ព្រះអាទិត្យ និងកូនព្រិលតូច - ភាគទី ១
ជាយូរលង់ណាស់មកហើយដែលព្រះអាទិត្យបានដុតកំដៅដល់ផែនដី។ នៅតំបន់ប៉ូលឯណោះវិញ ដែលជាតំបន់ត្រជាក់នៃពិភពលោក មានសមាជិកគ្រួសារព្រិល ជាច្រើនលះបង់ជីវិតរាល់ថ្ងៃ ដោយសារកំដៅរបស់ព្រះអាទិត្យ! ព្រិលតែងតែខឹងនឹងព្រះអាទិត្យថា ព្រះអាទិត្យមិនគួរមករំលាយពួកគេដូច្នេះឡើយ។ អានុភាពរបស់ព្រះអាទិត្យនេះ គ្មានបានការអី្វឡើយ ក្រៅអំពីធ្វើអោយបងប្អូនព្រិលរលាយ។ ដើម្បីការពារជំនាន់ក្រោយនៃព្រិល មេបាព្រិលបានស្ម័គ្រខ្លួនសិ្ថតនៅខាងលើគេបំផុត ហើយទុកអោយកូនចៅព្រិលនៅខាងក្រោម កុំអោយត្រូវប៉ះនឹងពន្លឺដ៏កាចសាហាវនៃព្រះអាទិត្យ! បែរមករកព្រះអាទិត្យវិញ ព្រះអាទិត្យតែងតែសំលឹងមើលទៅព្រិលដោយក្តីអាណិតអាសូរ ព្រោះព្រះអាទិត្យយល់ថា សារជាតិរបស់ខ្លួន ធ្វើអោយនាំទុកដល់អ្នកដទៃពេកហើយ! ព្រះអាទិត្យមិនគួរកើតមកដើម្បីនាំការបំផ្លាញដល់វត្ថុណាមួយឡើយ។ ថ្ងៃមួយ កូនព្រិលតូច បានលួចចេញទៅស្រទាប់លើបំផុត ដែលជាកន្លែងដែលមេបារបស់ខ្លួនធ្លាប់បាននៅ។ ពេលវាលួចចេញមកភ្លាម វាខំរំពៃរកព្រះអាទិត្យមុនគេបង្អស់ ដោយសារតែអ្នកជិតខាងរបស់វាប្រាប់ថា មេបារបស់វាស្លាប់ដោយសារព្រះអាទិត្យ។ កូនព្រិលនោះ តែងតែលួចចេញនៅពេលព្រះអាទិត្យរាបនឹងលិចបាត់ទៅវិញ ដូច្នេះវាមិនដែលបានឃើញមុខមាត់ពេញលេញរបស់ព្រះអាទិត្យឡើយ។ កូនព្រិលតូច ក៏បានសំរេចចិត្តស្រែកខ្លាំងទៅកាន់ព្រះអាទិត្យអស្តង្គតថា «ណែ៎! លោកព្រះអាទិត្យ! ដឹងទេថាខ្ញុំ នឹកមេបាខ្ញុំ!!???» កូនព្រិលតូចតែងតែសួរសំណួរ ឬនិយាយរឿងពីនេះពីនោះប្រាប់ដល់ព្រះអាទិត្យ ទោះបីជាព្រះអាទិត្យមិនបានឆ្លើយតបក៏ដោយ។ ព្រះអាទិត្យបានលឺសំលេងរបស់កូនព្រិលតូចរាល់ថ្ងៃ តែព្រះអាទិត្យមិនដែលតបឆ្លើយ តែព្រះអាទិត្យតែងតែបង្អង់ពេលអស្តង្គត ដើម្បីស្តាប់កូនព្រិលតូចនិយាយ!! ពេលដែលពូមីងរបស់កូនព្រិលតូច ដឹងថាកូនព្រិលតូចលួចចេញមកក្រៅ ហើយអាចប្រថុយនឹងគ្រោះថ្នាក់យ៉ាងដូច្នេះ ពូមីងរបស់កូនព្រិលតូច បានសំរេចយាមកាមកូនព្រិលតូចមិនអោយកូនព្រិលតូច មានឱកាសចេញទៅផ្ទៃខាងលើទៀតឡើយ។ ចាប់ពីពេលនេះតទៅ កូនព្រិលតូចលែងបានស្រែកខ្លាំងៗដាក់ពិភពលោក និងព្រះអាទិត្យទៀតហើយ។ ព្រះអាទិត្យ ក៏មិនបានស្តាប់សំដីរបស់កូនព្រិលតូចយើងនិយាយទៀតដែរ។
និពន្ធដោយ៖ កេត ហាណា
Comments
Post a Comment