ល្បែងទាញព្រ័ត្រ
![]() |
ល្បែងទាញព្រ័ត្រ (រូបភាពពី កោះសន្តិភាព) |
សមាសភាពនៃអ្នកលេង
ល្បែងនេះ គេចែកមនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹម៥នាក់ ឬ១០នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះ តែតាមទម្លាប់អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេ ឱ្យស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ហើយគេយល់ថា ភេទស្រីតែងមានកំលាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីឱ្យមានចំនួនច្រើនលើសប្រុស យ៉ាងតិចត្រឹម២នាក់ជាដរាប គឺបើខាងប្រុស៨នាក់ គេដាក់ខាងស្រី ១០នាក់។ គ្រឿងប្រដាប់សម្រាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រ ឬគេយក ពួរធ្វើពីជក់ដូងជាព្រ័ត្រសម្រាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោរឬគងម៉ង់ ឬរគាំង១ សម្រាប់ទះឬសម្រាប់វាយនៅពេលដែលទាញដំបូង។ របៀបលេង
មុនដំបូងគេរើសរកប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំមាំ កំលាំងច្រើន ឱ្យជាអ្នកឈរកាន់ចុងព្រ័ត្រគឺប្រុសកាន់ចុងម្ខាង ស្រីកាន់ចុងម្ខាង ហើយឱ្យប្រុសម្នាក់ ស្រីម្នាក់ទៀតមានមាឌធំមានកំលាំង ឈរកណ្ដាល ព្រ័ត្រ ត្រង់កន្លែងដែលពួកទាំងពីរឈរ សម្រាប់នាំពួកខ្លួនឱ្យខំទាញតែរៀងខ្លួន ឯមនុស្សដែលមានមាឌតូចៗស្គមៗ កំលាំងខ្សោយៗ គេឱ្យឈរកណ្ដាលគេ។ លុះរៀបចំរួចហើយ គេឱ្យមនុស្សប្រុសម្នាក់កាន់សំភោរ ឬ គងម៉ង់ឬក៏រគាំងឈរត្រង់កណ្ដាលទីជិតអ្នកទាំងពីរដែលកាន់ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែកឡើងព្រមគ្នាថា យក្សអរ(១) !.! ឮយ៉ាងខ្លាំងៗ ធ្វើសំឡេងវែងៗ រលាក់រលែកយ៉ាងគ្រលួច។ ឯអ្នកប្រុងទាញព្រ័ត្រទាំងប៉ុន្មានជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺយៗ ៣ដង ទើបនាំគ្នាទាញប្រុងយកជ័យជនះតែរៀងខ្លួន។ ក្នុងពេលពួកអ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញ អ្នកកាន់សំភោរ ឬគងម៉ង់ ឬរគាំង គេចេះតែបញ្ជើតសំភោរ ឬគងម៉ង់ ឬក៏រគាំងរឿងៗ ឮសូរតាក់ទីងៗ ឬម៉ូងៗ ម៉ឹងៗ ជាដរាប ទាល់តែឃើញចាញ់ឃើញឈ្នះម្ខាងៗ ទើបឈប់បញ្ឆើត។ ពេលលេងម្ដងៗ អស់ថិរវេលាពី ៥-៦ នាទី ដល់ ១០នាទីឡើងទៅទើបឃើញឈ្នះឃើញចាញ់ម្ខាងៗ។ កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារជាថ្មី ម្ខាងទៀត ដ៏រាបដល់ហត់តែរៀងៗខ្លួនទើបឈប់។ល្បែងនេះចាត់ទុកជាការហាត់កំលាំង ហាត់ប្រាណឱ្យរាងកាយមានកំលាំងមានសុខ ភាពល្អ។
Comments
Post a Comment