ដង្កូវ និងក្អែក
មាននិទានមួយថា សត្វដង្កូវកំពុងស៊ីស្លឹកឈើ មានសត្វក្អែកមួយហើររកចំណីទៅប្រទះនឹងដង្កូវនោះ ។ ក្អែកថា «ពេលនេះ មានលាភបានដង្កូវស៊ី» ក៏ហើរទៅជិតដង្កូវ ។ ដង្កូវក្រឡេកឃើញក្អែកក៏នឹកថា «ខ្លួនអាក្អែកនេះ ចិត្តឃោរឃៅនឹងចឹកអញស៊ីឥឡូវហើយ»។ ដង្កូវសួរក្អែកថា «មករកអ្វី ?»។ ក្អែកប្រាប់ទៅដង្កូវវិញថា «អញមកស៊ីដង្កូវឯង»។ ដង្កូវថា «លុះតែក្អែកឯង រកប្រស្នាអញឃើញទើបស៊ីអញបាន, បើរកប្រស្នាអញមិនឃើញ ស៊ីអញមិនបានទេ»។ ក្អែកសួរថា « ប្រស្នាដង្កូវឯងយ៉ាងដូចម្ដេចសួរមកចុះអញនឹងរកឲ្យឃើញ» ។ ដង្កូវសួរទៅក្អែក ដូចមានតទៅនេះ៖
១ - ដូចម្ដេច ដែលគេហៅថា ផ្អែមជាងគេបំផុត ?
២ - ដូចម្ដេច ដែលគេហៅថា ជូរចត់ជាងគេបំផុត ?
៣ - ដូចម្ដេច ដែលគេហៅថា ស្អុយជាងគេបំផុត ?
៤ - ដូចម្ដេច ដែលគេហៅថា ក្រអូបជាងគេបំផុត ?
កាលបើក្អែក បានឮដង្កូវសួរប្រស្នាទាំង៤បទនេះហើយ មានសេចក្ដីត្រេកអរជាទីបំផុត ក៏ស្រែកហ៊ោកញ្រ្ជៀវលេង ដោយគិតថា «ប្រស្នាដង្កូវទាំង៤បទនេះ អញមុខជារកឃើញឥឡូវហើយ នឹងបានស៊ីដង្កូវនេះមិនខាន » ទើបក្អែកឆ្លើយដោះស្រាយប្រស្នាដូចមានតទៅនេះ ។
១ -ដែលគេហៅថាផ្ងែមនោះ គឺមានស្ករ និងឃ្មុំ ផ្អែមជាងអ្វីទាំងពួង ។
២ - ដែលគេហៅថាជូរចត់នោះ គឺមានម្ជូរក្រូចឆ្មារ,អម្ពិល,ម្ជូរសណ្ដាន់,ម្ជូរក្រសាំង,និងទឹកខ្មេះ ។
៣-ដែលគេហៅថាស្អុយជាងគេនោះ គឺអាចម៍ និងគម្រង់ខ្មោចសត្វទាំងពួង ។
៤- ដែលគេហៅថា ក្រអូបជាងគេនោះ គឺផ្ការំដួល ផ្កាម្លិះ និងទឹកអប់ ។
ក្អែកបានដោះស្រាយប្រស្នាទាំង៤បទនេះ ប្រាប់ទៅដង្កូវ ។ ដង្កូវថា « ក្អែក ដោះប្រស្នានេះ មិនត្រូវទេ » ។ ក្អែកក៏ដាក់មុខស្រងូត និយាយទៅដង្កូវវិញថា « បើដង្កូវឯងថាខុស សុំឲ្យដង្កូវប្រាប់ប្រស្នានេះមកអញឲ្យបានដឹងផង »។ ដង្កូវប្រាប់ទៅក្អែកវិញថា « ប្រាប់បាន តែក្អែកឯងកុំស៊ីអញទើបអញប្រាប់» ។ ក្អែកថា «ឲ្យតែប្រាប់ចុះ អញមិនស៊ីដង្កូវឯងទេ» ។ លុះបានខសន្យាព្រមព្រៀងគ្នាយ៉ាងហ្នឹងហើយ, ដង្កូវក៏ដោះស្រាយប្រស្នាប្រាប់ទៅក្អែក ដូចមានពាក្យតទៅនេះ៖
១ - ដែលគេហៅថា ផ្អែមនោះ មិនមែនផ្អែមស្ករទឹកឃ្មុំនោះទេ គឺផ្អែមពាក្យសម្ដី ដែលនិយាយទៅមករកគ្នា ដោយពាក្យពិរោះស្មោះត្រង់រកគ្នា, នេះហើយហៅថា ផ្អែមជាទីបំផុត ។
២ - ដែលគេហៅថា ជូរចត់នោះ មិនមែនជូរចត់ អម្ពិល សណ្ដាន់ ក្រូចឆ្មារ ទឹកខ្មេះនោះទេ គឺពាក្យផរុសវាទ ឃោរឃៅ ឥតគួរ ឥតសម ដែលនិយាយកាន់គ្នាទៅវិញទៅមក, នេះហើយហៅថា «ជូរចត់លើសជូរចត់អ្វីទាំងពួង» ។
៣ - ដែលគេហៅថា ស្អុយនោះ មិនមែនស្អុយអាចម៍ ឬស្អុយគម្រង់នោះទេ គឺស្អុយកេរ្ត៍ ស្អុយឈ្មោះ ដែលប្រព្រឹត្តអាក្រក់ក្នុងលោក , នេះហើយហៅថា « ស្អុយច្រាសខ្យល់»។
៤ - ដែលគេហៅថា ក្រអូបនោះ គឺមិនមែនក្រអូបក្លិនផ្កា ឬទឹកអប់នោះទេ គឺក្រអូបកេរ្ត៍ឈ្មោះ ដែលប្រតិបត្តិល្អ, នេះហើយហៅថា «ក្រអូបជាងគ្រឿងក្រអូបទាំងពួង »។
ក្អែកបានស្ដាប់ប្រស្នាទាំងនេះហើយ ឈប់ស៊ីដង្កូវទៅ ។
សៀវភៅប្រជុំរឿងព្រេងខ្មែរ
Comments
Post a Comment