ទំនាក់ទំនងក្នុងអក្សរសិល្ប៍


ជាទូទៅ​ នៅក្នុងអក្សរសិល្ប៍​ មិនថាប្រភេទណា គឺមានកាលអាកាស តួអង្គ ចំណោទបញ្ហា មូលន័យ និងគំនិត​សំខាន់​របស់ខ្លួន គ្រាន់តែរឿងខ្លះ​មាន​ភាពស៊ាំញាំ រឿងខ្លះ​ខ្លីមិនសូវ​មានស៊ាំញាំ។​

កាលអាកាស

គប្បី​ញែក​ឱ្យ​បាន​ច្បាស់​អំពី​ កាល និងអាកាស។

កាល​ សំដៅ​លើ​ពេល​វេលា។ ហើយពេលវេលា​អាចជាអតីតកាល បច្ចុប្បន្នកាល​ អនាគត​ ថ្ងៃ​ យប់ នារ​ដូវណាមួយ។

អាកាស ជាទីកន្លែង​ដែល​រឿង​កើតឡើយ។ អាកាស​អាច​ជាកន្លែង​ក្នុងមនោគតិ ឬកន្លែង​មានពិត ដូចជា លើដី ក្នុងទឹក លើកំពូលភ្នំ ឋានភុជង្គនាគ នៅសាលា ស្ថាប័ន ឬអង្គភាព ឬ​តាម​ផ្លូវ​ណាមួយ។

តួអង្គ

តួអង្គនៅក្នុងរឿង អាច​មាន​តួអង្គឯក តួអង្គរង តួអង្គបន្ទាប់បន្សំ និង​តួអង្គរំលឹក។ ភាគច្រើន​នៅក្នុងការ​វិភាគ​ក្នុង​អក្សរសិល្ប៍​ គេ​លើក​ដោយសង្ខេបអំពីតួអង្គឯក និងតួអង្គរងសំខាន់ៗ​ប៉ុណ្ណោះ។

តួអង្គឯក គឺ​តួអង្គ​ដែល​សំខាន់ជាងគេ មាន​សកម្មភាព​ច្រើនជាងគេ ដែលក្នុង​សាច់រឿងគ្រប់​ឈុតឆាក គឺ​មានពាក់ព័ន្ធ ឬ​មាន​វត្តមាន​នឹង​តួអង្គឯក។ ឧទាហរណ៍​៖
  • ក្នុងរឿង​ទុំទាវ (ទុំ និងទាវ​ជាតួអង្គឯក)
  • ក្នុងរឿង​កុលាបប៉ៃលិន (​ចៅចិត្រ និងឃុននារី​ ជាតួអង្គឯក)
  • ក្នុងរឿង​ផ្កាស្រពោន (ប៊ុនធឿន និងវិធាវី ជាតួអង្គឯក)​
តួអង្គរង គឺជា​តួអង្គ​ ដែល​បាន​បញ្ចេញ​សកម្មភាពរួម ចំណែក ធ្វើ​ឱ្យ​អ្នក​អាន​ដឹង​អំពី​ដំណើរ​របស់​រឿង​។ តួអង្គរង​ធ្វើ​ទំនាក់ទំនង​ជាមួយ​តួអង្គឯក​ និង​តួអង្គដទៃទៀត។ ឧទាហរណ៍៖
  • ក្នុងរឿងទុំទាវ (យាយផាន់ នាងនោ នាយ​ពេជ្រ ជា​តួអង្គរង)
  • ក្នុងរឿង​កុលាបប៉ៃលិន (​លោក​បាឡាត់​ស្រុកសង្កែ​ ជាតួអង្គរង)
  • ក្នុង​រឿង​ផ្កាស្រពោន (​យាយ​ផាន់ ណៃស៊ត ជាតួអង្គរង)
តួអង្គ​បន្ទាប់បន្សំ គឺជាតួអង្គ​ដែល​មានវត្តមាន​នូវ​ឈុតឆាកខ្លះ មិនសូវ​សំខាន់ តែ​ជួយ​ជ្រោមជ្រែង ឱ្យ​សាច់រឿង​មាន​ភាព​រស់​រវើក។ ឧទាហរណ៍៖
  • ក្នុងរឿង​ទុំទាវ (អ្នកស្រុកត្បូងឃ្មុំ អាមាត្រតូចតាច ជាតួអង្គបន្ទាប់បន្សំ)
  • ក្នុងរឿង​ផ្កាស្រពោន (​ អ្នក​ចូលរួម​ក្នុង​ពីធីបុណ្យសពនាង​វិធាវី ជា​តួអង្គបន្ទាប់បន្សំ)
តួអង្គ​រំលឹក គឺជាតួអង្គ ដែល​មិន​បានធ្វើ​សកម្មភាពអ្វីសោះ​ នៅ​ក្នុងឈុតឆាករឿង តែអ្នកនិពន្ធ​​បាន​លើកឡើង​ដើម្បី បង្ហាញពីទំនាក់ទំនង​ផ្សេងៗនៅក្នុងសាច់រឿង។ ឧទាហរណ៍៖
  • ក្នុងរឿង​ផ្កាស្រពោន (អ្នកដឹកនាំរឿង​រំលឹកពីតួអង្គឪពុករបស់​នាងវិធាវី (ស្លាប់) ដែលជា​អ្នក​ត្រូវ​រ៉ូវគ្នា​ភ្ជាប់​ពាក្យ​នាងវិធាវី និង​ប៊ុនធឿន)​។

គំនិតសំខាន់បង្ហាញត្រង់

គំនិតសំខាន់បង្ហាញត្រង់ គឺល្បះ​ណាមួយដែល​មានន័យ​ក្តោបអត្ថបទទាំងមូល។ គំនិត​សំខាន់​បង្ហាញត្រង់ ជួនកាល​នៅដើម​កថាខណ្ឌ ជួនកាល​នៅចុង​បញ្ចប់​នៃកថាខណ្ឌ។

មូលន័យ

មូលន័យ គឺជា​គំនិត​សំខាន់​របស់រឿង ដែល​អ្នកនិពន្ធចង់​បង្ហាញ​ដល់អ្នកអាន។ គំនិត​សំខាន់​នៃអត្ថបទ​ ឆ្លុះ​បញ្ចាំង​អំពីជីវិត​ ឬជំនឿ​និងសកម្មភាពរបស់​មនុស្ស។ មូលន័យ​ភាគច្រើន​មិនបង្ហាញ​ត្រង់​នោះទេ អ្នកអាន​ត្រូវ​តែរកឱ្យឃើញ​គំនិតសំខាន់នៃកថាខណ្ឌទាំងឡាយ បន្ទាប់មក​ទើប​ទាញ​យក​មូល​ន័យ​ពីក្នុងគំនិតសំខាន់ទាំងនោះ។ ឧទាហរណ៍​៖
តួអង្គ៖ អ្នកតាភ្នំ
សកម្មភាព៖ នាំបណ្តាការដល់មុន បាន​កូន​យាយតាជាប្រពន្ធ និង​បានសម្តែងរិទ្ធិ​ធ្វើឱ្យភ្នំខ្ពស់ឡើង
គំនិតសំខាន់៖ រហ័សរហួន ជោគជ័យដោយសមត្ថភាពផ្ទាល់ខ្លួន
មូលន័យ​ក្នុងរឿង៖ ការ​តស៊ូដោយ​សមត្ថភាព និង​ស្មារតីប្រុងប្រយ័ត្ន​ មាន​យុត្តិធម៌​ត្រូវ​តែ​ទទួល​ជ័យ​ជំនេះ។

ចំនងបញ្ហា

ចំនោទបញ្ហា​ គឺជាកន្សោម​ព្រឹត្តិការណ៍​ក្នុងរឿង។ ព្រឹត្តិការណ៍​មួយកើតឡើង បានធ្វើឱ្យ​ព្រឹត្តិការណ៍​មួយទៀតកើតឡើង​ ហើយ​ព្រឹត្តិការណ៍ថ្មីនេះ​ ជម្រុញ​ឱ្យ​មានព្រឹត្តិការណ៍​ផ្សេងទៀត​កើត​ឡើង​ជា​បន្ត​បន្ទាប់។

ចំនោទបញ្ហាកើតពីទំនាស់។ ទំនាស់​មាន​ប្រភពចេញពីការ​តស៊ូដើម្បីរស់ ឬ​ការ​មិនចុះសម្រុង​នឹងអ្នកនៅជុំវិញ។

ដំណាក់កាល​នៃចំនោទបញ្ហា ឬទំនាក់ទំនង​ក្នុងអក្សរសិល្ប៍​
  1. ការបង្ហាញស្ថានភាពដើម (​អ្នកនិពន្ធពណ៌នាពេលមុន​កើតមាន​បញ្ហា)
  2. ការ​បង្ហាញ​ភាពស៊ាំញ៉ាំ (អ្នកនិពន្ធលើកពីហេតុដែល​នាំឱ្យមានបញ្ហា)
  3. ចំនោទ​បញ្ហា (បញ្ហាបានកើតឡើង)
  4. ដំណោះស្រាយ​ (ការដោះស្រាយបញ្ហា)​។





Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩