រឿងសត្វសំពោច និងមាន់ចែ
មានសត្វសំពោច១ ដើរទៅឃើញមាន់ចែទំនៅលើប្រគាបឈើ ហើយសំពោចនោះចង់ស៊ីមាន់ទើបនិយាយជាកលឧបាយមុសាវាទថា «នែមាន់ចែជាសំលាញ់អើយ! អើឥលូវអញកាន់ព្រះអាជ្ញា ព្រះមហិស្សរាធិបតី ទ្រង់ត្រាស់ប្រើអោយប្រកាសប្រាប់ អស់បណ្ដាពួកសត្វដែលជាពៀរសត្រូវនឹងគ្នានោះថា អោយព្រមព្រៀងជានឹងគ្នាចាប់ដើមពីថ្ងៃនេះទៅ កុំអោយមានសត្វណាយាយីគ្នាឡើយ នែមាន់ចែយើងបានសុខសប្បាយហើយ ព្រោះព្រះជាម្ចាស់លោកប្រោសតាំងច្បាប់ថ្មីថា អោយយើងជានឹងគ្នា ឥលូវនេះខ្ញុំយល់ថាបាឯងក៏មកជាសំលាញ់ដូចបងដូចប្អូនគ្នាពិតៗ ចូរឯងចុះមកអោយគ្នាអោបថើប ជាការមេត្រីបន្ដិចទៅអេះ»។
ឯមាន់ចែមានប្រាជ្ញាវាងវៃក៏តមភ្លាមទៅថា « អើបងសំពោច បងឯងកាន់ព្រះរាជអាជ្ញាព្រះជាម្ចាស់មកថា អោយយើងជានឹងគ្នានេះ ជាការល្អវិសេសណាស់ហើយបង ខ្ញុំឃើញបងឯងហើយក៏មានចិត្ដស្រលាញ់ ចង់ចុះទៅទទួលសេចក្ដីស្និទ្ធស្នាលស្នេហានឹងអ្នកបងដែរ តែការនេះឈប់សិនចុះព្រោះទីនេះមានឆ្កែមួយវានៅជាមួយនឹងខ្ញុំ នេះ ឥលូវវាទៅរកស៊ីឯទីព្រៃបាត់ពុំទាន់មកដល់នៅឡើយ យើងចាំជុំគ្នាទាំងបីប្រាណ ហើយសឹមយើងជួបគ្នា នឹងបានក្រសោបអោបគ្នាជាការមេត្រីយ៉ាងធំតែម្ដង» លុះមាន់ចែនិយាយដូច្នោះហើយ ធ្វើជាបែរមើលទៅទិសខាងជើង ហើយស្រែកថា «បងឆ្កែមកហើយ អើបងសុនខ អញ្ជើញបោលចូលមកអោយឆាប់ ត្បិតបងសំពោចគេមកនៅរង់ចាំបងឯង»។
ឯសំពោចលឺថាឆ្កែមកដូច្នោះហើយ ក៏ភិតភ័យព្រោះខ្លួននឹងឆ្កែជាសត្រូវនឹងគ្នា ទើបម្នីម្នារត់ចេញពីទីនោះចូលព្រៃទៅ។ មាន់ចែក៏រឹងតែបង្អៅថា «បងសុនខចូលមកអោយឆាប់ៗ បងសំពោចកុំអាលទៅណា ឈប់សិន បងសុនខគេមកដល់ហើយ»។ ឯសំពោចក៏ឆ្លើយថា «អាជ្ញាក្ដៅណាស់ នៅមិនបានទេ» ថាហើយក៏រត់ចូលព្រៃទៅ។ រឿងនេះឯងស្ដាប់មើលចុះ មាន់ចែមានប្រាជ្ញស្គាល់អាការសំពោចកុហកមុសាវាទ ហើយ គឺស្គាល់អាការៈកុហកបានមួយរំពេច ពាក្យមាន់ចែស្រែកឡកអោយសំពោចថា «អាចោលម្សៀត ចេះមកពោលពាក្យថា ឯងកាន់ព្រះរាជអាជ្ញាមកប្រកាសថា អោយសត្វដែលជាសឹកសត្រូវនឹងគ្នានោះ ត្រូវអោយជានឹងគ្នា តែអញនឹងឯងត្រលប់ជាមិនសាមគ្គីវិញ អាណាជឿឯងបាន ពាក្យមិនសាធារណទួទៅយ៉ាងនេះ»។
Comments
Post a Comment