ច្បាប់ស្រី

នេះបទកំណត់ចងជា
ភុជង្គលីលាចងជាច្បាប់ស្រី។
កាលនាងឥរន្ទវតីចរចាកតាមប្ដីគឺបុណ្យកយក្សា។
នាងវិមលាជាព្រះមាតាបើកបន្ទូលថាហៃកូនពិសី។
នាងនឹងត្រាច់ត្រង់តាមប្ដីចេញចាកអំពីពិភពនាគនេះ។
ទៅឋានមនុស្សលោកនាយអេះចូរនាងចាំចេះបម្រើស្វាមី។
ធ្វើវត្តប្រតិបត្តិប្រក្រតីកុំឲ្យស្វាមីអាក់អន់ចិន្ដា។
នាងអើយគម្ដែងក្រឡាជាម្ចាស់សិរសាកូនកុំមាក់ងាយ។
ហៃកូនស្រីមាសម្ដាយក្រណាស់នាងអាយតាមដោយច្បាប់ស្រី។
ក្រមួយមិនបានសម្ដីពាក្យទន់តិចនៃឲ្យញាតិចូលចិត្ត។
ក្រមួយមិនចេះរិះគិតឃើញញាតិឆ្ងាយជិតហៅឡើងឆីស្លា។
ទោះមានមិនមានក្ដីណាពាក្យផ្អែមចរចាទើបគេស្រឡាញ់។
កុំជួចិត្តស្មូរកំណាញ់មិនមានអស់អញនឹងញាតិសន្ដាន។
កើតយសរបស់ផងបានកើតសុខក្សេមក្សាន្ដពីព្រោះកូនស្រី។
ទោះនឹងនិយាយស្រដីការកេរជាស្រីកុំស្ដីឡេះឡោះ។
ថាលេងដូចក្មេងញ៉េះញ៉ោះឃើញប្រុសកម្លោះសសៀរចូលជិត។
សើចព្រៀងកញ្ឆៀងមិនគិតប្រុសព្រើលបានចិត្តវាហ៊ានដោយសារ។
ហៅស្រីអប្រិយឥតការឥតមានឥរិយាមារយាទក្នុងខ្លួន។
សើរើពុំធ្វើនឹងនួនស្រដីមិនមួនមិនមានអៀនអន់។
ឃើញគេបៀតបែរគយគន់សើចសួរចំអន់ចំអកឲ្យប្រុស។
ហៅស្រីអប្រិយទុយ៌សមិនខ្លាចខ្លួនខុសមារយាទក្រឹត្យក្រម។
ធ្វើការអង្គុយច្រឡំនឹងសមពុំសមថាឯងជាស្រី។
មិនកោតមិនខ្លាចចិត្តប្ដីឲ្យប្រុសដទៃមាក់ងាយប្ដីណា។
ហៅស្រីឥតលក្ខណាឥតមានកិរិយាមារយាទពុំសម។
ធ្វើការផងណាប្រើខំទោះត្បាញចាក់ដំនាងខំឲ្យហើយ។
កុំទុកទៅមុខទៀតឡើយថាចាំបង្ហើយកម្រណាស់ណា។
ទោះធ្វើហូលគោមព្រែផ្កាដាក់ត្បាញហើយណាបានស្រេចសឹមធ្វើ។
ធ្វើឲ្យកើតកេរ្តិ៍ប្រសើរហើយកុំឲ្យដើរលេងផ្ទះគេណា។
ឱស្ងួនខ្លឹមខ្លួនរក្សានាងខំធ្វើការទាន់ខ្លួនក្រមុំ។
មានប្ដីបានអ្វីជាខំរវល់កូនយំកម្រចេះឆ្លាត។
ព្រួយចិត្តគំនិតចង្អៀតមួយហើយមួយទៀតយំទារតែឆី។
រីងព្រួយទាំងមួយទាំងពីររកបានឲ្យឆីទើបបានបាត់មាត់។
ទៅកាន់ការធ្វើឲ្យស្ទាត់ហូលគោមគាត់កាត់អន្ទងត្បាញទៅ។
កុំទុកក្នុងស្មុគស្មាញនូវក្រែងដល់យូរទៅខាតខូចអសារ។
ហៃកូនស្រីស្ងួនមាតាចូរចាំរក្សាកុំភ្លេចស្មារតី។
ចូររករៀនយកច្បាប់ស្រីឲ្យកោតខ្លាចប្ដីគម្ដែងក្រឡា។
ធ្វើវត្តប្រតិបត្តិសោតណាឲ្យនាងរក្សាភ្នក់ភ្លើងទាំងបី។
ឲ្យកាត់ឲ្យគង់ប្រក្រតីសព្វថ្ងៃកុំឲ្យបីភ្លេចផ្លុំឲ្យឆេះ។
ក្រែងរាលដូចដាលព្រាយប្រេះកើតក្ដៅរលេះរលាយអស់អង្គ។
ភ្លើងក្រៅកុំនាំទៅក្នុងឲ្យឆេះបំផ្លុងឬផ្លុំបង្កាត់។
ភ្លើងក្នុងមិនប្រុងប្រយ័ត្ននាំមកបង្កាត់ឲ្យឆេះឯក្រៅ។
អុជអាលបណ្ដាលឲ្យក្ដៅដាលដល់កូនចៅអសោចអប្រិយ។
ឲ្យនាងខំប្រុងស្មារតីមើលភ្លើងទាំងបីរក្សាឲ្យគង់។
ភ្លើងនោះឲ្យកូនពុំលង់នឹងឲ្យឧត្ដុងឧត្ដមកន្លង។
កើតយសរបស់ទ្រព្យផងបរិបូរឥតហ្មងប្រសើរក្ដាត់ណា។
ភ្លើងមួយនោះឲ្យរក្សាគឺគុណមាតាបិតាស្ងូនគ្រង។
ឲ្យនាងធ្វើដោយគន្លងប្រណិប័តន៍កុំឆ្គងនឹងម្ដាយឪពុក។
ឲ្យខំថែទាំញ៉ឹកញ៉ុកចំណីចំណុកចំណង់អាត្មា។
កុំឃ្លានទុកឆីឡើយណាឆ្ងាញ់ឈ្ងុយពិសាជូនជាប្រក្រតី។
ពាក្យពេចន៍ការកិច្ចអ្វីៗអត់ឱនកុំបីឲ្យអាក់ចិន្ដា។
ភ្លើងមួយគម្ដែងក្រឡាគឺប្ដីអាត្មាឋិនថេររួមរ័ក្ស។
ឲ្យនាងប្រណិប័តន៍ជឿជាក់កុំធ្វើឲ្យអាក់ឲ្យអន់ចិត្តប្ដី។
អត់ឱនខ្លាចខ្លួនជាស្រីកុំឲ្យស្រដីទុកគេជាស្មើ។
ទោះកើតហេតុភេទសារពើពាក្យពុំប្រសើរជញ្ជឹងចាំស្ដាប់។
ទោះប្ដីស្រដីពុំគាប់ពុំគួរឲ្យប្រាប់បានដឹងដល់ម្ដាយ។
កើតខឹងរែងរីងខ្ចរខ្ចាយឮពាក្យពីម្ដាយខ្សឹបខ្សៀវប្រាប់ប្ដី។
មិនក្សាន្តបែកបានពីប្ដីកើតជាសម្ដីសួរចុះសួរឡើង។
ពុំស្ងាត់ស្ងៀមមាត់ចចើងជជែកនាំឡើងចចើងមិនបាត់។
តតាំងពាក្យខ្លាំងមិនស្ងាត់មិនស្ងៀមឲ្យបាត់ឲ្យបានទីសុខ។
ជជែកស្ទើរបែកទាំងស្រុកមិនមានហៅសុខយូរលង់ឡើយនៃ។
នេះហៅភ្លក់ភ្លើងទាំងបីម្ដាយផ្ដាំកូនស្រីឲ្យខំរក្សា។
នាងគម្ដែងក្រឡាខុសឆ្គងម្ដេចម្ដាម្ដាយផ្ដាំកូនស្រី។
ឲ្យអត់សង្កត់ហឫទ័យកូនកុំស្រដីដើមប្ដីកំបាំង។
កុំជេរកុំចេញជាខ្លាំងខ្សត់ខ្សោយខ្លៅខ្លាំងនាងកុំមើលងាយ។
ល្ងង់ខ្សោយប្រើឲ្យនិយាយណែនាំលេងលាយឲ្យស្រួលវាចា។
ទោះប្ដីស្រដីម្ដេចម្ដាខេខឹងជេរថាបោះពាក្យទម្ងន់។
ក្រោធក្រេវឆុលឆេវមិនអន់មិនអាក់ស្រោកស្រន់ដោយចិត្តគ្នាន់ក្នាញ់។
រអ៊ូរទាំទន្ទេញជេរថាជន្លេញត្បិតទាស់នឹងចិត្ត។
ឲ្យកូនស្រីស្ងួនខំអត់ឲ្យបានរលត់រលាយកំហឹង។
កុំកូនកាន់ខ្លួនប្រែប្រឹងតតបទៅនឹងអ្នកជាស្វាមី។
ខេខឹងក្រញឹងសម្ដីមិនគិតខ្លួនស្រីស្រដីទ្រគោះ។
ប្រកែកស្ដីពាក្យគំរោះគំរាមបញ្ឆេះបញ្ជោរឲ្យខឹង។
រឹងរូសមើលមុខសម្លឹងសម្លក់ទៅរឹងចចឹងចង់ឈ្លោះ។
រឹងឆ្លងឆ្លើយពាក្យបញ្ឆេះបំបែកជាឈ្លោះបំបែរពុំទៀង។
ជេរថាឆ្កែឆ្មាបំព្រៀងដៀលត្មះបញ្ឆៀងបញ្ឈឺចិត្តប្ដី។
បោះបោកប្រទះអ្វីៗចាប់ចោលទៅដីបែកបាក់ពុំគិត។
មិនស្រួលទទួលបាត់មាត់ម្នះម្នាក្នុងចិត្តឲ្យបានប្ដីចាញ់។
ទើបបានសុខចិត្តជាវិញហៅស្រីម្នះម្នេញអាប់កេរ្តិ៍យសឆ្ងាយ។
ហៅកូនស្រីស្ងួនមាសម្ដាយខុសណាស់នាងអាយកុំធ្វើដូចគេ។
ទោះបីបើប្ដីនាងជេរនាងចូលទៅឯដំណេកគិតសិន។
ចេញមកនាងយកពាក្យទន់ស្រដីឲ្យអន់ស្រាយទោសនោះទៅ។
ទោះបីបើប្ដីប្រដៅចូរនាងចាំនៅទុកក្នុងអាត្មា។
ពាក្យពេចន៍កុំភ្លេចឡើយណាក្រែងឆ្គងម្ដេងម្ដាត្បិតបានផ្ដាំស្រាប់។
ព្រោះឯងមិនក្រែងមិនស្ដាប់ពាក្យគេបង្កាច់បង្កើតតែឈ្លោះ។
ឥតសុខអាក្រក់តែឈ្មោះឮគេប្រឈ្លោះមិនចេះហៅល្ហែ។
នេះពុំរាប់ជាស្ត្រីទេជាអ្នកប៉ោឡែចិត្តចោរដកទង។
ឲ្យមាត់បង្គ្របប្ដីផងឲ្យគេស្ដាប់ហោងថាឯងគ្រាន់បើ។
គឺមោះនាងនោះមិនប្រើមិនបើកឲ្យដើរបញ្ចើឲ្យទេ។
ទោះបីប្ដីប្រើមាសមេកុំកូនចំអែចំអៀកមិនទៅ។
ឆ្ងាយជិតកុំគិតរង់នៅក្រោកក្រេសដើរទៅកុំឲ្យប្ដីជេរ។
កុំទៅនៅយូរផ្ទះគេរវល់ទំនេររវៀសមកណា។
ហៃកូនខ្លឹមខ្លួនមាតាជាស្រីនេះណាកម្រណាស់នាង។
មិនថាត្បិតល្អរូបរាងមិនរើសត្បិតជាងចេះការទាំងគ្រប់។
មិនបានស្គាល់ទិគោរពស្គាល់ទេឧបទ្រពទាំងដប់ប្រការ។
ហៅតែនឹងល្អរូបាពិតហើយចេះការគួរកោតដោយយ៉ាង។
មួយរូបល្អសសន្លាង[៦]ឥតគេផ្ទឹមខាងច្បាប់ផងមិនចេះ។
ល្អពិតគំនិតមិនផេះទោះខ្មៅក្រងេះការសោតសមគួរ។
គឺមោះនាងនោះមិនជួចេះដឹងសមគួរស្គាល់អស់ឥរិយា។
នេះឯងពីព្រេងលោកថាហៅល្អរូបាកបកល្យាណី។
ហៃកូនស្រីស្ងួនពិសីម្ដាយប្រាប់អំពីឧបទ្រពចង្រៃ។
កាន់ក្បាលប្ដីហើយរកចៃមិនបានលើកដៃបិទទូលសំពះ។
លោកទុកស្មើកុកទំផ្ទះរង្គំរង្គះនឹងបង់អស់ទ្រព្យ។
កន្លងជើងប្ដីពុំគាប់ព្រោះចិត្តចង់ឆាប់រំលងជើងប្ដី។
ស្មើសត្វលលកស៊ីខ្មោចខ្មីហើយច្រាលអប្រិយកើតព្យាធិរោគា។
ចង្រៃមួយនៃរាល់គ្នាចេញចូលមាត់ទ្វារពុំបានបិទបាំង។
ធ្វេសប្រាណខុសខានមិនរាំងមិនរុញបំបាំងមើលយល់សាយសុស។
ទុកស្មើគេអុជចន្លុះឲ្យចោរចូលផ្ទះយកទ្រព្យទាំងឡាយ។
ស្រីមួយសើចលេងក្អាកក្អាយឮលេខចម្ងាយរំលងផ្ទះបី។
ស្មើសត្វចចាត[៧]បក្សីចូលភូមិផងក្ដីចង្រៃក្ដាត់ណា។
ស្រីមួយដេកដាក់កាយាប្រះប្រែអាត្មាឲ្យខ្នងទៅប្ដី។
ទុកស្មើពស់ក្រាយ[៨]អប្រិយឡើងផ្ទះឥតបីឥតបើគណនា។
ចង្រៃកាចក្រៃពុំជានឹងព្រាត់ប្រាសគ្នាពុំបានវែងឆ្ងាយ។
ស្រីមួយសក់វែងអន្លាយរំសុសរំសាយសក់សោតរេរា។
នៅមាត់អណ្ដូងមាត់ទ្វារបីដូចមជ្ជរាឆ្មាលាក់ក្រចក។
ចង្រៃឥតបីបើរករេរាសំកកមិនចុកសក់ងាយ។
ស្រីមួយដើរទៅទាត់ជាយឮលាន់ស្ទើរធ្លាយប្រថពីសន្ធឹក។
សំពត់ដាច់ដាចមិននឹកដើរឮគគឹកស្មើសូររន្ទះ។
ញ៉ាំញើសំណើរលះដាក់ជើងលើផ្ទះគគ្រាំងគគ្រេង។
កក្រើកផ្ទះទាំងបីល្វែងដូចកលគេសែងរបស់ចេញទៅ។
ស្រីមួយឃើញទ្រព្យនៅផ្លូវកន្លងហួសទៅមិនចាប់ចេញទុក។
ពុំចេរចំណេរទៅមុខពុំចេះដាក់ទុករាយរាល់តែល្វែង។
ទ្រព្យនោះរលោះចេញឯងចង្រៃទាស់ទែងធ្វើឲ្យអន្តរាយ។
ទោះឆីចំណីនូវបាយលបលូកកកាយពមពុំសណ្ដាប់។
កូនអើយនេះហើយចូរស្ដាប់ហៅក្ដីឧបទ្រពទាំងដប់ប្រការ។
ឲ្យចៀសអស់ទាំងនេះណាឲ្យរៀនលក្ខណាទាំងប្រាំពីរផង។
គឺព្រះមានបុណ្យកន្លងទេសនាចែងចងជាបទគាថា។
មួយមាតុមួយមិត្តភរិយាកាតុភរិយាជាតិទាសភរិយាផង។
ទាំងបួនប្រសើរឥតហ្មងគួរឲ្យចាំចងទុកក្នុងអង្គា។
រីឯហៅមាតុភរិយាប្រពន្ធនោះជាលោកទុកស្មើម្ដាយ។
ចរិតបីប្រការក្នុងកាយមួយចង់ខ្វល់ខ្វាយប្រយោជន៍ឲ្យប្ដី។
បានថ្កើងរុងរឿងឮល្បីមិនឲ្យអាប់ប្ដីឲ្យបានសក្តិយស។
មួយបើប្ដីស្លៀកពាក់ចាស់យកថ្មីឲ្យផ្លាស់ចាស់ស្លៀកខ្លួនឯង។
ចេះរៀបរណ្ដាប់តាក់តែងចំណីផងស្វែងរកមកឲ្យប្ដី។
មួយបើប្ដីឈឺថ្កាត់អ្វីព្រួយប្រឹងមើលប្ដីរកថ្នាំសង្កូវ។
រកពេទ្យមេមត់នូវគ្រូគ្រោះយាមគន់គូរមើលប្ដីឲ្យជា។
រីឯហៅកាតុភរិយាប្រសើរសោភាប្រពន្ធស្មើបង។
នោះមានចរិតពីរផងដូចប្អូននិងបងចិត្តមូលមួយប្រាណ។
មួយធ្វើឲ្យប្ដីក្សេមក្សាន្តរបស់ប្ដីបានចេះទុករក្សា។
មួយទោះឮពាក្យអ្នកណាគេតិះដៀលថាស្រដីពីប្ដី។
ពុំត្រូវអាស្រូវអប្រិយចេះការកេរ្តិ៍ប្ដីបែរបានជាសុខ។
ទោះបីបើប្ដីមានទុក្ខគិតឲ្យបានសុខយកខ្លួនធានា។
មួយសោតឯមិត្តភរិយាមានចរិតជាបីប្រការមិញ។
បីដូចកលមិត្តសម្លាញ់មានចិត្តអស់អញមិនឲ្យមានហ្មង។
បីដូចកលប្អូននិងបងប្រាសយូរលង់ហោងទើបមកជួបគ្នា។
មានចិត្តប្រតិព័ទ្ធមហិមាត្បិតបានជួបគ្នាមិនឲ្យមានហ្មង។
មួយមានមារយាទកន្លងទោះឃើញប្រុសផងមិនល្អៀងចិត្តទៅ។
រីទាសភរិយានោះកូវក្នុងមាត្រាត្រូវប្រពន្ធខ្ញុំប្ដី។
ចរិតប្រាំបីប្រការខ្មីមួយចិត្តខ្លាចប្ដីក្រែងប្ដីវាយជេរ។
ប្រុងចិត្តការគិតខ្មាសគេមិនឲ្យប្ដីជេរបន្ទោសខ្លួនបាន។
ទោះខឹងប្ដីក្រៃប៉ុន្មានមិនចេះហៅហានឆ្លើយឈ្លោះតមាត់។
មួយទោះប្ដីនោះកាចក្ដាត់ខឹងដល់វាយវាត់ជេរចោរដកទង។
មិនហ៊ានឆ្លើយឈ្លោះរំលងតតបទៅផងក្រែងឮកេរ្តិ៍ឆ្ងាយ។
មួយចេះប្រដាប់រៀបបាយប្ដីដើរជិតឆ្ងាយមិនហ៊ានបរិភោគ។
អត់ចាំទម្រាំប្ដីមកជួបជុំទើបយកបរិភោគផងគ្នា។
នេះឯងហៅទាសភរិយាសម្ដេចភគវាទេសនាប្រោសប្រាប់។
បើអស់ស្រីណាបានស្ដាប់យកទុកជាច្បាប់ក្នុងប្រាណសព្វថ្ងៃ។
លុះអស់អាយុក្សិណក្ស័យបានទៅកើតឰតុសិតសួគ៌នាយ។
នឹងបានក្សេមក្សាន្តពណ្ណរាយសេពសុខសប្បាយនិរទុក្ខកយា។
រីឯប្រពន្ធពុំជាពេជ្ឈឃាតភរិយាចរិតមានបួន។
កុំឲ្យយកទុក្ខក្នុងខ្លួនឲ្យចៀសចេញជួនកើតកម្មវេរា។
មួយចិត្តគំនិតចង់ជាឆ្លាស់ឆ្លើយបំពារបំពានឲ្យប្ដី។
ប្រទូសរឹងរូសខ្ញូវខ្ញីមិនចេះចាញ់ប្ដីថាឯងគ្រាន់បើ។
ឆ្លើយឆ្លងសូរសងបណ្ដើរចង់ឈ្លោះឲ្យស្មើឲ្យលើសប្ដីវិញ។
មួយមិនចង់ធ្វើបំពេញបង្អាប់ប្ដីវិញឲ្យថ្កើងខ្លួនឯង។
អាងចេះដៀលតិះពុំក្រែងឲ្យប្ដីស្ដាប់ឯងដោយចិត្តអន្ធពាល។
មួយមានចិត្តនោះស្រើបស្រាលចង់ត្រេកត្រអាលចោលពេញមុខប្ដី។
មួយចិត្តទ្រឹស្ដិទ្រុស្ដអប្រិយចង់សម្លាប់ប្ដីស្រឡាញ់ប្រុសទៀត។
គិតកាប់សម្លាប់បង់ម្សៀតនឹងយកប្រុសទៀតធ្វើប្ដីមរណា។
រីឯសត្រូវភរិយាចរិតពុំជាប្រាំពីរប្រការ។
មួយមិនខ្លាចប្ដីអាត្មាបង្គាប់ត្រង់ណាពុំធ្វើតាមចិត្ត។
មួយទ្រឹងទ្រមឹងស្ងៀមស្ងាត់ប្ដីសួរបីម៉ាត់ពុំស្រដីផង។
មួយប្ដីស្រដីគន្លងប្រដៅច្បាប់ផងពុំចូលចិត្តស្ដាប់។
មួយមិនចង់ឲ្យប្ដីគាប់មិនចង់ប្រដាប់ឲ្យប្ដីថ្កុំថ្កើង។
មួយទោះនឹងស្រដីឡើងពាក្យធំចចើងចចេសនឹងប្ដី។
មួយទោះប្ដីលោះខ្ញុំស្រីវាបម្រើប្ដីមិនឲ្យអាក់អន់។
ឃើញគាប់រីងស្អប់ក្នាញ់គ្នាន់ក្នុងចិត្តប្រច័ណ្ឌជេរថានាយអាយ។
មួយត្បិតប្ដីមានសាហាយហួរហែកសុសសាយឲ្យប្ដីអាស្រូវ។
រីចោរភរិយានោះកូវចរិតពុំត្រូវមានបីប្រការ។
មួយចង់ចាយទ្រព្យប្ដីណាឲ្យខូចអសារមិនគង់ជាល្អ។
មួយប្ដីឃ្មាតខ្មីខំរក៍របស់បានមក៍មិនថែទាំទុក។
លួចឲ្យទៅម្ដាយឪពុកប្ដីសួររកមុខមិនប្រាប់ឡើយណា។
មួយខ្ជិលមិនចង់ធ្វើការកុហកមុសាថាឯងរវល់។
ដេកលេងចំខែងអស់កលលុះប្ដីគេយល់ពុតធ្វើជាឈឺ។
ទទូរដេកថ្ងូរហ៊ឺៗប្ដីហៅមិនឮពុតចង់តែស្លាប់។
នេះហៅប្រពន្ធពុំគាប់ស្រីណាកាន់ខ្ជាប់ពុំដែលរសាយ។
លុះអស់អាយុក្ល័យក្លាយធ្លាក់ទៅអបាយទាំងបួនចំពូក។
តែងនឹងរងទុក្ខរងសោករំដោះរួចមកកើតជាមនុស្សខ្ទើយ។
ហេតុអកុសលនេះហើយត្បិតខ្លួនឥតត្រើយធ្វើខុសគន្លង។
ខុសវត្តប្រតិបត្តិឆ្គាំឆ្គងមិនរៀងមិនរងខុសនឹងច្បាប់ស្រី។
មាក់ងាយនោះមានប្រាំបីមានក្នុងបាលីព្រះធម៌លោកថា។
មាក់ងាយមួយនោះឯងណាត្បិតប្ដីពិការមិនបានមាំមួន។
ខឹងស្អប់ធុញថប់មិនទ្រាំមិនមានរកថ្នាំគ្រូគ្រោះមេមត់។
មើលប្ដីឲ្យជាឆាប់ផុតខឹងវិញមិនអត់បន់ឲ្យប្ដីស្លាប់។
មាក់ងាយមួយប្ដីខ្សត់ទ្រព្យគ្មានកេរកោះគាប់ស្មើនឹងអាត្មា។
ដៀលត្មះថាច្រាសដោយសារព្រោះខ្ជិលធ្វើការទើបគ្មានរបស់។
មាក់ងាយត្បិតប្ដីអប្បយសឯងត្រកូលខ្ពស់ពូជពង្សពុំស្មើ។
ឆ្មើងខ្លួនឲ្យប្ដីបម្រើឈ្លោះឡើងហើយដើរដៀលត្មះពូជពង្ស។
មាក់ងាយមួយត្បិតប្ដីល្ងង់ខ្លៅខ្លួនទ្រមង់ទ្រមក់យឺតយូរ។
ដៀលត្មះពុំចេះអាសូរសម្ដីខ្មោះខ្មូរមិនក្រែងប៉ុនសក់។
មាក់ងាយមួយប្ដីអាក្រក់សាច់ខ្មៅប៉ប៉ក់មុខអុតស៊ីសុស។
កន្ទ្រល រោងរលក្រអុះសក់ស្កាញស្កូវសុសពោះធំប៉ុនពាង។
ខ្លួនឯងចិញ្ចែងរូបរាងខ្លួនសល្អជាងថាប្ដីមិនសម។
មាក់ងាយមួយប្ដីមិនខំធ្វើការលេលាំឡែឡដើរលេង។
ឆ្លៀតឆ្លើយបោះពាក្យគគ្រេងឈ្លោះជេរមិនឈ្វេងគិតខុសមាត្រា។
មាក់ងាយមួយប្ដីផឹកស្រាស្រវឹងចោលការដើរលេងតែតោ។
ពាក្យក្អេងរាំច្រៀងឡោៗឲ្យឆ្កែព្រុសឆោផ្អើលភ្ញាក់កូនចៅ។
ឮមាត់ប្ដីហើយខឹងក្ដៅប្រទេចជេរទៅតាមដោយចិត្តក្នាញ់។
មាក់ងាយមួយទៀតនោះមិញត្បិតប្ដីស្រឡាញ់លលូកប្រឡែង។
មួលបិចចាក់ចុចជាល្បែងមិនមានកោតក្រែងបានចិត្តជេរវិញ។
ត្បិតតែយល់គេស្រឡាញ់ស្រដីផងមិញគំរោះគំរើយ។
ធ្វើក្នាញ់បែរចេញព្រងើយគេនឹងកន្តើយក្និចក្នក់មាយា។
ពុំបានក្សេមក្សាន្តនឹងគ្នាមាក់ងាយនេះជាគំរប់ប្រាំពីរ។
កូនអើយនេះហើយច្បាប់ស្រីឲ្យកូនពិសីរករៀនរក្សា។
យកទុកក្នុងអង្គអាត្មាប្រសើរក្ដាត់ណាកើតសុខសួស្ដី។
ប្រសើរទាំងនាលោកិយទោះបរលោកក្ដីសឹងលុះប្រាថ្នា។
ទោះចិត្តគន់គិតសច្ចាជាពុទ្ធមាតាសឹងបានបរិបូរណ៍។
ដូចចិត្តឆុតឆាប់ពុំយូរកបកើតសម្បូរសម្បត្តិទ្រព្យផង។
កើតយសខ្ពង់ខ្ពស់កន្លងយឺនយូរឥតហ្មងដូចក្ដីប្រាថ្នា។
ច្បាប់នេះឧត្តមថ្លៃថ្លាទោះស្រីឯណាឮហើយមានភ័ព្វ។
ជាល្អកម្របានស្ដាប់ស្ដាប់ហើយចូរចាប់ចូរចាំគ្រប់គ្នា។
បានដល់មគ្គផលសួគ៌ាប្រសើរសោភាចូរចាំកុំភ្លេច។
ចរចាអស់អាថ៌ពាក្យពេចន៍ពាក្យពិតកាព្យកិច្ចបរិបូរណ៍ប្រពៃ។
ប្រាជ្ញាប្រែរីឯនាមនៃខ្ញុំឈ្មោះម៉ឺន មៃមែនមានសទ្ធា។
មានចិត្តកួចគិតកាព្យាកបកើតជ្រះថ្លាត្រេកត្រង់កុសល។
សច្ចាប្រាថ្នាមគ្គផលផុរផុសយោបល់លេចលើកទុកនៅ។
ទោះបីសេចក្ដីខុសត្រូវសូមទានតម្រូវតម្រង់ឲ្យផង។
កុំត្មះតិះដៀលឡើយហោងសូមសាងផលផងទុកតសាសនា។
សម្រាប់ជាច្បាប់មាត្រាសូរេចបការាបរិបូរណ៍ចែងចប់៕

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩