ព្រះអាទិត្យ និងកូនព្រិលតូច - ភាគទី២
អារម្មណ៍ដែលធ្លាប់តែមានអ្នកស្តាប់សំដី ហើយបែរជាបាត់បង់ទៅវិញ គឺពិតជាធ្វើកូនព្រិលតូច នៅមិនសុខ បើទោះបីជាមានមិត្តភក្តិរួមជំនាន់នៅក្បែរ និយាយលេងជាមួយយ៉ាងណាក៏ដោយ។ កូនព្រិលតូចធ្លាប់សួរខ្លួនឯងថា ហេតុអ្វីបានជាខ្លួនចង់និយាយពាក្យក្នុងចិត្តនៅមុខព្រះអាទិត្យ? ហេតុអ្វីក៏ចាំបាច់អោយកូនព្រិលមានអារម្មណ៍ឯកាយ៉ាងនេះ? សំណួរដែលកូនព្រិលសួរសិ្ថតជាចំងល់រហូត ហើយនៅក្នុងចិត្តកូនព្រិលពិតជាមិនស្រណុកឡើយ។
ស្របពេលកូនព្រិលតូចយើងត្រូវស្ថិតនៅផ្ទៃក្រោមនៃទឹកកកដ៏គួរអោយធុញទ្រាន់ ព្រឹទ្ធាចារ្យរបស់ទឹកកកបានសាកល្បងរកនូវវិធីដែលធ្វើអោយបងប្អូនទឹកកកទាំងអស់អាចរស់នៅលើផែនដី ក្រោមកំដៅព្រះអាទិត្យបានយូរអង្វែង។ ព្រឹទ្ធាចារ្យទឹកកកបានសុំអោយមានអ្នកស្ម័គ្រចិត្តដើម្បីចូលរួមធ្វើការពិសោធន៍របស់គាត់! ដោយសារតែវិធីរបស់គាត់មានភាពគ្រោះថ្នាក់ខ្លាំង ទើបបងប្អូនទឹកកកទាំងអស់មិនទុកចិត្ត ហើយគ្មានអ្នកណាចូលរួមឡើយ។ រីឯកូនព្រិលតូចយើងបានលឺដូច្នេះហើយ ក៏សំរេចចិត្តថានឹងសុខចិត្តពលីជីវិតជូនការពិសោធន៍របស់លោកព្រឹទ្ធាចារ្យទឹកក។ កូនព្រិលតូច គិតក្នុងចិត្តថា បើនៅតែគ្មានអ្នកពលីទេ នឹងមិនអាចអោយមានការអភិវឌ្ឍន៍ដើម្បីការពារពូជទឹកកកគ្រប់ជំនាន់ឡើយ! មួយវិញទៀត ស្របពេលដែលអផ្សុក គ្មានអ្នកស្តាប់សំដីកូនព្រិលតូច និតរយពាន់សំណួរថា ហេតុអ្វី នៅក្នុងចិត្តផងនោះ កូនព្រិលគិតថា បើគង់តែត្រូវលះបង់ជីវិតដោយសារដល់វេនទៅផ្ទៃខាងលើនៅទឹកកក ចុះហេតុអ្វីក៏មិនធ្វើអ្វីអោយមានប្រយោជន៍ខ្លះ? ដូចនេះ កូនព្រិលតូចក៏សុំលោកព្រឹទ្ធាចារ្យព្រិលទឹកកក ធ្វើជាអ្នកពលីក្នុងការពិសោធន៍របស់គាត់។ វាពិតជាពិបាកណាស់ ដូចដែលលោកព្រឹទ្ធាចារ្យព្រិលទឹកកកបាននិយាយ! កូនព្រិលតូចគិតថាចង់ឈប់វាត្រឹមនេះ តែចិត្តមួយទៀត ប្រាប់ថា ត្រូវតែបន្តវាអោយចប់! ប្រឹងអោយអស់ពីលទ្ធភាព ទើបគេហៅថាស្ម័គ្រចិត្ត! លោកព្រឹទ្ធាចារ្យព្រិលទឹកកក មិនដែលហាមឃាត់កូនព្រិលតូចឡើយ តែគាត់បាននិយាយថា ពេលខ្លះយើងបង្ខំខ្លួនឯងអោយធ្វើរឿងអ្វីមួយ! ធាតុពិតយើងគ្រាន់តែមិនសុខចិត្តនឹងការអយុត្តិធម៌ចំពោះខ្លួនឯង តែបើសិនជាយើងចាប់ផ្តើមទទួលស្គាល់យកវា យើងនឹងហ៊ានលះបង់! សំខាន់នោះគឺ តើខ្លួនយើងអោយតំលៃទៅលើវត្ថុនោះប៉ុណ្ណា!! កូនព្រិលតូចមិនដែលនិយាយអ្វីច្រើនឡើយ តែក្នុងចិត្តកូនព្រិលតូចពិតជាស្ញប់ស្ញែងនឹងលោកព្រឹទ្ធាចារ្យព្រិលមែន! អស់រយៈកាលមិនយូរប៉ុន្មាន ព្រឹទ្ធាចារ្យព្រិល ធ្លាក់ខ្លួនឈឺ ហើយក៏ស្លាប់បាត់ទៅ! តែគាត់លាចាកលោកដោយមានមោទនភាពបំផុត ដោយសារលោកបានបន្សល់នូវវិធីដែលធ្វើអោយព្រិលទឹកកកអាចរស់នៅក្រោមកំដៅព្រះអាទិត្យដោយមិនរលាយ! កូនព្រិលតូច គឺជាមនុស្សទីមួយ និងជាជំនាន់ដំបូងបំផុត ដែលអាចរស់នៅក្រោមពន្លឺព្រះអាទិត្យដោយមិនរលាយ! បងប្អូនទឹកកកពេលនេះមានភាពសប្បាយរីករាយយ៉ាងខ្លាំង ប៉ុន្តែគេមិនដែលភ្លេចនូវគុណបំណាច់របស់លោកព្រឹទ្ធាចារ្យព្រិលទឹកកកឡើយ! ជីវិតជាព្រិលទឹកកដែលមិនងាយរលាយ ពិតជាភាពអស្ចារ្យមួយ ប៉ុន្តែក៏ធ្វើអោយព្រឹលទឹកកកមានភាពឯកា នឹងជីវិតរបស់ពួកគេដែរ! ឥឡូវនេះ កូនព្រិលតូច អាចស្ថិតនៅក្រោមពន្លឺព្រះអាទិត្យម្តងទៀតហើយ!!!!
និពន្ធដោយ៖ កេត ហាណា
Comments
Post a Comment