យគូលីឡានម្នាក់ លើកវ៉ាលីទាំងពីររៀបដាក់ទៅលើរថយន្តអោយបានស្រួលបួលឱ្យគាត់រួច ទើបគាត់ដើរទៅរកទិញម្ហូបចំណីយកទៅទុកអាស្រ័យតាមផ្លូវ។
គាត់ទិញនំប័ុងបានពីរ ហើយខំជ្រៀកញែកបំណងទៅទិញសាច់ក្រកចំហុយទៀត ស្រាប់តែលឺមាត់គេស្រែកសួរ។
- យីតែតើហ្ន៎! អញ្ជើញទៅណាមកណា បានជាទិញអីវ៉ាន់យ៉ាងនេះ?
យាយនួនគាត់ងើបមើលឡើងឃើញនាងថូ គាត់ក៏ញញឹមឆ្លើយ៖
- ចា៎ះនាង ខ្ញុំជូនកូនខ្ញុំទៅសៀមរាប។
- បើយ៉ាងនេះ ចាំឱ្យគេបើកឡានតូចខ្ញុំជូនទៅ! កុំជិះឡានឈ្នួលធ្វើអី វាពិបាកណាស់។
- អរណាស់ហើយនាង ខ្ញុំទិញកន្លែងស្រេចទៅហើយ កុំឱ្យនាងព្រួយ។
- មានកើតអីចែ ឡានខ្ញុំទំនេរសោះ ប៉ុនជាទៅលេងជាមួយគ្នាទេតើ។
ចិត្តយាយនួនចង់ទទួលអាការគួសម នៃដន្លងគាត់ពន់ពេក តែគាត់នឹកខ្លាចទាស់ចិត្តកូនគាត់។ គាត់ក៏នៅស្ងៀមមិនតប ហើយលូកដៃទៅរើសសាច់ក្រកឱ្យចិនថ្លឹងចំនួនកន្លះនាឡិ។ ឯនាងថូទៅឈរចាំមើល។ លុះឃើញយាយនួនទិញរួចហើយ ក៏ចៅរៅសួរថែមទៀត៖
- ឯណាក្មួយចែ?
- វានៅចាំឡានឯនោះ។
- បើអីចឹង ខ្ញុំចង់ទៅជួបមួយភ្លែត។
ថាហើយ ស្ត្រីទាំងពីរនាក់ក៏នាំគ្នាដើរត្រង់ទៅឡានឈ្នួល:
- យី ក្មួយឯងទៅលេងសៀមរាបហ្នឹង?
នាងវិធាវី ដែលភ្នែកវល់សំឡឹងភ្លឹកទៅឆ្ងាយ លុះលឺហើយភ្ញាក់ខ្លួនព្រើត។ នាងងាកមុខមក ឃើញនាងថូ ភក្ត្រនាងដែលពីមុនស្លេកស្លាំងសដូចទេសឯក ក៏ប្រែជាក្រហមទុំភ្លាម ដោយសេចក្តីក្តៅក្រហាយ។ តាំងតែពីនាងដឹងខ្លួនថា ម្តាយនាងលើកឱ្យទៅជាកូនប្រសានាងថូកាលណាមក នាងចេះតែទោម្នេញដំណេកមិនបាន បាយទឹកអ្វីក៏ឡើងជាប្រហាត ឥតឱជារស។ នាងដែលមិនហ៊ាន នឹកខឹងនឹងមាតាក៏បង្វិលសេចក្តីក្រោធនេះ ដាក់ទៅលើគ្រួសារ ដែលប្រាថ្នាចង់បាននាងជាកូនប្រសារវិញ។ យាយនួន ឃើញកូនគាត់ចេះតែមុខស្រពោន ហើយស្គមថយកម្លាំងទៅៗដូច្នោះ ក៏គិតឃើញថាគួរនាំកូនគាត់ទៅលេង រំហើយចិត្ត ដោយយល់ថា ការទស្សនាបុរាណដ្ឋានទាំងពួង ដែលឋិតនៅក្នុងខេត្តសៀមរាប នឹងអាចនាំឱ្យកូនគាត់រីករាយសប្បាយ មានសាច់មានឈាមឡើង នឹងអាលរៀបការឱ្យទាន់ខែពិសាខខាងមុខ។
នាងវិធាវី ដែលឈ្វេងយល់គំនិត កំបាំងម្តាយខ្លួនដូច្នោះ ក៏រឹតតែគ្នាន់ក្នាញ់ តែមិនចេញស្តីថាអ្វីឡើយ។ លុះលឺសំដីនាងថូមកប្រលោមសួរទៀត សេចក្តីក្រោធពិរោធទាំងប៉ុន្មាន ក៏ដាលពុះពារឡើងពេញទាំងទ្រូង តែដោយនាងជា អ្នកមានពូជពង្ស នាងក៏ខំទប់សង្កត់ ហើយឆ្លើយតបដោយសំឡេងនៅញ័របន្តិច។
- ចា៎ះមីង ម៉ែគាត់នាំខ្ញុំទៅលេងអង្គរ។
- យីក្មួយ! ឯងកើតអីហ្នឹង ក៏ស្គមម្ល៉េះ? មកកុំជិះឡាននេះ ចាំជិះឡានមីៅយកមួយរំពេចបានហើយ។
- អរគុណណាស់ហើយមីង កុំឱ្យមីងមានព្រួយឡើយ ម្យ៉ាងទៀតខ្លួនខ្ញុំនេះ មិនមានរោគអ្វីទេ។
នាងថូរៀបនឹងហាមាត់ឆ្លើយទៅហើយ ប៉ុន្តែជួនជាពេលនោះ មានមនោគតិមួយចំឡែក ហើរមកប៉ះសតិគាត់ គាត់ក៏ឈប់នៅស្ងៀមទៅវិញ។ មួយសន្ទុះក្រោយមក នាងថូក៏លាអ្នកដំណើរទាំងនោះ ក៏ដើរចេញទៅ។
ឡានរត់លឿន... រត់លឿនកាត់វាលស្រែដែលមានជញ្ជ្រាំងជាប់នៅដី នាងវិធាវី ដែលមានម្តាយនាង និងម៉ែផៃអង្គុយអមសងខាងនាង ខំគយគន់រុក្ខជាតិ ជួរភ្នំនិងទេសភាពទាំងពួង ដែលកំដៅព្រះអាទិត្យរដូវប្រាំង កំទេចជាផង់ធូលីមើលយូរទៅនាងរោយភ្នែក នាងក៏ដាក់មុខសញ្ជឹងសញ្ជប់ ខ្យល់ល្បឿនរត់បក់បោកសក់នាងយោលរវិចៗ។
ពាក្យកាព្យដែលនាងបានអានឃើញក្នុងសៀវភៅមួយ ក៏នៅថតជាប់ក្នុងសតិនាង។ លុះនាងត្រូវរងទុក្ខប្រកបគ្នានឹងលក្ខណៈនៃពាក្យនេះ ទំនុកឃ្លោងក៏រោយជ្រុះចេញមកដោយឯងៗ។
តាំងតែពីនាងដឹងខ្លួនថា ម្ដាយនាងលើកនាងឱ្យទៅចៅណៃស៊តកាលណាមក ទឹកមុខនាង ក៏ចេះតែក្រៀមក្រំអាប់រស្មី។ បុប្ឆាទាំងពួងដែលរីកស្គុះស្គាយជាលំអរធម្មជាតិ បើត្រូវកំដៅព្រះអាទិត្យ ឬមានម្លប់អ្វីមកគ្របដណ្ដប់ តែងនឹងស្រពោន រុះរោយចោលត្របករាយនៅលើពសុធា យ៉ាងណាមិញ នារីដែលមានរូបឆោមលោមពណ៌ ដែលជាលំអនៃមនុស្សធម៌ តែកាលណាមានអាការអកុសលមកបៀតបៀន ក៏សឹងតែធ្លាក់ទៅក្នុងសភាវៈចង្រៃនោះ ដូចគ្នាដែរ។
នាងវិធាវី គិតដល់ពាក្យដែលបានសន្យា គិតដល់សេចក្តីស្នេហារបស់នាង គិតដល់រឿងរ៉ាវសៀវភៅប្រលោមលោក ដែលនាងបានអានខ្លះ ក្នុងអក្សសាស្ត្រសៀម គិតដល់ប៊ុនធឿន ដែលនាងធ្លាប់ដឹងចិត្តថ្លើម គិតមមៃសព្វគ្រប់ទៅ នាងសល់សែនចំបែងក្នុងចិត្ត នាងយល់ម្តងថា ត្រូវជំរាបម្តាយនាង ពីការណ៍មិនចូលចិត្ត នឹងនាងថូព្រោះថាស្ត្រីនេះ ជាអ្នកវាយកំពស់ដោយអាងសម្បត្តិ និងពីដំណើរស្អប់ឈ្មោះណៃស៊ត ដែលជាកំលោះព្រហើនស្រវឹងដោយធនធាន មិនមានចិត្តមេត្តាករុណា ដល់អ្នកតូចទាបឡើយ។ នាងគតិពន្យល់ម្ដាយនាងថា ឈ្មោះណៃស៊តចង់បាននាងជាភរិយានេះ ដោយប្រាថ្នាត្រេកនឹងលំអរូបនាងប៉ុណ្ណោះ។ តែបើកាលណា នៅភពប្រសព្វគ្នាយូរទៅនាងនឹងមានកូនចៅ ឯរួបរាងក៏អន់ទ្រុឌទ្រោមទៅដែរ ឈ្មោះនេះក៏នឹងលះបង់ចោលនាង ហើយនាងនឹងលុះនៅក្នុងសេចក្តីតោកយ៉ាកពុំខាន។ តាមពាក្យអ្នកផងគេនិយាយថា ឈ្មោះណៃស៊តមានចំណូលនឹងបរទាកម្មណាស់ ហើយថែមទាំងបានធ្វើនារីម្នាក់ឱ្យមានគភ៌ រួចហើយឈ្មោះណៃស៊តក៏បង់ប្រាក់ បន្តិចបន្តួចចោលស្ត្រីនោះ មានទំនួលដូចគេបរិភោគគុយទាវ ឬកាហ្វេ ហើយចេញប្រាក់ឱ្យទៅអ្នកលក់យ៉ាងនោះឯង។ នឹកហើយនាងខ្សឹកខ្សួល តែនឹងហាមាត់ជំរាបម្ដាយតាមយោបល់នេះ មិនរួចដោយនាងជាយុវតីមួយស្រគត់ស្រគំ ធ្លាប់ពន្លយកិរិយាមារយាទតាមលំអាននៃទំនៀមបុរាណចាស់ទុំជានិច្ច។ នាងមានសេចក្តីអៀនខ្មាស់ច្រើន មិនហ៊ានចរចា ពីសេចក្តីស្នេហាសោះឡើយ ប្រការមួយទៀត នាងគិតឃើញថា សម័យនេះហួសឱកាសទៅហើយ ទោះនាងប្រកែករឹងរូសដូចម្ដេច ក៏មុខតែយាយនួនគាត់ប្រែសំដីថាទេវិញ មិនបានឡើយ។ ខែពិសាខ! នៅតែមួយខែទៀតទេ... នឹកឃើញថា ពេលអាពាហ៍ពិពាហ៍កិច្ចនៅខ្លីដូច្នោះ នាងក៏ព្រឺព្រួច ហើយសុំបួងសួងទេវតាឱ្យជួយយោងសេចក្តីស្នេហានាងឱ្យផុតពីគ្រោះធំនេះ។
ឡានបរទៅមុខ! ទៅមុខ! ... នេះប្រជុំជនមង្គលបុរី ... នេះសេរីសោភ័ណ! អ្នកដំណើរក៏នាំគ្នាចុះស្រទៅប្រញិបប្រញាប់ទិញបាយចិនអាស្រ័យ។ យាយនួនគាត់ក៏ស្រាយកញ្ចប់ ហើយកាច់នំប័ុងមួយកំណាត់ និងបេះសាច់ក្រកមួយគូឱ្យទៅម៉ែផៃ ទើបគាត់ហៅកូនគាត់៖
- មកអាវី ស៊ីនំប័ុងទៅ។
នាងវិធាវី ក៏យកនំប័ុងប៉ុនមេដៃបិទនឹងសាច់ក្រកមួយចំណិត។ ម្ហូបនេះហាក់ដូចជាមានឱជារសល្វីងចង់ផ្ដេសផ្ដាសក្នុងមាត់នាង។ នាងលេបមិនរួច ក៏ខ្ជាក់ចោលទៅនឹងថ្នល់។ ក្នុងវេលានោះ មានឆ្កែខ្មៅមួយដែលមាន អង្គែស៊ីពេញខ្លួន ដើរមករើសកញ្ជាក់នាងវិធាវី ឆក់បរិភោគហើយសំដែងទឹកមុខឱ្យឃើញថា ចំណីនោះឆ្ងាញ់ពីសាយ៉ាងចំឡែក។ នាងក៏កាច់នំប័ុងមួយដុំប៉ុនកដៃបោះឱ្យទៅសុនខនេះទៀត។ សត្វនេះ មុខនឹងត្របាក់ចំណីនោះ ក៏លើកភ្នែកសំឡឹងមកនាង មានកិរិយាហាក់ដូចជាចង់ថ្លែងសេចក្តីអរគុណ ចំពោះនាង! នាងវិធាវីក៏កើតសញ្ជឹង៖ ឱសត្វតិរច្ឆាននេះ ចេះនឹកគុណ ឯមនុស្សម្ដេចក៏ភ្លេចសេចក្តីសន្យាហ្ន៎?
- អាវី ម៉េចក៏ញ៉ាំនំឱ្យច្រើនទៅ នៅជាងពាក់កណ្ដាលផ្លូវទៀតទើបដល់សៀមរាប។ ញ៉ាំទៅ តិចទៅជាខ្យល់ ជាព្យុះអីទៀតហើយ។
- ចា៎ះ ម៉ែ ខ្ញុំមិនសូវឃ្លានទេ។
យាយនួនគាត់ក៏ងើបមើលភក្ត្រកូនគាត់ ហើយងាកចេញភ្លាមបែរសំឡឹងទៅទីឆ្ងាយមានទឹកមុខព្រួយចំប្រប់ ទ្រូងគាត់តឹង ខ្លួនគាត់ស្រយង់។ គាត់គិតឃើញថាកិរយាចំឡែកនៃកូនគាត់យ៉ាងនេះ ដល់មានគូគ្រងទៅមុខជានឹងផ្លាស់ប្តូរវិញពុំខាន... គំនិតនេះ ធ្វើឱ្យយាយនួនធូរទ្រូង ព្រោះនៅជិតថ្ងៃខែណាស់ហើយ។

ឱគូសង្សារថ្លើមប្រមាត់ | កម្មអ្វីមកកាត់ឱ្យព្រាត់ខ្ចាយ |
ពីថ្ងៃនេះទៅបែកចេញឆ្ងាយ | ឱស្ដាយសែនស្ដាយ ស្ដាយខ្លួនក្មេង |
ម៉ែអើយមានសីលនៅពេញខ្លួន | ម្តេចអោយកូនខ្លួនសោកសង្រេង |
ម្ដេចហ៊ានផ្តាច់កូនពីគូព្រេង | វង្វេងនេះព្រោះតែក្តីលោភ |

Comments
Post a Comment