ច្បាប់ប្រុស - បទព្រហ្មគីតិ


នេះបទព្រហ្មគីតិពីព្រេងព្រឹទ្ធទុកទូន្មាន
ចែងចងជានិទានទុកគ្រាន់មើលជាច្បាប់ថ្មី។
ឲ្យអស់កូនចៅក្រោយស្ដាប់កុំឲ្យភ្លេចស្មារតី
ប្រដៅទាំងប្រុសស្រីយកទុកខ្លួនគ្រប់អាត្មា។
ធម្មតាកើតជាមនុស្សទោះស្រីប្រុសក្រណាស់ណា
ក្រគិតក្នុងចិន្ដាឲ្យបានដឹងសមនិងគួរ។
នឹងអស់ញាតិសន្ដានសោះគេមានពាក្យថាជួ
កុំឆ្មើងកុំតែងតួធ្វើកំប៉ោងកុំពាក្យធំ។
នឹងដើរដូចភុជង្គឲ្យឱនអង្គអាចបារម្ភ
ឲ្យត្រូវនឹងច្បាប់ក្រមគួរប្រតិបត្តិកុំឲ្យឆ្គង។
រៀនបទរៀនបាទចាស៎កុំច្រឡាសលើរៀមច្បង
ស្រដីនឹងអ្នកផងពាក្យឲ្យគួរកុំឯងវ៉ី។
អឺអើអញដាច់សាច់ឆ្គង​ពាក្យពេចន៍​គេ​ស្រដី
ដើមដៀលឲ្យអប្រិយស្រដីថាកូនអត់ពូជ។
ចាស់ទុំមិនប្រដៅជេរកូនចៅទើបវាខូច
គេថាកូនឥតពូជមិនដឹងច្បាប់នឹងចាស់ទុំ។
គេដៀលដល់ម៉ែឪកេរ្តិ៍អាស្រូវស្អុយរហ៊ុំ
គេស្ដីដើមជៀវជុំជំនៀលនោះដល់មកចាស់។
កុំកាចកុំស្លូតពេកកុំចំអៀករៀនរហ័ស
កុំខ្លាចកុំហ៊ានណាស់ឲ្យរំពឹងរំពៃគ្រប់។
ទោះដេកឲ្យរហ័សភ្ញាក់មុនចាស់ដោះឡើងលុប
មុខមាត់មើលឲ្យគ្រប់ទ្រព្យរបស់សឹមដេកវិញ។
ស្លាម្លូស៊ីឲ្យច្រៀកកុំបីបៀកទាំងមូលមិញ
តូចធំឲ្យច្រៀកចេញតាមពាក្យចាស់ថាអភ័ព្វ។
ដេកយប់កុំដេកយូរហើយទទូរដូចគេងាប់
សំពត់ស្លៀកឲ្យខ្ជាប់កុំឲ្យអាក្រាតក្រៅខ្លួន។
នឹងដេកកុំទ្រមក់ឲ្យលង់លក់ក្រៅពីក្បួន
បើភ្ញាក់ឲ្យដឹងខ្លួនឡើងអង្គុយកុំមាត់ខ្លាំង។
ប្រែប្រាណប្រុងវិញ្ញាណខ្លាចក្រែងមានចោរចិត្តខ្មាំង
ប្រួញប្រាណប្របជញ្ជាំងជញ្ជូនទ្រព្យលួចយកចេញ។
បើឥតមោះមន្ទិលកុំឲ្យខ្ជិលដេកទៅវិញ
ភ្ញាក់ហើយឲ្យក្រោកចេញរកជក់ថ្នាំស៊ីម្លូស្លា។
ទោះពេលពន់ព្រលប់គន់ឲ្យគ្រប់ទ្រព្យនានា
កាំបិតខាងអាត្មាឲ្យសិតទឹកដាក់ចុងជើង។
ប្រអប់ដាក់ទឹមស្មាថ្វាយទេព្ពារក្សាយើង
ហើយឲ្យបំពក់ភ្លើងនៅក្រានក្រៅកុំឲ្យដាច់។
កុំឲ្យអស់រលីងរលត់ធេងហើយថាភ្លេច
សព្វថ្ងៃមើលកុំដាច់កុំដើរយកពីផ្ទះគេ។
ថែទាំមើលជើងក្រានឲ្យឧសមានកុំទំនេរ
បង្កាត់បង្កើតកេរ្តិ៍កុំប្រហែសឲ្យសូន្យសុង។
ប្រយ័ត្នក្រែងក្រងាយពុំសប្បាយឈឺពោះពុង
បង្កាត់កម្ដៅអង្គអុជបំភ្លឺមើលនេះនោះ។
មានកាលយប់ងងឹតភ្លេចមិនគិតជួនកូនចុះ
គ្មានភ្លើងអុជចន្លុះក្រានរលុះរលត់ធេង។
រត់រកភ្លើងសស្រាក់ព្រួយលំបាកតែខ្លួនឯង
ហេតុខ្ជិលពុំគិតក្រែងក្រយប់ថ្ងៃព្រួយដើរឆ្ងាយ។
ហើយឲ្យថែទាំទឹកទោះយប់ព្រឹកកុំគិតងាយ
ដងដាក់ក្អមរាត់រាយសព្វពួច ពាងអាងអុង ធំ។
កុំឲ្យស្ងួតក្អមធេងអស់រលីងពីពាងធំ
គ្មានសោះនោះមិនសមជួនក្រែងក្រងាយយប់ថ្ងៃ។
ទោះដើរទៅឆ្ងាយជិតកាន់កាំបិតកំដរដៃ
ក្រែងមានមែកឈើព្រៃកាប់កាន់មកធ្វើអុស។
ជួនកាលក្រែងមានបន្លាមុតអាត្មាគ្រាន់ចាក់ជួស
ជាគ្រឿងគ្រប់មិនខុសការសត្រូវទោះឆ្មាឆ្កែ។
ដើរព្រៃឲ្យមើលលើឃើញស្លឹកឈើជាបន្លែ
កាប់កាន់កុំដៃទេអង្គុយគន់មើលឆ្វេងស្ដាំ។
ក្រែងមានឈើព្រៃងាប់គួរកាច់កាប់យកជាថ្នាំ
ផ្ញើក្រានគ្រាន់ដណ្ដាំបាយបានឆ្អិនឆាប់ដូចចិត្ត។
សោះស្រីស្រដីបានបើអុសមានមិនព្រួយគិត
សព្វថ្ងៃប្រុងគំនិតថែទាំទើបគង់របស់។
មាសប្រាក់ស្រូវអង្ករទុកឲ្យល្អកុំសប្បុរស
សំចៃកុំឲ្យអស់មើលថែថួនខ្លួនឯងណា។
សូវស្ដួចកុំឲ្យដាច់បើវាតិចឲ្យឧស្សាហ៍
រិះរកផ្សំទៀតណាឲ្យបានច្រើនក្រវើន ទុក។
នឹងចាយឲ្យគិតក្រោយទោះនឹងឲ្យមើលមុខៗ
កុំឲ្យស៊ុកគ្រលុកទោះនឹងទុកឲ្យចំណាំ។
រដូវធ្វើចម្ការឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ
ស្លឹកគ្រៃខ្ញីត្រប់ត្រុំត្រាវត្រសក់សព្វបន្លែ។
កុំខ្ជិលកុំច្រអូសទៅងងូសរត់សុំគេ
គេមិនឲ្យឯងទេតែគឺមោះព្រោះខ្ជិលដាំ។
ទោះធ្វើស្រែចម្ការឲ្យឧស្សាហ៍មើលថែទាំ
កុំខ្ជិលកុំប្រចាំចបចូកជីកស្មៅវល្លិផង។
កុំឲ្យបង់កម្លាំងទោះខែប្រាំងប្រើឲ្យដង
ទឹកទៅស្រោចស្រង់ផងឲ្យលូតលាស់មានផ្លាផ្កែ។
ធ្វើការកុំគិតព្រួយខ្លួនឯងមួយកុំត្អូញត្អែរ
ខ្លាំងខ្សោយកុំឲ្យល្ហែខ្លាចតែនឿយហើយមិនធ្វើ។
ជាងយប់បិតឫស្សីត្បាញជាល្អីតៅកញ្ជើ
កុំឲ្យស្រីស្ដីលើឥតអំពើធ្វើលេងទៅ។
កុំទុកដៃទទេជាងទំនេរបោចស្មៅព្រៅ
ខាងផ្ទះខាងលំនៅឲ្យវាលកាលកើតសុខា។
ឲ្យមានក្ដីបារម្ភធ្វើស្រែកុំចោលចម្ការ
ដឹងដែកកាំបិតព្រាទុកឲ្យជាកុំឲ្យបាត់។
ដេកយប់ឲ្យរាំងទ្វារទ្រព្យជាៗប្រុងប្រយ័ត្ន
ត្រចៀកចាំកុំភ្លាត់កុំភ្លេចចោលមិនដឹងខ្លួន។
ប្រយ័ត្នប្រយោជន៍យូរទោះលក់ដូរមើលថែធួន
ទោះទ្រព្យរបស់ខ្លួនឲ្យសួរកូនសួរប្រពន្ធ។
កុំអាងឯងជាប្រុសចាយរបស់មិនគិតគន់
មិនដឹងដល់ប្រពន្ធព្រមព្រៀងគ្នាឥតបើថា។
ទោះបីបើបងប្អូនពឹងរកខ្លួនទៅណាៗ
ទោះទៅលេងឥតការឥតគេរកដើរឆ្ងាយជិត។
ឲ្យប្រាប់អ្នកនៅផ្ទះកុំរលះឥតគំនិត
គេភ័យព្រួយចិត្តគិតព្រោះមិនដឹងជាទៅណា។
បើទៅជាមានភ័ព្វប្រសើរគាប់នោះឥតថា
ប្រសិនពានពស់ខ្លាខ្យល់ចាប់ចុកឥតគេសម។
ទោះដើរមានដំណឹងឲ្យរំពឹងគិតបារម្ភ
នឹងដើរៗឲ្យសមយប់ព្រលប់ឲ្យមាត់ក។
កុំស្ងៀមកុំស្ងាត់ពួនលបលាក់ខ្លួនខ្លាចមិនល្អ
ឲ្យមើលឲ្យមាត់កដើរឲ្យស្មោះសោះគេថា។
ទោះខ្លួនជាប៉ុន្មានពាក្យសន្ដានរែងមុសា
គេម៉ៃ មកអាត្មាតាមដំណឹងដំណើរខុស។
កូនអើយបាកុំធ្លោយកុំធ្លាយឲ្យអាប់កេរ្តិ៍យស
ធម្មតាកើតជាប្រុសឲ្យរករៀនច្បាប់មាត្រា។
លោកថាហៅឆ្កួតបីមួយឆ្កួតស្រីមួយឆ្កួតស្រា
មួយឆ្កួតល្បែងពាលាលេងបៀរប៉ោធួ កំតាត់។
ទាក់មាន់ទាក់ទទាជល់ភ្នាល់គ្នាបរបាញ់សត្វ
អន្ទាក់ដាក់បង្កាត់ល្បែងអស់នោះមិនកំណើត។
ធម្មតាប៉ោនិងបៀមិនដែលខ្មែរណានឹងកើត
មិនឮមានកំណើតមានតែលិចលង់ខ្លួនទេ។
ជួនកាលគេចាញ់ឯងរៀងរាល់ល្បែងគេនឹងរេ
មានកាលឯងចាញ់គេកុំទុកចិត្តថាឯងប៉ិន។
ពីព្រឹកស្លៀកហូលជរល្ងាចស្លៀកសខ្វះចងក្បិន
ពីព្រឹកត្បកក្បាលចិនល្ងាចមិនទាន់ចិនដាក់ខ្នោះ។
ជួនកាលវាចងជើងព្យួរខ្ពស់ឡើងដាំក្បាលចុះ
ភ្នែកស្លឹងតឹងក្រញុះវាទារប្រាក់ឲ្យបានឆាប់។
មើលមុខល្អមិនតិចអីមិនខ្មាសស្រីផ្សារឈរស្ដាប់
មុខមិញដូចគេស្ដាប់មាត់ស្ញេញស្ញាញពេបកូនក្មេង។
ស្រែកថ្ងូរអេះអូយអឺយអាចិកអើយអាណិតលែង
អញរកប្រាក់ឲ្យឯងឲ្យអាចិកស្អែកនេះបាន។
ចិនឮព្រមស្រាយមកបណ្ដើររកប្រាក់សន្ដាន
តឹងទារទាល់តែបានទ្រព្យឲ្យទៅទើបវាលែង។
អ្នកអាយអ្នកអើយកុំគួរបារម្ភរាល់តែល្បែង
កុំលកុំលូកលេងគួរឲ្យវាងឲ្យវៀរសោះ។
កុំឈរកុំឈប់ចិត្តក្រែងមិនអត់បង់កេរ្តិ៍កោះ
កុំល្បងល្បែងនោះសោះគួរឲ្យដោះឲ្យដើរចេញ។
ច្បាប់នេះចាំរាល់ខ្លួនទោះបងប្អូនមិត្តសម្លាញ់
ពឹងខ្លួនឯងឲ្យចេញធានាទ្រព្យគេយកទៅ។
ឯទ្រព្យបានទៅវាឯងធានាស្រាប់តែនៅ
វាបានទ្រព្យយកទៅខ្លួនឯងនៅធានាស្រាប់។
ដល់គេមកតឹងទារអ្នកធានាក៏បានឆាប់
មិនបានគេប្រចាប់ទៅជាខ្ញុំព្រោះធានា។
ទោះបងប្អូនធុរៈក្រជំពាក់គេតឹងទារ
បើមានទ្រព្យជួយជាកុំធានាណា៎អ្នកអាយ។
កូនអើយចូរបាចាំឪពុកផ្ដាំកុំបីណាយ
ប្រយ័ត្នរាល់រូបកាយកុំឲ្យភ្លេចពាក្យនេះណា។
មួយទៀតហៅឆ្កួតស្រីគួរកុំបីសេពកាមា
វាតែងទាញអាត្មានាំវង្វេងភ្លេចបាបបុណ្យ។
ភ្លេចទានសីលសូន្យសោះភ្លេចឃ្នាងខ្នោះដល់ជីពជន្ម
ភ្លេចទោសភ្លេចទាំងគុណភ្លេចទាំងការកាន់រសាយ។
បង្កើតតែទុក្ខទោសបើបានសុខសឹងប្រែក្លាយ
បង្កើតក្ដៅក្រហាយឲ្យទាស់តែងខឹងនឹងគ្នា។
ចងទោសគុំគង្គួនមិនគិតខ្លួនខ្លាចមរណា
មានកាលក្មួយនិងមាគុំធ្វើគ្នាឲ្យសោះសូន្យ។
បង្កើតតែចិត្តធំចៅគំនុំនឹងជីដូន
ឯបងខឹងនឹងប្អូនម្ដាយនិងកូនគុំធ្វើគ្នា។
រីខ្ញុំគុំកាប់ម្ចាស់ឲ្យក្ដៅណាស់ក្នុងអង្គា
កើតទោសខឹងនឹងគ្នាជាគំនុំពុំត្រាស្បើយ។
មានកាលគេដាក់ឃ្នាងវាមិនរាងចាលចិត្តឡើយ
លក់ព្នៃ ខ្ញុំគេហើយមិនខ្លាចស្លាប់ដល់អាត្មា។
គេកាប់ដោតទាំងក្បាលមិនចេះចោលចិត្តឡើយណា
ភ្លេចខ្លួនសូន្យសោះណានឹកតែត្រង់សេពសប្បាយ។
រីឯកាមកិលេសកុំប្រហែសគួរឲ្យណាយ
ស្អិតណាស់ណាអ្នកអាយអ្នកអើយកុំគិតសង្ស័យ។
នេះឯងហៅឆ្កួតស្រីគួរកុំបីឲ្យអាល័យ
ចូរចងចាំសព្វថ្ងៃទុកទូន្មានអង្គអាត្មា។
អ្នកប្រាជ្ញលោកនិទានទុកទូន្មានរាល់រូបា
មួយហៅឆ្កួតសុរានោះកុំផឹកវាស្រវឹង។
វានាំភ្លេចវិញ្ញាណភ្លេចសីលទានសោះសូន្យឈឹង
ផឹកហើយមិនដែលនឹងនាំចិត្តនោះឲ្យធំក្រៃ។
ឯខ្លួនឯងតូចទេមើលទៅគេប៉ុនមេដៃ
កម្លាំងឯងស្មើនឹងចៃមិនកោតគេតិចឡើយណា។
ក្អេងក្អាងពាក្យកក្អែអួតពូកែបទបានស្រា
មិនមានខ្លាចនរណាស្រដីកោងរកកលឈ្លោះ។
បញ្ជោរបញ្ចៀសផ្ដាសជេរវាងវាសមិនចំឈ្មោះ
នាំហេតុតែខាងឈ្លោះឆ្លើយឆ្លងពាក្យឲ្យបានទាក់។
ប្រពន្ធឃើញឃាត់ទៅប្ដីមិនត្រូវថាកុំអ្នក
ឯងខឹងលោវាធាក់ដោយចិត្តធំបទបានស្រា។
មានកាលជួនស្រវឹងពុំមានដឹងខ្លួនឡើយណា
ដើរដួលដេកផ្កាប់ផ្ងារស្រាតសំពត់អស់ពុំដឹង។
គេឃើញអស់ខ្មាសខ្ញុំក្មេងជៀវ ជុំសើចទ្រហឹង
ដេកដូចគេស្លាប់ឈឹងក្អែរក្អួតពាសពេញទាំងខ្លួន។
កំណើតអ្នកផឹកស្រាកុំអួតថាឯងនឹងនួន
ដឹងហើយស្រវឹងបួនខ្លួនខ្សត់ទេអួតថាមាន។
អ្នកស្លូតទៅជាកាចឯងអ្នកខ្លាចទៅជាហ៊ាន
ខុសត្រូវទៅបំពានបំពុលខ្លួនឲ្យបានបាប។
នេះឯងហៅឆ្កួតស្រាក្នុងធម៌ថាពៀរដរាប
អ្នកណាផឹកហើយបាបបង់កិត្តិយសពុំសួស្ដី។
គួរកុំសេពសុរានាំអាត្មាឲ្យអប្រិយ
នឹងធ្លាក់ទៅអវចីនរករងទុក្ខវេទនា។
ហៃអស់ជនទាំងឡាយកុំរាយមាយក្នុងអង្គា
ចូរស្ដាប់ច្បាប់នេះណាទុកទូន្មានខ្លួនសព្វថ្ងៃ។
នេះឯងហៅឆ្កួតបីលោកស្រដីក្នុងធម៌ថ្លៃ
បើអ្នកណាមួយនៃនឹងប្រាថ្នាដោយចំណង។
លោកចងជាឧបមាឲ្យអ្នកណាមួយផ្ចិតផ្ចង់
យកដែកដុលបោះបង់ក្នុងភ្លើងប្រាណឆេះច្រាលឆ្អៅ។
បើកាន់ដែកដែលដុតនោះមិនមុតមិនមានក្ដៅ
កាន់បាននោះទើបហៅចិត្តមុតមែនពិតគិតប្រាណ។
នោះទើបលោកឲ្យធ្វើនូវអំពើទាំងបីបាន
ដោយធម៌បុរាណលោកឧបមាដូច្នេះនា។
ចាត់ចែងតែងជាបទព្រហ្មប្រាកដកាលបិតា
ប្រដៅខ្ញុំនេះណាសព្វសេចក្ដីដូច្នេះនៃ។
កិច្ចកាព្យរាយរៀបរោះខ្ញុំនាមឈ្មោះបណ្ឌិត មៃ
គិតចងជាសេចក្ដីប្រដៅជនចប់ម្ល៉េះហោង៕


Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩