រសៀលគងភ្នំ - លោក ស៊ីន ស៊ីសាមុត
I) រសៀលគងភ្នំចិត្តយំមិនចេញ ចិត្តបងទន្ទេញតែឈ្មោះបុប្ផា
ស្រឡាញ់អូនណាស់ណាម្ចាស់ចិន្តា សេចក្ដីស្នេហាថ្លៃថ្លាកន្លង។
II) វាចាភ្នែកស្រីស្តីប្រាប់រឿងពិត ប្រាប់ថាស្នេហ៍ស្និទ្ធពិតលើរូបបង
រៀមយល់ច្បាស់ហើយណាស្រស់នួនល្អង តែកម្មពៀរបងចង់ពីអតីត។
III) ស្ដាយអើយសែនស្ដាយស្ដាយក្លិនបុប្ផា ស្ដាយចិត្តស្នេហាមិនបានរួមរឹត
ព្រោះបងមានគូប្រចាំជីវិត មិនអាចក្បត់ចិត្តខ្លាចកម្មវេរា។
IV) បុប្ផាក្រពុំបងមិនហ៊ានបេះ មិនហ៊ានប្រឡេះខ្លាចផ្កាវេទនា
ស្រឡាញ់អូនណាស់ស៊ូទ្រាំគ្រាំគ្រា ជាតិក្រោយប្រាថ្នាជួបផ្កាម្ចាស់ស្នេហ៍។
Comments
Post a Comment