ផ្កាស្រពោន - ភាគទី១


រទេះភ្លើងបោលលឿនដូចព្យុះកាត់ព្រៃខ្លុង និងព្រិចរត់ឆ្លងអូរ ហើយជ្រែកពុះជើងភ្នំ ដោយ​បញ្ចេញ​សន្ធឹក​ខ្ទ័ររំពង​ធ្វើឲ្យរញ្ជួយផែនពសុធា។

បន្តិចក្រោយមកយាននោះក៏បើកផុតជួរភ្នំ និងព្រៃស្ងាត់អស់ ហើយប្រសិន​បើជាគេអើត​តាមបង្អួច​នៃទូណាមួយទៅ គេនឹងឃើញវាលស្រែដ៏មានភ្លឺខ្មៅប្រផេះ ខ្វែងកាត់គ្នាជាក្រឡា​ចត្រង្គប្រកប​ដោយកិរិយាចេះរត់ថយក្រោយវិញ។

វាលស្រែ! វាលស្រែ! ពាសពេញតៗ ជាប់គ្នាដល់ជើងព្រៃដែលគេមើលទៅឃើញខៀវសន្លឹម។

នៅក្នុងវាលស្រែ សុទ្ធតែមានទឹកសស្ងាច ពេញព្រៀបដែលខ្យល់រំហើយបោក​បក់បណ្តាល​ឲ្យកើត​ជារលកពព្រាំមកយោលដើមស្រូវខ្ចី ពណ៌បៃតងស្រស់។

នៅក្នុងជំពូកគុម្ពស្រូវនោះ មានផ្កាត្រកួនពណ៌ស្វាយ ផ្កាក្រជីបពណ៌ក្រហមឆ្អៅ ផ្កាអញ្ចាញ​ពណ៌លឿងដូចមាសឆ្អិន លាយឡំគ្នាត្រង់នេះបន្តិច ត្រង់នោះបន្តិច។បុប្ផាទាំងនេះ ហាក់​ដូចជា​ឧប្បត្តិកឡើង សម្រាប់ជាគ្រឿងលំអនៃសំពត់ព្រំពណ៌បៃតង ដែលលាតសន្ធឹង​ក្រោមមេឃ​ស្រកានាគ និងក្រោមរស្មីថ្លាត្រចះនៃព្រះសុរិយា។

នៅក្នុងទឹកថ្លាខ្យង កុកចុះរកស៊ីសព្រាតទាំងហ្វូងៗ និងមានគ្រួសារ ឬចង្កៀលខ្យង ដើរគូៗវា។ឆ្ងាយពីទីនោះបន្តិចទៅហ្វូងប្រវឹកហែលប្រដេញគ្នាតាមគុម្ពវល្លិវារីជាតិ។ ឯពូកអ្នក​ស្ទូងដែល​ស្លៀក​ពាក់​​ខ្មៅ ហើយប្រឡាក់ភក់ស្រមកបាននាំគ្នាងើបមើលខ្សែរទេះភ្លើងធ្វើភ្នែកស្លឹង។

ពូកសិស្សវិទ្យាល័យដែលត្រូវបានឈប់សម្រាកពីរខែ បាន​ស្រុះ​គ្នាធ្វើដំណើរ​ត្រឡប់ចូលទៅ​ក្រុង​បាត់ដំបង់វិញ ដោយអ៊ឹកធឹក៖ ខ្លះផ្លុំគែន ខ្លះទះដៃ ខ្លះទន្ទ្រាំក្តារបន្ទះ ហើយខ្លះច្រៀងទំនុកបារាំង ដែលគេធ្លាប់ឮអ្នកលេងកុនឈ្មោះទីណូរូសស៊ីច្រៀង។ក្មេងមួយនាក់ឈ្មោះបូណា ចេះ​ប្រសប់​យ៉ាង​ចំឡែក​ខាងធ្វើត្រាប់សម្តី និងកិរិយានៃគ្រូអាចារ្យ ដែល​ជាហេតុបណ្តាល​ឲ្យ​សំណើច​ផ្ទុះ​ឡើង​ឮទ្រហឹងអឺងអាប់។យុវជនខ្លះទៀតដែលមានឫកពាជាអ្នកសុភាពរម្យទម ឈរ​នៅ​មាត់​បង្អួច​មើល​សត្វ​ហើរមនុស្សខ្លះធ្វើការ និងទេសភាពនានា ហើយមាន​ទឹកមុខ​រីកថ្លា​ហាក់ដូចជា​មាន​ជួប​នឹង​មិត្រភក្តិ។

វ៉ាកងធំ! អ្នកទាំងឡាយគង់ជ្រាបស្រាប់ហើយ នូវកម្លាំងនៃសេចក្តីសប្បាយដែលពង្រីកទ្រូង នៃ​យុវជនលាសាលារៀន នៅពេលដែលចំពើបលើ ឈប់ពីរខែ វ៉ាកងធំ! ឈប់ពីរខែ! ពាក្យ​ចម្លែក​អស្ចារ្យ​ ដែលបើកទ្វារជើងមេឃធំ ទូលាយទៅខាងមុខបាន។បក្សាដែលគេបង្ខាំងនៅក្នុងទ្រូង ហើយបើគេបើកទ្វារលែងទៅ មានសេចក្តីត្រេកអរ យ៉ាង​ណាមិញ​ក្មេង​សិស្ស​ទាំងឡាយ​ ក៏សប្បាយ​យ៉ាងនោះដែល។ខ្លួនគេដូចជាស្រាលចង់រសាត់អណ្តែតទៅតាមអាកាស កិរិយា​គេដូច​ជា​មនុស្ស​ស្រវឹង​ គឺស្រវឹងនឹងសេរីភាព! ឈប់ពីរខែ! គេមិនដែលឃើញសប្បាយអ្វីបានយូរដល់ម្ល៉េះទេ។គេ​រួចពីចំណង​ការរៀនសូត្រ ដែលត្រូវបំពេញរាល់ថ្ងៃជាអចិន្ត្រៃយ៍។

លា​ហើយ​សៀវភៅ​ធំៗដ៏​មាន​វិជ្ជា​ពិបាក ឡើងងងឹតមុខ! លាហើយសម្លេងគ្រូអាចារ្យដែលបង្ខិតបង្ខំស្តីបន្ទោស លាហើយគ្រែដំណេកដែលមានសង្កើចពាសពេញ! លាហើយកន្លែងទទួលភោជនាហារដែលធំក្លិនឆ្អាបៗជាប់នឹងច្រមុះ! លាហើយពួកម៉ាកដែលធ្លាប់ស្រឡាញ់គ្នា ដែលខំប្រកួតប្រណាំងគ្នា…លាហើយ! លាហើយ! លាហើយ! គេនឹងទៅជួបជុំឪពុកម្តាយ បងប្អូនញាតិសន្តាន។គេនឹងបានដេកអស់ពេលតាមចំណង់ បរិភោគតាមឃ្លាន ដើរលេងតាមកំសាន្ត។ឈប់ពីរខែ ជយោ!

ក្នុងចំណោមជនដែលកំពុងត្រេកត្រអាលយ៉ាងនេះ! អ្នកទាំងឡាយ​គ្មាននឹក​នា​ថា​ នឹង​មាន​នរណា​ធ្វើមុខ​ជូរ កើតទុក្ខបានឡើយ។តែបើសម្លឹងគយគន់ឲ្យហ្មត់ចត់ទៅ ក៏នឹង​ឃើញកុមារ​ម្នាក់​ ដែល​មាន​រូបរាង​ដូចជាចៅចិន មានអាយុប្រហែល១៨ឆ្នាំ មុខរាហ៍ សម្បុរជ្រះ ទឹកមុខស្ងប់​ស្រពោន​នៅក្នុងយាន​តែម្នាក់ឯង។ឯសក់សំពោង ដែលអណ្តែតសំផុរទៅដោយល្បឿនខ្យល់ និងខោអាវសៗ កាត់តាមនិយមអឺរ៉ុប ដែលមានប្រឡាក់ពាសពេញ សម្តែងឲ្យឃើញថា អ្នកកម្លោះមានទុក្ខជាទម្ងន់។

ស្ថានីយ៍អូរស្រឡៅ! ក្មេងនោះក្រោកឈរឡើង ហើយអើតតាមបង្អួចមើលទៅខាងកើត។ក្នុង​គ្រានោះ អារម្មណ៍ផ្សេងៗក៏ស្ទុះមកបបោសអង្អែលព្រលឹងនាយកម្លោះ មានសភាព​ដូចជា​វាយោរ​រហៀកៗដែលតែងរំហើយរាត្រីនៃរដូវក្តៅ។ឱវាលស្រែនេះ! ជួរដងអូរនេះ! ឱ! ត្រដោក​ហ្វូង​គោក្របី​ដែលស៊ី​ស្មៅ​ព្រាតនោះ! ខ្លួនបានធ្លាប់ស្គាល់ ធ្លាប់ប្រទះ តែទោះយ៉ាងណាក៏ដោយ ខ្លួន​មិន​ចេះ​ចិន​ឆ្អន់​សោះ នៅមានសេចក្តីប្រតិព័ទ្ធដូចមិត្រសម្លាញ់ជានិច្ច។

កុមារ​គិត​ក្នុងចិន្តាថា៖ ឱភូមិកំណើតអើយ! នៅកំបាំងតែដងអូរពីរសង្កាត់ប៉ុណ្ណោះ ក៏នឹងដល់ហើយ!

រទេះភ្លើងបានចាប់បរទៅទៀត។ពួកកូនសិស្សក៏នាំគ្នារៀបហឹបរៀបអីវ៉ាន់ ព្រោះ​នៅតែ​១៥គីឡូទៀត​នឹងដល់ផ្ទះហើយ។មានខ្លះដែលជាអ្នក​ផ្ចិតផ្ចង់​ខាងរាង​កាយបាន​ចូលទៅក្នុង​បន្ទប់ទឹក ដើម្បី​លាង​មុខ សិតសក់ សម្រួលមួកលើក្បាល ទាញខ្សែក្រវ៉ាត់ហើយដកវ៉ែនតាខ្មៅមកពាក់។

ប៊ុន-ធឿន គឺជានាមនៃកុមារដែលមានមុខក្រៀមក្រំ ដកសំបុត្ររទេះភ្លើងមកកាន់នៅដៃ ហើយ​ទាញ​វ៉ាលី​ស្បែក​ដែលសឹកដាច់ដោយដំណើរញយៗមកដាក់ខាងមុខខ្លួន។នៅពេល​ដែល​បានជិត​មក​ដល់ក្រុងជាទីស្នេហាបំផុត អ្នកដំណើរនេះក៏ហាក់ដូចជាឮសូរបេះដូងខ្លួន យោលរឹតតែញឹក​ញាប់​ឡើង។

ផុតដំណាក់អូរដំបងហើយ…ឆ្លងស្ពានដែក…ឈប់បន្តិចនៅជិតវត្តកណ្តឹង…ផ្លូវ​រទេះ​ភ្លើង​កោង​វាង​ទៅ​ខាងវាលស្រែ ត្រើយខាងឆ្វេងនៃស្ទឹងសង្កែ។គុកក៏ត្រដាង​ជញ្ជាំង​ប្រផេះ…ផ្ទះនិងរោង​ជំនាង​ផ្សេងៗ នៃក្រុមរទេះល្បឿនយន្តថយ…ថយ ស្ថានីយ! មនុស្ស​ខ្មៅមីរ​នៅចាំទៅនោះ ។អ្នក​ដំណើរ​ទាំងអស់គ្នាក្រោកស្រឈរមើល។ហ្វ្រាំងស្រែក រថភ្លើងក៏ឈប់ទន្ទឹមនឹងស្ថានីយ៖ ខ្លះស្រែកហៅ ខ្លះសើច ខ្លះនិយាយកោកកាក អ្នកដំណើរប្រជ្រៀតគ្នាដើម្បីចុះពីលើយានព្រោងព្រាត។

ប៊ុន-ធឿនទាញមួកមកពាក់ កញ្ជក់វ៉ាលីរបស់ខ្លួនមកកាន់ ចាប់ដៃពួកម៉ាកពីរបី នាក់ ហើយ​ក៏ញែក​ពពួកមនុស្សដើរតម្រង់ទៅអ្នកចាំទ្វារ។ដល់ហើយក៏បង្ហាញសំបុត្រខ្លួនឲ្យគេកត់សម្គាល់ រួចក៏​ឡើង​ជិះក្នុង​រ៉ឺម៉កមួយ ទើបនិយាយប្រាប់អ្នកដែលធាក់ថា៖ ជូនខ្ញុំទៅកំពង់ព្រះ។

ថ្នល់ពីក្រុងបាត់ដំបងទៅភូមិកំពង់ព្រះ ជាផ្លូវអាណានិគមទី១(ផ្លូវជាតិលេខ៥)ដែលជាគមនាគមន៍ ឆ្ពោះ​ទៅកាន់ក្រុងភ្នំពេញ ថ្នល់នេះចាក់ជ័រស្អាតរាបធេង។

រ៉ឺម៉កដែលប៊ុន-ធឿនជិះមិនយូរប៉ុន្មាន ក៏រត់ផុតគេហដ្ឋានអ្នកស្រុកក្រុងអស់។ មាគ៌ា​នេះ​ មិន​សូវ​ស្ងាត់ទេ គេតែងជួបនឹងរទេះគោ អ្នកថ្មើរជើង អ្នកជិះចក្រយានទៅមក តែដោយប៊ុន-ធឿនធ្លាប់​ឮសូរសម្រែករទេះភ្លើង ឮសម្តីពួកម៉ាកពីមុនមកថ្នល់នេះ ក៏ហាក់ដូចជាមានសភាពស្រងេះស្រងោច រឹងរឹតតែធ្វើឲ្យអ្នកដំណើរយើងខ្លោចផ្សាក្នុងចិត្តពេកក្រៃ។ ទុក្ខដែលក្រាបងំកាលដែលជិះរទេះភ្លើង ឥឡូវក៏បែរទៅជាជោរជន់ដល់បំពង់ក។

ប៊ុន-ធឿនលូកយកសំបុត្រដែលនាងសោភ័ណជាប្អូនបង្កើត បានផ្ញើទៅឲ្យនៅ​ថ្ងៃមុនដែល​ខ្លួនចេញ​ពីក្រុងភ្នំពេញ​មកមើលឡើងជាថ្មីម្តងទៀត។សារនោះមានសេចក្តីថា៖

អ្នកបង! ខ្ញុំមិនហ៊ានលាក់ មិនប្រាប់អ្នកបងពីរឿងយើងមានគ្រោះថ្នាក់ ទុក្ខភ័យយូរទៅទេ ក្រែង​បង​និន្ទា​ថាប្អូនធ្វេសប្រហែស។

បងគង់បានជ្រាបតាមសំបុត្រខ្ញុំពីថ្ងៃមុនៗ មកស្រាប់​ហើយ​ថាលោក​ឪពុក​យើង​គាត់បានផ្ទុកនូវស្រូវ​នឹងទូកប៉ុកចាយមួយចំណុះ មួយហ្មឺនថាំង ដើម្បីនឹងនាំចុះទៅក្នុងក្រុងព្រៃនគរតាមផ្លួវទន្លេសាប។ខ្ញុំទើបដំណឹងច្បាស់ថា ទូកស្រូវនោះ ឥឡូវត្រូវខ្យល់ព្យុះបោកលិចកណ្តាលទន្លេទៅហើយ គេ​គ្មាន​សង្ឃឹមថា នឹងស្រង់យកស្រូវបានវិញខ្លះទេ។មុខតែខាតធំហើយគ្រានេះ។

ប៊ុន-ធឿនកាលបើនឹកឃើញសេចក្តីសំបុត្រនេះហើយ ក៏សែនតក់ស្លុតក្នុងស្មារតី។ សេចក្តី​បំណង​ដែល​ខ្លួនបានគិតទុកទាំងអម្បាលម៉ាន ក៏រលាយដូចជាអំបិលត្រូវទឹក។ ឱអញអើយ! ម្ល៉េះ​សម​នឹង​ត្រូវ​ចាកចេញចោលវិទ្យាល័យ ដើម្បីនឹងមកជួយកម្លាំងឪពុកម្តាយវិញ។

ឪពុកម្តាយប៊ុន-ធឿនដែលមានធនធានបន្តិចបន្តួច បានខំត្រដេត្រដរ​ប្រមូល​ប្រាក់​យក​ទៅ​ទិញ​ស្រូវ​ដាក់​ទូកទៅលក់ ហើយថែមទាំងមានចងការប្រាក់គេខ្លះផង។ បើ​ប្រសិន​ជាគាត់លក់​ទ្រព្យ​របស់ ដី​ស្រែ​ខ្លះទៅ ដើម្បីនឹងសងជំពាក់គេ ក៏មុខជាមិនសេសសល់ប៉ុន្មានឡើយ។

ឱគំនិតដែលតែងធ្វើឲ្យស្រម៉ៃឃើញខ្លួនទៅរៀនឯប្រទេសក្រៅ ឲ្យបានជ្រៅជ្រះ ឱ! ពាក្យ​ដែល​សច្ចា​ថា ប្រុងនឹងចិញ្ចឹមគូសង្សារឲ្យបានសុខសាន្ត ឱឪពុកម្តាយអើយ ខ្ញុំសែនលំបាក!…

អន្លង់វិល ជ្រនីក ស្វាយកង់…រ៉ឺម៉ករត់កាត់ភូមិដែលរាយនៅតាមថ្នល់ ហើយដែលមាន​នាមជាប់​ក្លិនដី​ក្រអូប​ឈួល។ ប៊ុន-ធឿនមិនបានគយគន់មើលសោះទេ ព្រោះចិត្តនៅជំពាក់​ខ្វល់តែនឹងសេចក្តី​តោក​យ៉ាកមួយមុខប៉ុណ្ណោះ៕

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩