សេចក្តីសង្ខេប - រឿង​ផ្កាស្រពោន


ផ្កាស្រពោន ជារឿង​ស្នេហា​ដ៏គួរ​ខ្លោច​ផ្សារ​មួយ ដែល​ខ្ញុំ​ស្រឡាញ់​គ្នាយ៉ាង​ផ្តាច់​ប្តូរ តែ​ត្រូវ​ព្រាត់គ្នា ដោយ​ការ​ប្រឆាំងពីមេបា។  សេចក្តីស្នេហា មួយគូ​រវាង​ប៊ុនធឿន និង​វិធាវីនេះ មិន​មែន​កើតឡើង​ដោយ​ចៃដន្យ​ឬ​ ដោយ​ចិត្ត​រត់​រកគ្នានោះទេ គឺកើត​ឡើយ​ដោយ​មាតា​បិតា​នៃសាម៉ី​ខ្លួនទាំងពីរ បាន​បណ្តុះ​ស្នេហា​នេះ ឱ្យ​មាន​រូបរាងឡើង តាំងពីកុមារភាពមក​ម្លេះ រហូត​បន្សល់ទុក​នូវ​ស្នាម​ស្នេហ៍​រវាង​អ្នកទាំងពីរ​ ដល់ធំ​ពេញ​វ័យ។  

វិធាវី​ ជាកូន​ក្រមុំ​បណ្តូល​ចិត្ត​របស់យាយនួន មានទីលំនៅ នៅ​ភូមិ​វត្តពោធិ​ក្នុង ក្នុង​បាត់ដំបង។ ឪពុក​របស់​នាង​ដែល​ធ្លាប់​តែពេញចិត្តនឹង​លើកនាងឱ្យទៅ​ ប៊ុន ធឿន នោះ​បាន​ទទួល​អនច្ចកម្មទៅហើយ។

សព្វថ្ងៃនេះ ធាវី​រស់នៅ​ជាមួយនឹង មាតា​របស់​នាង ដែល​មាន​វ័យ​ចាស់​បន្តិច​ទៅហើយនោះ និង​មាន​បាវ​បំរើ​ម្នាក់​មាន​អាយុ​ច្រើនជាង​ គាត់ទៅទៀត ឈ្មោះយាយផៃ។ យាយ​ផៃ ស្រលាញ់​ពេញ​ចិត្ត​នឹង​នាង​វិធាវី​ណាស់​ដែរ គាតសប្បាយ​ ឬ​គាត់​ព្រួយ​តាម​ការ​ប្រែប្រួល​នៃទឹក​មុខ​នាង​ វិធាវី ហើយ​តែ​ងចាត់​ទុក​នាង​ដូច​ជា​កូនបង្កើត។

ប៊ុន ធឿន សង្សារ​វិសេស​របស់​នាង​វិធាវី ក៏​មាន​ទីលំនៅ​ក្នុងខេត្ត​បាត់​ដំបង​ដែរ ប៉ុន្តែ​នៅ​ឆ្ងាយអំពីទីក្រុង គឺនៅ​ដល់ទៅភូមិ​ព្រះឯណោះ។  ឪពុក​ម្តាយ​សព្វថ្ងៃ នៅរស់​ទាំងអស់។ ចឹក ប៊ុន ថន​ រកស៊ី​ធ្វើជំនួញ ស្រូវ ចេះតែ​ខាតរៀង​រាល់ឆ្នាំ រហូត​ដល់​ធ្លាក់ខ្លួនក្រ។ ហើយភរិយា​របស់គាត់​ព្រមទាំងនាង សោភ័ណ ជា​បុត្រ​បាន​ខំធ្វើ​ការ​រកស៊ី​សន្សំប្រាក់ ដើម្បីទុក​សងបំណុល។  ក្នុងពេល​វិស្សមកាល ត្រឡប់​ទៅភូមិកំណើត​វិញ ក៏​បាន​និយាយ​អង្វរឪពុកថា ខ្លួន​ឈប់ទៅ​រៀន​ទៀត​ ដើម្បីជួយ​ធ្វើការ​ឪពុកម្តាយវិញ។ ប៊ុនថន ជាឪពុកដ៏​ប្រសើរ មិនព្រម​ឱ្យ​កូន​ឈប់រៀនឡើយ។ គាត់និយាយពន្យល់កូន ពីទឹកចិត្ត​ដែលឪពុក​ខំដើម្បីអោយកូន​រៀន រហូត​ដល់​ប៊ុន ធឿន​សុខចិត្តទៅរៀន​តាម​បង្គាប់​របស់គាត់។

ចាប់តាំងពីបានដំណឹង​ច្បាស់ថា គ្រួសារ​របស់​ចឹក ប៊ុនថន ធ្លាក់ខ្លួន​ក្រ លោកយាយនួន ខំពន្យល់ណែនាំ​នាង​វិធាវី អោយ​បោះ​បង់​សេចក្តី​ស្នេហា​ជាមួយប៊ុន ធឿននោះចោល។ នាង​វិធាវី អន់ចិត្តនឹង​ម្តាយណាស់ តែនាង​មិនហ៊ាន​តពាក្យសំដី ព្រោះ​អាច​នាំ​អោយញាតិ​ផង ថា​នាង​ជាកូនអកតញ្ញូ​ចំពោះ​ម្តាយ។ នាង​ចេះតែនឹកទៅដល់​ប៊ុន ធឿន ទាំងយប់ទាំងថ្ងៃ។ ថ្ងៃមួយ​ប៊ុនធឿន​បានទៅលេងទីក្រុង​បាត់ដំបង បាន​ឆ្លៀត​ឱកាស​ទៅជួប​នាង​វិធាវី​បាន​មួយភ្លែត។នាងធាវីប្រាប់នូវរឿងរ៉ាវសព្វគ្រប់ ហើយផ្តែផ្តាំ ប៊ុន ធឿនអោយខំយកចិត្តទុកដាក់ក្នុងការសិក្សា ថែមទាំងឱ្យរូបថត មួយសន្លឹកមក ប៊ុន ធឿន ដើម្បីទុកជាអនុស្សាវរីយ៍។

ឥឡូវនេះ បវេសនកាលថ្មីបានមកដល់ទៀតហើយ។ ប៊ុន ធឿន ក៏បានចូលទៅក្នុងអនុវទ្យាល័យស៊ីសុវត្ថិទៀត។ ពេលដែលប៊ុន ធឿនខំសិក្សាតាមពាក្យសន្យា។

លោកយាយនួន បានបង្ខំចិត្តវិធាវី ឱ្យរៀបការនឹងអ្នកកម្លោះ ណៃស៊ត ជាកូនប្រុសរបស់លោក ណៃ ស៊ាន ជាអ្នកមានស្តុកស្តម្ភក្នុងខែត្របាត់ដំបង។ វិធាវី ស្អប់ខ្ពើម ណៃស៊ត ជាទីបំផុត ហើយនាងខឹងនឹងម្តាយនាង ក៏មិនតិចដែរ ប៉ុន្តែនាងមិនហ៊ាននឹងរឹងរូសនឹងម្តាយនាងទេ។ នាងសរសេរសំបុត្រប្រាប់រឿងរ៉ាងទាំងនេះ ដល់ប៊ុន ធឿន ព្រមទាំងប្រកាសថា នាងមិនព្រមរៀបការជាមួយនឹងបុរសដទៃក្រៅពី ប៊ុន ធឿនឡើយ។ កំលោះ ប៊ុន ធឿន ផ្ញើរសំបុត្រមកប្រាប់វិធាវីឱ្យសុខចិត្តរៀបការជាមួយកំលោះ ណៃស៊តទៅ ព្រោះគេជាអ្នកមាន គេអាចរកសុភមង្គលមកឱ្យគ្រួសារបានដោយងាយ។

ទោះបីប៊ុនធឿន អង្វរយ៉ាងនេះក៏ដោយ ក៏នាងវិធាវីមិនព្រមតាមបំណងម្តាយនាងទេ ព្រោះនាងស្រឡាញ់ប៊ុន ធឿនខ្លាំងណាស់ ហើយដឹងថាប៊ុន ធឿនក៏ស្រលាញ់នាងណាស់ដែរ។ មួយវិញទៀតនាងដឹងថា អ្នកកំលោះណៃស៊ត ជាព្រាននារី តែរំលោភបំពានលើគេ។ មួយថ្ងៃៗ នាងវិធាវីយំសោក ឥតដែលខាន។ រាងកាយនាងកាន់តែស្គមបន្តិចម្តងៗ។

យាយនួនឃើញដូច្នេះ ក៏នាំនាងទៅលេងអង្គរ នៅខេត្តសៀមរាប ទៅសំណាក់នៅផ្ទះមិត្តភក្តិជិតស្និទ្ធិនឹងខ្មោចប្តីគាត់ ឈ្មោះលោកបេង ជុន និងនាងស៊ីម៉ារ៉ា។ ទៅឃើញអង្គរបែជាឃើញដូច ឃើញខ្ទមចាស់កម្សត់មួយទៅវិញ។ លុះនាងឃើញ ព្រះពុទ្ធរូបមួយអង្គធំ នាងបួងសួងសុំឱ្យព្រះជួយនាងឱ្យ រួចពីក្រញាំរបស់ ណៃស៊ត។ បន់ព្រះមិនទាន់ផុតពីមាត់ផង ស្រាប់តែណៃស៊ត ដើរទៅឈរក្បែរនាងភ្លាម។ នាងខឹងខ្លាំង ទៅជាឈឺ ដោយស្របពេលនៅខេត្តសៀមរាបតែម្នាក់ឯង គ្មាននរណាម្នាក់យល់ពីដួងចិត្តនាង។ យាយនួន ឃើញកូនឈឺធ្ងន់ក៏នាំនាងវិលត្រឡប់មកស្រុកកំណើតវិញ។ តែទោះបីនៅ ឬចាកចេញ វិធាវីនៅតែមិនរសាយចិត្តសោះ។

ថ្ងៃរៀបការកាន់តែជិតចូលមកដល់ ហើយជំងឺរបស់នាងវិធាវី កាន់តែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃជាលំដាប់។ យាយនួន ហើយនឹងនាងថូជាម្តាយរបស់ណៃស៊ត បានទៅអញ្ជើញហោរា អារក្សអ្នកតា និងគ្រូអាចារ្យ មកស្រោចទឹកឥតដែលខាន តែជម្ងឺគ្រុននៅដដែល។

និយាយពី ប៊ុនធឿនវិញ។ អ្នកកម្លោះនេះ នឹកដល់វិធាវីគ្រប់ពេលវេលាដែរ ប៉ុន្តែអ្នកស៊ូឱបសេចក្តីទុក្ខ ដើម្បីឱ្យស្រីបានសុខ និងថ្កុំថ្កើនមុខមាត់។ ក្នុងឱកាសបុណ្យចូលឆ្នាំ អ្នកវិលទៅសម្រាកនៅភូមិកំណើត ទៅលេងព្រៃជាមួយនឹងតាសូ ហើយនឹងអ្នកស្រុក ប្រុសស្រីជាច្រើនទៀត ដើម្បីបំបាត់ទុក្ខ។ 

អ្នកស្រុកអ្នកភូមិកំពង់ព្រះ ចូលព្រៃរនាម ដើម្បីរកទឹកឃ្មុំ ចំណែកប៊ុនធឿន ចូលព្រៃរនាម ដើម្បីកំចាត់ជម្ងឺ ដែលកើតឡើងពីរឿងជិវិតស្នេហ៍។ ពេលយប់ក្នុងព្រៃស្រាប់ជួបពួកចោរ តែពួកគេបានរួចខ្លួនព្រោះពួកគេដឹងមុន ទើបប្រយុទ្ធជាមួយចោរបានជោគជ័យ។

ក្រោយពេលវិលពីព្រៃរនាមវិញ ប៊ុនធឿន សុំលាឪពុកម្តាយទៅលេងក្រុងបាត់ដំបង ក៏ដើរបង្ហួសទៅដល់វត្តពោធិក្នុង ស្រាប់តែឃើញមនុស្សអ៊ូរអរពាសពេញទាំងក្មេងទាំងចាស់។ ពេលចូលទៅដល់ស្រាប់តែ ឃើញរូបថតនាងវិធាវី ស្របនឹងមានក្តារមឈូស ទើបដឹងថាវិធាវីបាត់ងជីវិតបាត់ទៅហើយ ព្រោះវិបត្តិស្នេហ៍។ មុននឹងនាងស្លាប់ នាងបានបន្សល់ទុកនូវចិញ្ចៀនមួយវង់ និងសំបុត្រមួយឱ្យប៊ុនធឿន ជាគូម្ចាស់បណ្តូលចិត្ត៕

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩