ប្រភេទអក្សរសិល្ប៍ពាក្យរាយ


ប្រភេទអក្សរសិល្ប៍ពាក្យរាយ​មានដូចជា៖
  • រឿងពិត
  • រឿងប្រឌិត
  • និទានតថកថា
  • ពិតកថា
  • តំនាលកថា
  • ប្រលោមកថា
  • ជាតកកថា
  • សុភាសិត
  • ពាក្យស្លោក
  • ពាក្យបណ្តៅ

រឿងពិត

គឺជា​រឿង​ដែល​អ្នក​និពន្ធ​យក​តែ​ព្រឹត្តិការណ៍​ ទីកន្លែងពិត មនុស្សពិត​មកនិយាយ ដោយគ្មានបំភ្លៃ​ឡើយ។

រឿង​ប្រឌិត​

ជារឿង​ដែល​កើតឡើង​ពី​មនោគតិ​របស់​អ្នកនិពន្ធ​។ រឿង​ប្រឌិត​លើកឡើង​ពីបញ្ហា​មនុស្ស​ និងជីវិត​មនុស្ស។ តាម​ធម្មតា​អ្នកនិពន្ធ​តែរឿង​ប្រឌិត​ ដោយផ្អែក​លើព្រឹត្តិការណ៍​ដែល​មាន​ពិត​ក្នុងជីវិត​ជាក់ស្តែង។ ដូចនេះ ជួន​កាល​តួអង្គ​ និងព្រឹត្តិការណ៍​រឿង​ប្រឌិត ក៏​មាន​លក្ខណៈ​ហាក់​ដូចជារឿង​ពិតដែរ។ រឿង​ប្រឌិត​ច្រើនតែឆ្លុះ​បញ្ចាំង​សំណូមពរ​របស់​ប្រជាជន។
រឿង​ប្រឌិត​មាន​ច្រើ​ប្រភេទដូចជា​ប្រឌិត​កថា នវកថា និង​តំណាលកថា​ប្រជា​ប្រិយ។ តំណាល​កថា​ប្រជាប្រិយ​ចែកជា ទេវកថា ព្រេងកថា និទានកថា និង​ល្បើកកថា
  • ព្រេងកថា គឺជា​ប្រភេទ​តំណាល​កថា​ប្រជាប្រិយ។ ព្រេងកថាផ្អែកលើ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជានិច្ច។ តួអង្គព្រេងកថា​មាន​ទំនាក់ទំនង​តិច ឬច្រើន ជាមួយនឹង​វិរបុរស​ជាតិ​ជានិច្ច។ ឧទាហរណ៍ រឿង​ព្រះថោងនាងនាក រឿង​អ្នក​តាឃ្លាំងមឿងជាដើម​។
  • ទេវកថា គឺជាផ្នែក​មួយ​នៃ​ប្រឌិតកថា។ ទេវកថា គឺដំណាល​កថា ស្តីពីការ​យល់ដំបូង​របស់​មនុស្ស ពីប្រភព​កំណើត​អាទិទេព ទេវៈ អ្នកតា មនុស្ស សត្វ​ រុក្ខជាតិ បាតុភូតធម្មជាតិ និងប្រភពពិធធីគោរពបូជាផ្សេងៗ នៅក្នុងប្រពៃណី​នីមួយៗ។ ឧទាហរណ៍​ រឿងអ្នកតាទឹកអ្នកតាភ្នំ រឿងឃ្លោក​អស្ចារ្យ ជាដើម។
  • ល្បើក​កថា ជាប្រភេទមួយនៃ​តំណាលកថាប្រជាប្រិយ​ បក​ស្រាយ​តាមរយៈ​រឿង​តម្លៃជីវិត។ គតិនេះអាច​ចងជាស្លោក ឬសុភាសិត​បាន។ គេ​អាច​និយាយ​ម្យ៉ាងទៀត​ថា ល្បើកកថា គឺជា​សុភាសិតខ្នាតវែង។ ល្បើក​កថា​មាន​លក្ខណៈវិនិច្ឆ័យ​ដូចតទៅ
    • តួអង្គ​អាចជាមនុស្ស សត្វ ឬអមនុស្ស
    • រឿងមានទំហំខ្លី
    • រឿង​សុទ្ធតែ​ជាគតិនៃជីវិត​ ដែលអាច​លើកជាពាក្យ​ស្លោក ឬ​សុភាសិត​បាន។

និទាន​តថកថា

ជាតំណាល​កថា​ដែលនិយាយ​អំពីព្រឹត្តិការណ៍​ហាក់ដូចជាពិត ឬកើតឡើង​ជាក់ស្តែងនៅក្នុងសង្គម​មនុស្ស។ ឧទាហរណ៍​ រឿង​មិត្ត​សាមិត ជារឿង​ប្រឌិត​តថកថា ព្រោះតួអង្គ​ទាំងឡាយ និងព្រឹត្តិការណ៍​នៃរឿង​នេះ ជា​ការ​ប្រឌិត​របស់​អ្នកនិពន្ធ ហើយព្រឹត្តិការណ៍​នៅក្នុងរឿង​បាន​ឆ្លុះ​បញ្ចាំង​ពីជីវភាពជាក់ស្តែង របស់​កសិករខ្មែរនាសម័យ​នោះ។

អំពី​ពិតកថា

ជារឿង​ដែល​អ្នក​និពន្ធ​លើកយក​ព្រឹត្តិការណ៍​ពិត​មកនិយាយដោយគ្មានបំភ្លៃ​ ឬបកស្រាយ​យោបល់​លើ​បញ្ហាអ្វីមួយ​។ ពិត​កថាមាន​ច្រើនប្រភេទដូចជា៖
  • ជីវប្រវត្តិ​កថា (គឺជាផ្នែក​មួយ​នៃពិតកថា ដែលអ្នក​និពន្ធ​បាន​សរសេររៀប​រាប់​អំពី​ជីវិត​ពិត របស់​មនុស្ស​ម្នាក់)
  • ស្វ័យប្រវត្តិ​កថា 
  • និង​បទសាកល្បងជាដើម។

តំនាលកថា

គឺជារឿងដែលមានប្រភព​ចេញមកពី​ការ​និទានតៗគ្នា របស់​ប្រជាពលរដ្ឋ ពីតំបន់មួយ​ទៅតំបន់មួយ ពីមជ្ឈដ្ឋានមួយ ទៅ​មជ្ឈដ្ឋានមួយទៀត ហើយ​មានលក្ខណៈ​សាមញ្ញងាយ​យល់ស្រួល​ស្តាប់។ ឧទារណ៍ រឿ​ងដូចជា រឿង​ចចក និងកំពឹស រឿងចៅជីក្តាម រឿងចៅកាំបិតបន្ទោះ រឿងមាយាស្ត្រី និងរឿងសំលាញ់ពីរនាក់។

ប្រលោមកថា

ក្នុងរឿង​មាន​ចំនោទបញ្ហា កាលអាកាស តួអង្គ មូលន័យ ដូចតំនាលកថាដែរ តែ​វា​កើត​ក្រោយ​តំនាល​កថា ជាទំហំរឿង​វែង​ អានចប់​ក្នុង​ពេលយូរ មាន​ចំនោទបញ្ហា​សាំញាំ អាច​ចែក​ជា​ផ្នែកតូចៗ មានតួអង្គច្រើន និង​កាលអាកាស​ច្រើន។ 

រឿង​ជាតក 

គឺជារឿងដែលដកស្រង់ចេញពី គម្ពីរ​របស់​ព្រះពុទ្ធសាសនា ហើយដែលដំណើររឿង​និយាយ​ទាក់ទង​យ៉ាងជិតស្និទ្ធ​ ទៅនឹង​ជីវិត​នៃ​ការ​សាង​បារមី​របស់​ព្រះ​ពោធិសត្វ។ ក្នុងនោះ​មាន​គម្ពីរ​ទសជាតក និង​គម្ពីបញ្ហាសជាតកជាដើម។ ឧទាហរណ៍​ដូចជារឿងព្រះ​វេស្សន្តរជាតក រឿង​សុវណ្ណសាមជាតក រឿង​តេបិយជាតក រឿងវិធូរបណ្ឌិតជាតក។

សុភាសិត 

ជាសំនួន​ប្រជាប្រិយខ្លីៗ ដែល​មានលក្ខណៈ​ជាការអប់រំទូន្មាន​ ជួន​កាល​មាន​តំលៃ​សកល អាច​បកស្រាយបាន​យ៉ាងទូលំទូលាយ តាមន័យ​ចំ និងន័យ​ធៀប។​ ឧទាហរណ៍​ ម្រឹកទាំងឡាយមិនដែលបោលចូល​មាត់​សីហៈដែល​ដេកលក់ទេ ការងារ​ជាឃ្លាំងទ្រព្យ សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់ ជាដើម។

ពាក្យស្លោក

គឺជាពាក្យ​សម្រាប់ជាមធ្យោបាយ​ឃោសនា​បញ្ចុះ​បញ្ចូល​មហាជន។ ពាក្យស្លោក​ច្រើន​មានន័យ​ត្រង់ៗ ងាយចងចាំខុសពីសុភាសិត។​ ឧទាហរណ៍ ថ្ងៃនេះថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់​ចរាចរណ៍។

ពាក្យបណ្តៅ

ជាប្រយោគខ្លី ដែល​មាន​បង្កប់អត្ថន័យ ពន្យល់អំពីពាក្យ​មួយ​ផ្សេងទៀត។ ឧទាហរណ៍ ដើមវាប៉ុនទៀន​ ស្លឹកលៀនប៉ុនថាស (ឈូក)។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩