ល្បែងគ្របមាន់ (ឬល្បែងលាក់មាន់)​

ល្បែងគ្របមាន់ (ស្រុកខ្លះ គេហៅថា ល្បែងលាក់មាន់) ជាល្បែងកំសាន្តមួយយ៉ាងរបស់ពួក​កុមារាកុមារីជំទង់ៗ គ្រប់ភូមិស្រុក ទូទៅ​ទាំង​ប្រទេស កម្ពុជា ដែលតែងតែលេងនៅពេលទំនេរ ក្នុងវេលាយប់ខែភ្លឺ ។ អ្នកលេង​មាន​ស្រី​មាន​ប្រុស មានគ្នាតាំងពី ៥នាក់ ឬ១០នាក់ ម្ខាងឡើងទៅ ។ របៀបលេង​គេជ្រើសយកក្មេង​ប្រុស​ម្នាក់ និងក្មេងស្រីម្នាក់ ក្នុងបណ្តាពួកអ្នកទាំងពីរនោះ មក​គ្រប​សំពត់ ឬក្រមា ឲ្យជិត​ខ្លួនតាំង​ពី​ក្បាល ដល់ចុងជើង ដើម្បីកុំឲ្យស្គាល់ជា នរណា ហើយ​គេឲ្យ​ក្មេងពីរអ្នក នោះ ក្រាបបែរមុខរកគ្នា គឺខាងប្រុសតំណាងមាន់ឈ្មោល ខាងស្រីតំណាងមាន់ញី ។

របៀបលេង

សកម្មភាព​ក្នុង​ល្បែងគ្របមាន់
កាលក្រាបហើយគេឲ្យពូកខាងប្រុសម្នាក់ គោះខ្នងមាន់ខាងស្រីឲ្យរងាវ មាន់ខាងស្រីរងាវថា “កិកកិកែកឺត” ឡើង ដោយខំធ្វើសម្លេងឲ្យប្លែកពីធម្មតា ។ តែបើស្តាប់សូរមិនបានគេអាចគោះ ឲ្យរងាវបានបីដង ពួកខាងប្រុស ចាំស្តាប់សម្លេងមាន់ខាងស្រីនោះ ហើយគេទាយតាមឈ្មោះ មនុស្សស្រីដែលគេស្គាល់ ទាយហើយគេបើកគ្រប ឡើង បើត្រូវ គេយកមាន់មកទុកជារបស់គេ រួចហើយខាងស្រីគោះមាន់ខាងប្រុសឲ្យរងាវម្តង ។​មាន់ខាង ប្រុសរងាវ  ថា “កិកកិកែកឺត” ដូចគ្នា ។ ពួកខាងស្រីចាំស្តាប់សម្លេងមាន់ខាងប្រុសនោះហើយគេ ទាយតាម​ឈ្មោះមនុស្សប្រុស ដែលគេស្គាល់ បើខាងស្រីទាយត្រូវ ឮខាងប្រុស​គេយកមាន់​ខាងស្រី​ដែល​គេ​យក ទៅនោះម​ក​សងស្រីវិញ  តែបើខាង ប្រុសទាយខុស ខាងប្រុសគេយកមាន់ខាង​ស្រីនោះ​ទៅទៀត ។

ការទាយសម្លេងមាន់ ស្រេចលើខាងណាទាយត្រូវច្រើន គេបានមាន់ច្រើន ខាងណា​ទាយ​ខុសច្រើន ត្រូវបង់ ខាតមាន់ច្រើនដែរ ។​​ គេធ្វើរបៀបនេះទាល់តែម្ខាងៗ អស់មាន់ទាំងអស់ ឬ​អស់​​មាន់​ច្រើនជាង គេទុកជាចាញ់ ខាងណាបានមាន់ច្រើន គេទុកជាឈ្នះ ហើយគេរៀបចំ​ជា​ថ្មី​ឡើងវិញ ។ គេចេះតែធ្វើរបៀបនេះ ដរាបដល់ពេល ដែលគេសន្មត់គ្នាថាឈប់ ទើបលែងលេង​។

ល្បែងនេះ ជាល្បែងកំសាន្តមួយយ៉ាង សម្រាប់កុមារាកុមារីជំទង់ៗ លេងតាមសប្បាយ ដែល​ជាល្បែង ហាត់បញ្ញា ហាត់គំនិត ឲ្យប៉ិនប្រសប់ខាងស្តាប់ ខាងកាត់ប្រមាណ​តម្រូវតាម​សម្លេងរបស់មនុស្ស ៕

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩