អត្ថន័យនៃរបាំត្រុដិ
ពាក្យ ត្រុដិ ជាពាក្យសំស្រ្កឹត ប្រែថា ដំណើរកាត់ ឬការផ្តាច់។ ពាក្យនេះក្លាយទៅជាពាក្យ ត្រស្តិ ដែលកាលពីសម័យមុនមានរៀបពិធីបញ្ជាន់ត្រស្តិ ក្រោយមកហៅថាពិធីសូត្រភាណយក្ខ។ របាំនេះ ប្រជារាស្ត្រខ្មែរនោខេត្តសៀមរាប ឧត្តរមានជ័យ និងបន្ទាយមានជ័យ និយមសម្តែងណាស់ក្នុងពេលចូលឆ្នាំ និងពេលមានសត្វព្រៃរត់ចូលភូមិ។ គេលេងរបាំនេះក្នុងពេលចូលឆ្នាំ គឺជាពេលកំណត់យកនូវការកាត់ផ្តាច់ឱ្យដាច់ស្រឡះ នូវឧបទ្រពចង្រៃ ដែឡកើតមានពីឆ្នាំចាស់កន្លងមកហើយនោះ គេត្រូវប្រសិទ្ធិនូវសព្វសាធុការពរក្នុងឱកាសចូលឆ្នាំវិញ តាមរយៈការសម្តែងរបាំត្រុដិ។ ម្យ៉ាងទៀត បន្ទាប់ពីមានសត្វព្រៃរត់ចូលស្រុក គឺសម្រាប់កាត់ផ្តាច់ចេញឱ្យអស់ នូវឧប្បត្តិហេតុចង្រៃ ដែលនឹងអាចកើតមាននៅពេលខាងមុខនៅក្នុងភូមិរបស់គេ។ គេហៅពិធីនេះថា ពិធីឡើងភូមិ។
បន្ទាប់មកមានអ្នកដើរតួ ជាសត្តប្រើសម្នាក់ ដោយពាក់ក្បាលរូបប្រើសជាសញ្ញា ម្នាក់ទៀត ដើរតួជាព្រានដែលកាន់ស្នា ស្ពាយបំពង់ព្រួញដើរទៅរកប្រើស ដែលកំពុងឆ្លេឆ្លារត់គេចពីការបរបាញ់។ ប្រើស គឺតំណាងឱ្យគ្រោះចង្រៃឧបទ្រព រីឯព្រានជាអ្នករំដោះគ្រោះ។
តួបន្ទាប់បន្សំមានដូចជា
ការសម្តែង និងការតុបតែង
គេដើរដង្ហែជាក្បួនទៅមុខដោយមានអ្នកកាន់ដង និងម្នាក់ជាអ្នកនាំផ្លូវ។ ក្បួននេះ គេធៀបដូចជាអ្នកហែទាំងអស់ជិះរទេះ ព្រោះដងជានិមិត្តរូបចន្ទោលទេ។ នៅដងគេបានចងថង់សម្រាប់អង្គាសប្រាក់។ អ្នកស្រុកឈរទស្សនា តែមានសទ្ធាដាក់ប្រាក់ទៅក្នុងថង់ ព្រោះគេយល់ថា គ្រោះដែលនឹងអាចកើតមានក្នុងឆ្នាំថ្មី ខាងមុខនេះ នឹងឃ្លាតចាកដោយការសាងកុសល ថង់លុយនេះនឹងក្តោបយកគ្រោះចង្រៃ ចេញអស់ពីក្រុមគ្រួសាររបស់គេ និងរូបគេផ្ទាល់។បន្ទាប់មកមានអ្នកដើរតួ ជាសត្តប្រើសម្នាក់ ដោយពាក់ក្បាលរូបប្រើសជាសញ្ញា ម្នាក់ទៀត ដើរតួជាព្រានដែលកាន់ស្នា ស្ពាយបំពង់ព្រួញដើរទៅរកប្រើស ដែលកំពុងឆ្លេឆ្លារត់គេចពីការបរបាញ់។ ប្រើស គឺតំណាងឱ្យគ្រោះចង្រៃឧបទ្រព រីឯព្រានជាអ្នករំដោះគ្រោះ។
តួបន្ទាប់បន្សំមានដូចជា
- តួយក្ខបីរនាក់ ពាក់មុខយក្ខ ឬមុខងោះ
- តួស្រីព្រាយក្រចកវែងពីរនាក់ (ពាក់ក្រចកសិប្បនិមិ្មតវែងៗ គ្រប់ម្រាមជានិមិត្តរូប)
- តួសត្វក្ងោកពីរនាក់ ដែលស្លៀកពាក់តាមទំនៀមខ្មែរ នៅដៃឆ្វេងស្តាំកាន់កន្ទុយក្ងោកជានិមិត្តរូប។ ខ្មែរយើងច្រើននិយមថា តួយក្ស និងព្រាយ ជាតួតំណាងឱ្យភាវៈអាក្រក់។ ប៉ុន្តែ បែជាស្រុះស្រួលគ្នាជួយកំចាត់ប្រើស ពីព្រោះ មុននឹងចេញបរបាញ់ ព្រានព្រៃតែងរៀបចំសំណែន និងនិយាយលួងលោមពួកទាំងនេះជានិច្ច
- តួអ្នកកាន់កញ្ចែ ចំនួនពីពីរនាក់ទៅប្រាំមួយនាក់។ តួនេះអ្នកគោះ បុកចង្វាក់ ដើម្បីលម្អក្នុងវង់របាំ ហើយក៏មានន័យថាជាព្រៃព្រឹក្សា អារុក្ខទេវតាអ្នកតា ដែលជួយជ្រោមជ្រែងស្ទាក់ប្រើស ដើម្បីឱ្យព្រានបាញ់បាន
- តួជាក្រុមតន្ត្រីករ មានអ្នកកាន់ស្គរ ទ្រសោ ទ្រអ៊ូ ប៉ី ជាអ្នកច្រៀង (តិចឬច្រើន ទៅតាមសភាពជាក់ស្តែង)។
គ្រឿងភ្លេង និង ឧបករណ៍ សម្តែង
- កញ្ឆារ: ដងធ្វើពីឬស្សីពីងពង់ប្រវែង ២ ម៉ែត្រ មានបន្ទះរនាបតូចឆ្មារ ភ្ជាប់នៅចុង ហើយខ្វែងគ្នាពត់ង ទន្ទាំងមានសណ្ឋានដូចស្នែងបួន។ នៅចុងបន្ទះរនាប មានចងខ្សែខ្វែង ពីចុងមួយទៅចុងមួយ ហើយត្រង់កណ្តាលខ្សែ ខ្វែងនេះមានបណ្តោងផ្លែអង្គញ់ ដែលចោះយកគ្រាប់ចេញអស់ហើយ ដាក់គ្រាប់គ្រួស រឺ កំទេចដែកនៅក្នុងនោះ ប្រយោជន៏អោយលឺសូរ កាលណាគេបុកដងវាទៅនឹងដីតាមចង្វាក់ស្គរ
- ចង្ក្រង់ដំបែ: ចង្ក្រង់ចងបន្តោងនឹងខ្សែទាមគោ ហើយចងភ្ជាប់នឹងដងឬស្សីដែរ កាលណាគេបុកនឹងដីក៏លឺ សូរប្រាវៗតាមចង្វាក់
- ចង្ក្រង់រ៉ូង: ចង្ក្រង់នេះគេព្យួរនឹងចង្កេះមនុស្សតែម្តង ដោយចងគួបគ្នាជាចង្កោមផង
- ស្គរអារក្ស: គឺស្គរធ្វើអំពីដីដុតពាសស្បែកពស់ថ្លាន់
- ប៉ីពក ទ្រអ៊ូ ទ្រសោ
- សន្ទូច: ដងធ្វើពីឬស្សី ពីងពង់ មានសណ្ឋានដូចដងសន្ទូច មានព្យួរថង់មួយសំរាប់ទទួលវត្ថុ ឬ ប្រាក់ដែលជាទាន។
![]() |
ក្រុមរបាំត្រុដិ សំដែងនៅមុខបរិវេណប្រាសាទបាយ័ន (រូបភាពី វិទ្យុអាស៊ីសេរី) |
អត្ថបទពី៖ សំណួរចម្លើយវប្បធម៌ទូទៅ
រៀបរៀងដោយ សាស្ត្រាចារ្យ ឡុង សារិន
Comments
Post a Comment