ផ្កាស្រពោន - ភាគទី៧
ប៉ឺង! ប៉ឹង! ប៉ឹង! សូរជួងអ្នកចាំទ្វារវិទ្យាល័យ ប្រកាសប្រាប់អ្នកផងថាម៉ោង ៩ និង ១៥ នាទីយប់ហើយ។ អនុរក្សទះដៃផូងៗ លាន់រំពង ដើម្បីឱ្យពពួកយុវជនដឹងច្បាស់ថា ជាពេលត្រូវទំលាក់មុងដេករៀងៗខ្លួន។ សព្ទអ៊ូអរអំបាញ់មិញ ក៏រម្ងាប់ស្ងាត់ស្ងៀមម្តងបន្តិច។ នៅសល់តែសំឡេងខ្សឹបខ្សាវ។ ឬសូរខ្យល់ផាតិស្លឹកឈើ និងមាត់មៀមយំម្តងៗ។ គេពន្លត់អគ្គីសនីទាំងអស់ទុកតែដួងមួយ ដែលព្យួរបន្តោងនៅក្បែរដំណេកនៃអនុរក្ស។
ប៊ុន ធឿន ដែលមានគ្រែនៅចុងម្ខាងនៃល្វេងនោះ បានក្រោកឡើងស្រវារកទៀន និងឈើគូសមកអុជ ហើយរើហោប៉ៅអាវដែលព្យូរលើក្បាលដំណេក យករូបថតដែលនាងវិធាវីបានឱ្យមក កាលដែលជួបគ្នានៅក្រោមដើមស្វាយមកសំឡឹងមើល។ មួយសន្ទុះ ទើបទាញសំបុត្រមួយច្បាប់ ដែលសរសេរនៅលើក្រដាសពីរសន្លឹក ពេញទៅដោយអក្សរល្អិតៗ។ អក្ខរានេះ មានសេចក្តីថា៖
ក្រុងបាត់ដំបង ថ្ងៃ ៥ ៦ ២. ព.ស. ២៤៧៦
ជូនដំណឹងដល់គូជីវិត
ខ្ញុំមានចិត្តមមៃគិតមកបងមិនមានដាច់មួយវេលាឡើយ។
- ខ្ញុំដែលនៅឯនាយ តែងនឹកថា ពេលថ្មើរនេះ សមបងចូលរៀន
- ពេលថ្មើរនោះ សមបងនិយាយកំសាន្ត និងពួកម៉ាក ព្រោះទុក្ខចំបែងចេះតែងំក្នុងដើមទ្រូវ មិនដឹងទៅនិយាយប្រាប់នរណាឡើយ។ ពីដើមខ្ញុំមានរំពឹងច្រើនទៅលើសៀវភៅ ដែលអាចបន្លែបន្លំកង្វល់បានខ្លះ។ ឥឡូវនេះ ចេះតែសុបសៅ អានសៀវភៅក៏មិនបានល្ហែក្នុងចិត្តដែរ។
ដូច្នេះ ខ្ញុំខំបន់ស្រន់ អស់ទាំងទេវតាឱ្យលោកជួយជ្រោមជ្រែង ឱ្យបងរៀនសូត្របានប្រកបដូចសេចក្តីប្រាថ្នា ដោយខ្ញុំសព្វថ្ងៃនៅមានរំពឹងតែលើបងមួយប៉ុណ្ណោះ។
បង! ខ្ញុំដឹងចិត្តបងថា មានសេចក្តីស្នេហាដល់អូនជាទីបំផុត។ ហេតុនេះ ខ្ញុំសូមកុំឱ្យបងមានការតក់ស្លុតនឹងដំណឹងដែលពណ៌នាខាងក្រោមនេះឱ្យសោះ ឱ្យបងខំប្រុសស្មារតីតែខាងរៀនសូត្រតៅចុះ។ ជនដទៃ មានចេះភ្លេចពាក្យសន្យា ចំណែកខ្ញុំមិនដូច្នោះទេ ខ្ញុំមានតែពាក្យមួយប៉ុណ្ណោះមិនចេះប្រែប្រួលឡើយ។
បង ជាច្រើនថ្ងៃមកហើយ ខ្ញុំបានសង្កេតឃើញកិរិយាម្តាយ ខ្ញុំប្លែកពីសព្វមួយដង។ ទឹកមុខគាត់ចេះតែញញឹមញញែម ហើយថែមទាំងមានវាចាមកកាន់ខ្ញុំថា:
កូនឯងនេះចំជាមានវាសនាហើយ!។ គាត់និយាយតែប៉ុណ្ណោះ ខ្ញុំដេញដោលសួរគាត់យ៉ាងណា គាត់នៅតែស្ងៀមធ្វើព្រងើយ។
ឯយាយផៃវិញ ដូចបងជ្រាបស្រាប់ហើយ គាត់មានសេចក្តីស្រឡាញ់បងឯង និងខ្ញុំ ដូចជាបុត្រចេញពីផ្ទៃគាត់ មិនដឹងជាហេតុម្តេចឡើយ បានជាមុខគាត់ចេះតែស្រពោនមិនសប្បាយចិត្ត។
កិរិយានិងទឹកមុខខុសពីគ្នា នៃជនទាំងពីរនាក់ដែលមានចិត្តស្រលាញ់ខ្ញុំដូចគ្នានេះ នាំឱ្យខ្ញុំគិតអើយសែនគិត! ខ្វល់អើយសែនខ្វល់!
ស្រាប់តែម្សិលមិញនេះ ឱបងអើយ! ខ្ញុំទើបនឹងភ្ញាក់ខ្លួន។
បងគង់ស្គាល់ថៅកែ ណៃស៊ាន ដែលជាអ្នកមានជំនួញ នៅក្នុងបាត់ដំបង។ ប្រពន្ធណៃស៊ាន នេះឈ្មោះថូ។
អ្នកទាំងពីរនេះ គេមានកូនកំលោះមួយ ឈ្មោះណៃស៊ត។ មនុស្សកំលោះនេះហើយ ដែលម៉ែផៃប្រាប់ខ្ញុំថា ជាអ្នកដែលដេញតាមមើលខ្ញុំ ហើយធ្វើឬកងងុលជ្រើមមកលើខ្ញុំ នៅឱកាសដែលខ្ញុំទៅមើលបុណ្យ ព្រះសពលោកគ្រូចៅអធិការវត្តដំរីស ជាមួយនឹងបងប្អូនជិតខាង។ ឱសែនក្នាញ់ពេក!
ពីម្សិលមិញនេះ មីងថូគេបរឡានមកបញ្ឈរនៅមុខផ្ទះ ហើយមានចាស់ទុំជាច្រើននាក់លើកផ្លែឈើ ចំណី ចំណុក សំពត់ ព្រៃ ផាមួង ហូល ចរបាប់ និងខៀនបីក្រឡី ដង្ហែគ្នាឡើងមកលើផ្ទះ។
វត្ថុទាំងនោះជាជំនូនយកមកភ្ជាប់ពាក្យដណ្តឹងខ្ញុំ។ តាមដែលម៉ែផៃគាត់ប្រាប់ខ្ញុំនោះ ម៉ែខ្ញុំនិងខាងប្រុសបានដាច់ស្រេច ថាផ្សំផ្គុំខ្ញុំឱ្យទៅចៅណៃស៊ត នៅខែពិសាខមុននេះហើយ។
ឱម៉ែអើយ! ម្តេចឃើញតែទ្រព្យសម្បត្តិ ម្តេចមិនមើលលក្ខណៈមនុស្ស ម្តេចក៏មិនស្នើចិត្តកូនផង? បើបានទុក្ខ ឬសុខយ៉ាងណា ក៏នៅលើរូបកូនទាំងអស់ទេតើ!
ណ្ហើយបង ខំរៀនសូត្រចុះ កុំឱ្យព្រួយរន្ធត់អ្វី។
ទោះបីយ៉ាងណាក៏ដោយ មុខជាចៅណៃស៊ត មិនបានជួបប្រសព្វនឹងអូនទេ ក្នុងជាតិនេះ។
នៅទីបំផុតនេះ ខ្ញុំសូមឱ្យបងទទួលសេចក្តីរលឹកយ៉ាងធ្ងន់របស់ខ្ញុំ។
វិធាវី
សំបុត្រនេះប៊ុនធឿនបានអានជាច្រើនចប់ តែដូចជានៅមិនស្កប់ស្កល់សោះ។ កំលោះនេះនឹកស្រណោះនាងវិធាវីពន់ប្រមាណ។ ដេកសញ្ជឹងមួយសន្ទុះ ក៏ក្រោកយកដងប៉ាកកាដែលមានទឹកខ្មៅចេញឯង មកទ្រាលសរសេរសំបុត្រតបមានសេចក្តីខាងក្រោមនេះ :
ក្រុងភ្នំពេញ ថ្ងៃ ១៥ យ៉ាំងវិយេរ ១៩៣៣
តបដំណឹងដល់អូន
អូន សេចក្តីស្រលាញ់របស់បង បណ្តាលឱ្យបង មិនចង់ឱ្យអូន នាងមានសេចក្តីព្រួយ ដោយសារបងសោះឡើយ។ បងធ្លាក់ក្រហើយ។ លុះបងចេញធ្វើការទៅ ក៏មិនសង្ឃឹមបានប្រាក់ខែប៉ុន្មានដែរ។ ហេតុនេះ នាងកុំមានប្រទូសរ៉ាយ ទទឹងចិត្តម្តាយនាង ដូច្នោះឱ្យសោះ គាត់ជាមនុស្សចាស់ បើគិតធ្វើការអ្វីនីមួយៗ សឹងតែមើលដំណើរការនោះបានធ្លុះវែងឆ្ងាយ។ ចូរនាងព្រមទទួលយកគូស្រករ ដែលគាត់ទុកដាក់ឱ្យ កុំប្រកែកឡើយ។
ណៃស៊ត ដល់គេចាស់ដៃចាស់ជើងទៅ មុខជាបានជាពាណិជ្ជមួយ យ៉ាងធំនៅប្រទេសកម្ពុជា។ ចំណេះគេក៏មាន សម្បត្តិគេក៏មាន ដែលជាលក្ខណៈមួយ អាចនាំឱ្យអូនបានសុខសំរាន្តទៅថ្ងៃក្រោយ។
កុំអូនប្រកាន់ខឹងនឹងកិរិយាមិនគប្បីនៃកំលោះនេះ។ ខុសម្តង ឆ្គងម្តង គូរបំភ្លេចចោលទៅ។
ចំណែកបងវិញ បងនៅជាប់ស្រឡាញ់អូនពេញដូចពីដើម។ តែសុំឱ្យនាងទុកបងដូចជាបងបង្កើតទៅចុះបងក៏ទទួលព្រមដែរ។
សរសេរចប់ហើយ ប៊ុនធឿនក៏បត់សំបុត្រច្រកស្រោមមួយ។ នៅលើស្រោមនោះមានចារសេចក្តី "សូមឱ្យនាងសោភ័ណជាប្អូនលៃលកជូនសំបុត្រនេះ ឱ្យនាងវិធាវី ឱ្យបានផ្ទាល់ដៃ"។
ទៀនដែលប៊ុនធឿន អុជបំភ្លឺ នៅសល់ឆេះពព្រឹម។ លុះមកដល់គលហើយ ក៏រលត់ឯងទៅ។ ប៊ុនធឿនទាញផូុមកលាតដណ្តប់ ហើយដកដង្ហើមធំ ដែលជាសំឡេងនៃជម្ងឺអួលផ្សាក្នុងទ្រូវតែម្នាក់ឯង កណ្តាលចំណោមនៃពួកម៉ាក ដែលដេកលក់ជាសុខសាន្ត៕
Comments
Post a Comment